មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងមាន ឆន្ទៈចង់ចរចាជាមួយសហរដ្ឋអាមេរិកអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ទាំងនេះគឺជាសញ្ញាបង្ហាញជាលើកដំបូងដែលថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នៅតែមានបំណងជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់តាំងពីកូរ៉េខាងជើងបានស្នើលើកដំបូងកាលពីខែមុន ឲ្យមានកិច្ចប្រជុំកំពូលនេះ។ លោក ត្រាំ បាននិយាយថា លោកចង់ជួបជាមួយលោកគីម ជុងអ៊ុន មុនដំណាច់ខែឧសភា។
មិនទាន់មានព័ត៌មានលម្អិតស្តីពីកិច្ចពិភាក្សា រួមទាំងរបៀបវារៈនិងទីកន្លែងពិតប្រាកដនោះទេ។ ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយថា មានទំនាក់ទំនងសម្ងាត់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងរដ្ឋាភិបាលព្យុងយ៉ាង។ លោក ត្រាំ បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ កាលពីអតីតកាល កូរ៉េខាងជើងបានសន្យាបិទកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងជំនួយស្បៀងអាហារនិងបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ ការសន្យាទាំងនោះសុទ្ធតែបរាជ័យ។
លោក Harry Kazianis ប្រធានផ្នែកសិក្សាស្តីពីវិស័យការពារនៅមជ្ឈមណ្ឌលដើម្បីផលប្រយោជន៍ជាតិនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កូរ៉េខាងជើងនឹងធ្វើការទាមទារលក្ខខណ្ឌមួយចំនួនដើម្បីឱ្យមានកិច្ចចរចាហើយថា ការទាមទាររបស់ប្រទេសកុម្មុយនិស្តឯកោនេះក្នុងការព្រមព្រៀងបោះបង់អាវុធនុយក្លេអ៊ែរនឹងជាលក្ខខណ្ឌមានតម្លៃខ្ពស់៕