នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ គណៈកម្មការអឺរ៉ុបបានរិះគន់ការពន្យារពេលជាបណ្តោះអាសន្នដោយនិយាយថា សហភាពអឺរ៉ុបមានឆន្ទៈចង់ពិភាក្សាអំពីបញ្ហានេះ តែនឹង «មិនចរចាក្រោមការគំរាមកំហែង»។
លោក Trump បានហៅបញ្ហាពន្ធគយថា ជាបញ្ហាសន្តិសុខជាតិ ដោយសារការផលិតច្រើនដោយប្រទេសមួយចំនួនធ្វើឱ្យការនាំចេញរបស់សហរដ្ឋអាមេរិកកាន់តែថ្លៃ និងមិនចង់បាននៅលើទីផ្សារសកល។ សេតវិមានក៏បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានឈានទៅដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីការនាំចេញដែកថែបជាមួយកូរ៉េខាងត្បូង ដោយផ្តល់ការលើកលែងជាអចិន្ត្រៃយ៍និងបានធ្វើកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយអាហ្សង់ទីន អូស្ត្រាលី និងប្រេស៊ីល។
កាលពីខែមីនា លោក Trump បានកំណត់ពន្ធ២៥%លើដែកថែបនិង១០ភាគរយលើអាលុយមីញ៉ូមសម្រាប់ការនាំចូលពីប្រទេសចិន រុស្ស៊ី ជប៉ុន និងប្រទេសផ្សេងទៀត ចំពោះអ្វីដែលលោកនិយាយថា ជាសំណងសម្រាប់ការប្រកួតប្រជែងមិនយុត្តិធម៌។
លោក Steven Mnuchin រដ្ឋមន្ត្រីរតនាគារអាមេរិកនិងមន្ត្រីអាមេរិកជាន់ខ្ពស់ផ្សេងទៀតបានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម។ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ពន្ធលើដែកថែបនិងអាលុយមីញ៉ូមរបស់កាណាដានឹងក្លាយជាការរំខានដ៏ធំមួយដលឧស្សាហកម្មអាមេរិកនិងកាណាដាពីព្រោះរោងចក្រផលិតរថយន្តនិងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងកាណាដាមានចំណងទាក់ទងគ្នាជិតស្និទ្ធ។ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ព្រមានអំពីសង្គ្រាមពាណិជ្ជកម្ម បើសិនអាមេរិកមិនបានផ្តល់ការលើកលែងពន្ធជាអចិន្ត្រៃយ៍ដល់សហភាពអឺរ៉ុប៕