លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump បាននិយាយថា នៅក្នុងថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់លោកជាប្រធានាធិបតី លោកនឹងចេញសេចក្ដីប្រកាសជាផ្លូវការមួយ ដែលបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ដែលនេះជាផ្នែកមួយនៃគោលនយោបាយជាច្រើនរបស់លោក ផ្អែកលើការផ្ដោតលើសហរដ្ឋអាមេរិកមុនដំបូងគេបង្អស់។
នៅក្នុងសារជាវីដេអូ ដែលបានបង្ហោះនៅលើប្រព័ន្ធ Youtube កាលពីថ្ងៃចន្ទម្សិលមិញ លោក Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀង TPP គឺជាគ្រោះមហន្តរាយដែលអាចនឹងកើតឡើងមួយសម្រាប់សហរដ្ឋអាមេរិក។
លោកនិយាយយ៉ាងដូច្នេះថា៖ «ផ្ទុយមកវិញ យើងនឹងចរចាឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលមានលក្ខណៈយុត្តិធម៌ ដែលអាចពាំនាំការងារ និងឧស្សាហកម្មនានាត្រឡប់ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកវិញ»។
នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកកន្លងមក លោក Trump បានប្រឆាំងនឹងកិច្ចព្រមព្រៀង TPP ដែលមានសមាជិកចំនួន ១២ ប្រទេសនេះ និងបានប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វីបអាមេរិកខាងជើង NAFTA ជាមួយនឹងប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក។ លោកបានលើកសរសើរពីសមត្ថភាពចរចារបស់លោក និងបាននិយាយថា លោកនឹងចូលរួមនៅក្នុងកិច្ចព្រមព្រៀងថ្មី ដែលអាចផ្ដល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Barack Obama បានគាំទ្រចំពោះកិច្ចព្រមព្រៀង TPP នេះ ប៉ុន្តែសភាមិនដែលយល់ព្រមចំពោះការចូលរួមជាផ្លូវការរបស់សហរដ្ឋអាមេរិកនៅក្នុងក្រុមប្រទេសនៃកិច្ចព្រមព្រៀងនេះទេ៕