ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺលោក John Bolton មានការខ្វែងគំនិតគ្នាអំពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងនាពេលបច្ចុប្បន្នដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង។
នៅក្នុងសារបង្ហោះនៅលើ Twitter ពីទីក្រុងតូក្យូ ប្រទេសជប៉ុននៅព្រឹកថ្ងៃអាទិត្យនេះ លោក Trump បានប្រើសម្ដីស៊កសៀតដាក់លោក Bolton ដែលលោក Bolton កាលពីថ្ងៃសៅរ៍ បានប្រាប់អ្នកកាសែតថា «ជាការពិតណាស់» ការសាកល្បងគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានរំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
ការលើកឡើងរបស់លោក Bolton គឺជាការលើកឡើងដំបូងបង្អស់របស់មន្ត្រីអាមេរិកាំង ដែលហៅការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងថាជាការរំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
លោក Trump បានសរសេរនៅលើ Twitter ដូច្នេះថា៖ «ប្រទេសកូរ៉េខាងជើងបានបាញ់អាវុធតូចៗមួយចំនួន ដែលធ្វើឲ្យប្រជាពលរដ្ឋអាមេរិកាំង និងប្រជាពលរដ្ឋនៃបណ្ដាប្រទេសផ្សេងទៀតមានការព្រួយបារម្ភ ប៉ុន្តែមិនបានធ្វើឲ្យខ្ញុំព្រួយបារម្ភនោះទេ»។
លោក Trump ក៏បង្ហាញភាពជឿជាក់ផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un «នឹងរក្សាការសន្យាជាមួយលោក» នៅក្នុងការឈានឆ្ពោះទៅកាន់ការលុបបំបាត់នុយក្លេអ៊ែរ។
លោក Trump និងលោក Kim Jong Un បានជួបប្រជុំគ្នាពីរលើករួចមកហើយនៅក្នុងប្រទេសសិង្ហបុរី និងវៀតណាម។ កិច្ចប្រជុំទាំងពីរលើកនេះមិនបានជួយឲ្យសម្រេចបាននូវដំណោះស្រាយសំខាន់ណាមួយទេ ទោះបីជាកិច្ចប្រជុំទាំងនេះត្រូវបានគេយល់ឃើញថាអាចកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរក៏ដោយ៕