ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​វាយ​ប្រហារ​លើ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​សិង្ហបុរី​ពាក់ព័ន្ធ​នឹង​ករណី​ពាណិជ្ជកម្ម​កៅស៊ូ


អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng ចូល​រួម​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិនកាលពី​ថ្ងៃទី​០៦ មេសា ២០១៨។
អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng ចូល​រួម​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិនកាលពី​ថ្ងៃទី​០៦ មេសា ២០១៨។

ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​ចាត់​វិធានការ​ជា​បណ្ដោះ​អាសន្ន​ប្រឆាំង​នឹង​ការ​លក់​ទំនិញ​បង្ខូច​ថ្លៃ​ចំពោះ​កៅស៊ូ​សំយោគ​ដែល​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​សិង្ហបុរី។

ករណី​នេះ​អាច​បង្ក​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​កាន់តែ​តានតឹង​បន្ថែម​ទៀត ដោយ​ភាគី​នីមួយៗ​បាន​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​យក​ពន្ធ​គយ​បន្ថែម​ទៀត​លើ​ទំនិញ​ផ្សេងៗ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ឡើង​វិញ​ថា ភាគី​ទាំង​ពីរ​មិន​បាន​ចរចា​គ្នា​លើ​បញ្ហា​នេះ​នោះ​ទេ ដែល​នេះ​ជា​អ្វី​ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​សប្ដាហ៍​មុន​ដែល​ថា ភាគី​ទាំង​ពីរ​បាន «ពិភាក្សា​គ្នា​យ៉ាង​ប្រសើរ» អំពី​បញ្ហា​ពាណិជ្ជកម្ម​នោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Gao Feng បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «ភាគី​ទាំង​ពីរ​មិន​បាន​ធ្វើ​ការ​ពិភាក្សា​ទ្វេភាគី​ណា​មួយ​អំពី​ការ​ស៊ើប​អង្កេត​ផ្អែក​លើ​មាត្រា​ទី ៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​អំពី​បញ្ជី​ទំនិញ​ចិន​ដែល​ត្រូវ​យក​ពន្ធ​ដែល​បាន​ស្នើ​ឡើង​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ»។

ការ​ស៊ើប​អង្កេត​ផ្អែក​លើ​មាត្រា​ទី ៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ផ្ដោត​លើ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហៅ​ថា ការ​រំលោភ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​កម្មសិទ្ធិ​បញ្ញា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​មិន​គោរព​ចំពោះ​ម្ចាស់​ប៉ាតង់​បរទេស​ផង​ដែរ។

សហរដ្ឋ​អាមេរិក និង​ប្រទេស​សិង្ហបុរី​គឺ​ជា​ប្រភព​ធនធាន​កៅស៊ូ​សំយោគ​បរទេស​ដ៏​ចម្បង​បំផុត​របស់​ប្រទេស​ចិន ដោយ​ចិន​នាំ​ចូល​កៅស៊ូ​សំយោគ​នេះ​ពី​សហរដ្ឋ​អាមេរិក​សរុប​ចំនួន ១៥៣ លាន​ដុល្លារ​អាមេរិក និង​ពី​សិង្ហបុរី​សរុប​ចំនួន ១១៥ លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន៕

XS
SM
MD
LG