កងកម្លាំង FBI បានឆ្មក់ចូលការិយាល័យរបស់លោក Michael Cohen ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងបានរឹបអូសឯកសារមួយចំនួន រួមទាំងឯកសារពាក់ព័ន្ថនឹងការចោទប្រកាន់ករណីរឿងអាស្រូវស្នេហាលួចលាក់របស់លោក Trump ជាមួយនឹងតារាភាពយន្តវ័យក្មេង។ នេះបើយោងតាមសេចក្តីរាយករាណ៍របស់កាសែត The New York Times។
មេធាវីរបស់លោក Cohen គឺលោក Stephen Ryan បានថ្លែងថារដ្ឋអាជ្ញាសហព័ន្ធបានទទួលដីកាចុះឆែកឆេរ បន្ទាប់ពីមានការអះអាងបញ្ជាក់ពីរដ្ឋអាជ្ញាពិសេសលោក Robert Mueller។
លោក Ryan បានចាត់ទុកការចុះឆែកឆេរនេះថាជា «ទង្វើមិនសមស្រប និងមិនចាំបាច់»។
កាសែត The New York Times បានរាយការណ៍ថាភ្នាក់ងារ FBI បានរឹបអូសយកឯកសារទាក់ទងរវាងលោក Cohen និងលោក Trump។
លោក Cohen បានចំណាយប្រាក់ទៅឲ្យតារាភាពយន្តអាសអាភាសឈ្មោះ Stormy Daniels ចំនួន១៣ម៉ឺនដុល្លារ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ដើម្បីបំបិទមាត់កុំឲ្យនាងបន្តចោទប្រកាន់ទំនាក់ទំនងអាស្រូវជាមួយលោក Trump ។
លោក Trump បាននិយាយថាលោកមិនបានដឹងពីការបង់ប្រាក់នេះទេ ដែលការណ៍នេះបានធ្វើឲ្យអ្នកជំនាញច្បាប់មួយចំនួនជឿថាអាចជាការចូលរួមចំណែកធ្វើយុទ្ធនាការខុសច្បាប់៕