លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃពុធបានបញ្ចេញការមិនសប្បាយចិត្តនឹងផែនការរបស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិកក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដៃគូមហាសមុទ្រប៉ាស៊ីហ្វិកឬហៅកាត់ថាកិច្ចព្រមព្រៀង TPP ដែលបានគ្រោងទុកនោះ។
ខណៈដែលលោកស្រី Merkel មិនបានបញ្ចេញឈ្មោះលោក Trump ឲ្យចំនោះ លោកស្រីបានមានប្រសាសន៍ថា លោកស្រីមិនសប្បាយចិត្តទេអំពីការដួលរលំកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ខ្លាំងក្លានេះ ហើយលោកស្រីក៏បាននិយាយថា កិច្ចព្រមព្រៀងនាពេលអនាគតនឹងមិនល្អដូច្នេះទេ។
នៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ លោក Trump បាននិយាយថា នៅក្នុងថ្ងៃទីមួយដែលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ដែលលោកបានហៅថាជាគ្រោះមហន្តរាយដ៏ធំធេងមួយ។ លោក Trump ក៏បាននិយាយថា លោកចង់ឲ្យមានការចរចាគ្នាឡើងវិញទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ឬហៅកាត់ថា NAFTA ជាមួយនឹងប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺជាអ្នកផ្តួចផ្តើមដ៏សំខាន់ម្នាក់នៃកិច្ចព្រមព្រៀង TPP នេះ។
លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិកឬហៅកាត់ថា APEC នៅប្រទេសប៉េរូកាលពីពេលថ្មីៗនេះថា «ខ្ញុំគិតថា ការមិនដំណើរការទៅមុខនឹងធ្វើឲ្យជំហររបស់អាមេរិកនៅក្នុងតំបន់នេះថមថយចុះ»។
សំណើចុងក្រោយបង្អស់នៃកិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះដោយមេដឹកនាំនៃប្រទេសជាសមាជិកទាំង១២ ក្នុងអំឡុងពេលនៃសន្និសីទកាសែតមួយក្នុងប្រទេសនូវែលសេឡង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងមានសុពលភាពនោះទេ រហូតដល់យ៉ាងហោចណាស់មានប្រទេសចំនួន៦ដែលមានផលិតផលក្នុងស្រុកសរុបស្មើនឹង៨០ភាគរយផ្តល់សច្ចានុមតិទៅលើសំណើនេះ៕