លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃចន្ទ បណ្តេញលោក Mark Esper ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិក។ លោក Esper ជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោកTrump ចុងក្រោយបង្អស់ ដែលត្រូវដកចេញ ដោយសារការខ្វែងគំនិតជាមួយលោកប្រធានាធិបតី។
លោក ត្រាំ បានប្រកាសការសម្រេចរបស់លោកនេះ នៅក្នុងសារមួយតាមបណ្តាញ Twitter ដោយលោកថា៖ «លោក Mark Esper ត្រូវបានបញ្ឈប់ពីតំណែង។ ខ្ញុំសូមអរគុណលោកចំពោះកិច្ចការបម្រើប្រទេសជាតិ»។
លោក Esper ដំបូងឡើយត្រូវរំពឹងថា នឹងបន្តកាន់តំណែងដល់ចុងខែមករា ឆ្នាំ២០២១ នៅពេលប្រធានាធិបតីដែលត្រូវព្យាករណ៍ថាជាប់ឆ្នោតថ្មីគឺលោក Joe Biden ត្រូវគេរំពឹងថានឹងស្បថចូលកាន់តំណែងនៅពេលនោះ។
កាលពីខែមិថុនា លោក Esper បានបង្ហាញជាសាធារណៈពីការខ្វែងគំនិតរបស់លោកជាមួយលោក ត្រាំ ដោយលោក Esper មិនយល់ស្របឲ្យបញ្ជូនកងទាហានអាមេរិកទៅគ្រប់គ្រងស្ថានភាពធ្វើបាតុកម្មរបស់ក្រុមបាតុករស្វែងរកយុត្តិធម៌ជាតិសាសន៍ នៅតាមទីក្រុងនានារបស់សហរដ្ឋអាមេរិក នៅពេលនោះទេ។ វិធានការនេះបានធ្វើឲ្យលោក ត្រាំ ខឹងសម្បារ។
លោក Christopher Miller ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នឹងដើរតួជារដ្ឋមន្ត្រីការពារជាតិស្តីទី ជំនួសលោក Esper «ភ្លាមៗ» បើតាមសារ Twitter របស់លោកប្រធានាធិបតី ត្រាំ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍ព័ត៌មានថា លោក Esper បានសរសេរសំបុត្រលាលែងពីតំណែង ខណៈមន្ត្រីដែលត្រូវបានដកស្រង់ពាក្យសម្តីក្នុងសេចក្តីរាយការណ៍ព័ត៌មានទាំងនោះ លើកឡើងថា លោក Esper មិនមានគម្រោងលាលែងពីតំណែងនោះទេ។
លោក Esper បានបម្រើការងារជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចាប់ពីខែកក្កដា ឆ្នាំ២០១៩ មក។ នៅមុនពេលលោកត្រូវបានតែងតាំងដោយលោកប្រធានាធិបតី ត្រាំ លោក Esper ធ្លាប់បានបម្រើការជាអគ្គលេខាធិការនៃកងទ័ពជើងគោកសហរដ្ឋអាមេរិកពីឆ្នាំ២០១៧ ទៅ២០១៩៕