កិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងមួយដែលមានប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកចំនួន១២ជាសមាជិក រួមមានសហរដ្ឋអាមេរិកផងដែរ។ ប្រទេសទាំងនេះគ្របដណ្តប់៤០ភាគរយនៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (ផលិតកម្មទំនិញនិងសេវាកម្ម)។
លោក Gary Hufbauer ដែលជាអ្នកសេដ្ឋកិច្ច និងអ្នកជំនាញផ្នែកពាណិជ្ជកម្មនៅវិទ្យាសា្ថន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិនិយាយថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP បង្កជាការបាត់បង់ដ៏ធំមួយសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយផ្តល់ជ័យជម្នះធំមួយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង។ លោកនិយាយថា ចិនបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងជាមួយនឹងប្រទេសមួយចំនួនដែលជាសមាជិកនៃកិច្ចព្រមព្រៀង TPP។ ការណ៍នេះនឹងបង្កើនឥទ្ធិពលរបស់ចិន ដោយសារការបាត់បង់របស់សហរដ្ឋអាមេរិក។
លោក Bill Galston ដែលជាសាស្រ្តាចារ្យនៅវិទ្យាស្ថាន Brookings បានហៅការខកខានមិនអនុម័តកិច្ចព្រមព្រៀង TPP ថាជា «បរាជ័យនៃភាពជាអ្នកដឹកនាំរបស់អាមេរិក» ដែលវានឹងជួយប្រទេសចិនវិញ។
ប៉ុន្តែលោក Dan Coats ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋនិយាយថា ចិននឹងត្រូវ «បង្កើតទំនាក់ទំនង» ជាមួយនឹងប្រទេសនៅតំបន់ប៉ាស៊ីហ្វិកដែលមាន «ក្តីបារម្ភពិតប្រាកដ» អំពីប្រទេសជិតខាងធំៗរបស់ពួកគេ។ អំណាចសេដ្ឋកិច្ច នយោបាយ និងយោធារបស់ចិនកំពុងតែរីកចម្រើនជាបន្តបន្ទាប់។ លោក Coats និយាយថា ទោះគ្មានកិច្ចព្រមព្រៀង TPP ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកមួយចំនួននឹងនៅតែមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក។
លោក Hufbauer និយាយថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ក៏មានន័យស្មើនឹង ការបោះឆ្នោតចោលនូវកំណើនសេដ្ឋកិច្ច០,៥ភាគរយសម្រាប់ប្រទេសដែលសេដ្ឋកិច្ចដ៏ធំជាងគេបង្អស់នៅលើពិភពលោកមួយនេះ។ លោកនិយាយថា ប្រទេសសេដ្ឋកិច្ចតូចជាងសហរដ្ឋអាមេរិក ដូចជាវៀតណាម និងម៉ាឡេស៊ីនឹងរងគ្រោះកាន់តែខ្លាំង។
ក្រុមអ្នករិះគន់កិច្ចព្រមព្រៀង TPP រួមមានលោកស្រី Lori Wallach ដែលជានាយកផ្នែកឃ្លាំងមើលពាណិជ្ជកម្មពិភពលោក (Global Trade Watch) របស់អង្គការ Public Citizen បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អំណាច និងផលប្រយោជន៍ខ្លាំងហួសទៅដល់សាជីវកម្មពហុជាតិ តាមរយៈការខាតបង់របស់ប្រជាជនទូទៅ។ លោកស្រីបានលើកឡើងថា លក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនឹងបង្កការលំបាកខ្លាំងជាងមុនសម្រាប់ប្រជាជនទូទៅក្នុងការតទល់នឹងក្រុមហ៊ុនធំៗនៅតុលាការ ក៏ដូចជាបង្កើនថ្លៃឱសថមួយចំនួន។
សហជីពនៅសហរដ្ឋអាមេរិកមួយចំនួនក៏បានប្រឆាំងនឹងកិច្ចព្រមព្រៀង TPP ផងដែរ ដោយព្រួយបារម្ភថា កិច្ចព្រមព្រៀងនឹងធ្វើឲ្យប្រាក់កម្រៃនៅអាមេរិកធ្លាក់ចុះ និងកាត់បន្ថយការងាររបស់ពលរដ្ឋអាមេរិកាំង។ អ្នកគាំទ្រកិច្ចព្រមព្រៀង TPP និយាយថា កិច្ចព្រមព្រៀងនេះរួមមានការគាំពារខ្លាំងក្លាសម្រាប់សិទ្ធិការងារនៅអាមេរិក ប៉ុន្តែការអះអាងបែបនេះមិនបានបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអាមេរិកាំងរាប់លាននាក់ដែលគាំទ្រលោក Trump ឡើយ។
អង្គការគាំពារបរិស្ថានជាច្រើនបានធ្វើយុទ្ធនាការប្រឆាំងនឹងកិច្ចព្រមព្រៀង TPP។ អង្គការ Friends of the Earth បានអបអរសាទរចំពោះផែនការបញ្ចប់ការចូលរួមរបស់សហរដ្ឋអាមេរិក ដោយអះអាងថា កិច្ចព្រមព្រៀងនេះមិនមែនជាពាណិជ្ជកម្មស្មើភាពនោះទេ ប៉ុន្តែជាឱកាសសម្រាប់វិនិយោគិន និងក្រុមហ៊ុនធំៗដើម្បី «បំពុលខ្យល់ និងទឹក»។ អ្នកគាំទ្រកិច្ចព្រមព្រៀង TPP អះអាងថា ផ្នែកស្តីពីបរិស្ថាននៅក្នុងកិច្ចព្រមព្រៀង TPP មាន បញ្ញត្តិច្បាប់ដ៏តឹងរ៉ឹងបំផុតមួយដែលមិនធ្លាប់ត្រូវបានដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗពីមុនមកឡើយ។
លោក Donald Trump និយាយថា បន្ទាប់ពីលោកនាំសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP លោកនឹងស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីដែលល្អជាងនេះជាមួយនឹងដៃគូពាណិជ្ជកម្មផ្សេងៗ។ ក្រុមអ្នករិះគន់និយាយថា គ្រប់ជំហានចំពោះកិច្ចព្រមព្រៀងល្អជាងនេះសម្រាប់សហរដ្ឋអាមេរិកនឹងកាន់តែពិបាកក្នុងការបញ្ចុះបញ្ចូលអ្នកដឹកនាំ និងពលរដ្ឋនៃប្រទេសជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនោះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ