មន្រ្តីសេតវិមានបានបញ្ជាក់កាលពីថ្ងៃសុក្រថា ផែនការសម្រាប់សន្និសីទកំពូលមួយដែលមិនធ្លាប់មានកាលពីពេលមុនរវាងមេដឹកនាំសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងស្ថិតនៅតាមការគ្រោងទុកដដែលហើយមន្រ្តីសេតវិមានក៏បានប្រាប់ឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការទាក់ទងគ្នាដោយផ្ទាល់អំពីបញ្ហានេះ។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលប្រធានាធិបតីត្រាំ បានចាត់ទុកឱកាសនៃជំនួបដែលកើតមានឡើងថា «ដូចជាទំនង»ដោយធ្វើការពន្យល់ថា «មានអន្តរទីភ្នាក់ងារហើយនិងដំណើរការដែលបានធ្វើឡើងយ៉ាងតឹងតែងដែលបានធ្វើឡើងអស់ រយៈពេលជាច្រើនសប្តាហ៍នៅពេលឥឡូវនេះ»។
មន្រ្តីនោះក៏បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីផែនការពិភាក្សាដោយផ្ទាល់ជាមួយពួកមន្រ្តីកូរ៉េខាងជើងថា តាមនិយមន័យ ការទាក់ទងនោះត្រូវតែធ្វើឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យយើងប្រុងប្រៀបរៀបចំសន្និសីទកំពូលនោះឲ្យបានជោគជ័យ»។
សន្និសីទកំពូលដែលគេរំពឹងទុកនោះក៏នឹងក្លាយជាប្រធានបទនៃការពិភាក្សាដ៏សំខាន់មួយនៅសប្តាហ៍ក្រោយនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្វើជាម្ចាស់ផ្ទះរៀបចំទទួលលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នៅឯកន្លែងលំហែកាយឯកជនរបស់ប្រធានាធិបតីក្នុងទីក្រុង Mar-a-Lago រដ្ឋ Florida ចំពោះអ្វីដែលពួកមន្រ្តីហៅថា «ដំណើរទស្សនកិច្ចការងារ»។
ជប៉ុនស្ថិតនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិកដែលមានការជ្រួលច្រាលបំផុតអំពីសន្និសីទកំពូលរវាងប្រធានាធិបតី ត្រាំ និង គីម ជុងអ៊ុន ដែលព្រួយបារម្ភថា ផលប្រយោជន៍ជាតិរបស់ខ្លួនមិនត្រូវបានពិភាក្សាឲ្យបានគ្រប់គ្រាន់ ប្រសិនបើកិច្ចព្រមព្រៀងខាងសន្តិសុខមួយបានត្រូវធ្វើឡើងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនោះ៕