ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់អំពីពេលវេលានៃទស្សនកិច្ចនេះនោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Trump បានថ្លែងដូច្នេះទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One។ លោកបាននិយាយថា «វាអាចទៅរួច» សម្រាប់សហរដ្ឋអាមេរិកនិងចិននៅក្នុងការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។
ការសន្ទនាឬក៏ការប្រាស្រ័យទាក់ទងណាមួយរវាងលោក Xi និងលោក Trump ត្រូវបានគេមើលឃើញថាសំខាន់សម្រាប់ការបន្ធូរបន្ថយឬការពន្យារពេលដែលអាចទៅរួចណាមួយនៃពន្ធគយពាណិជ្ជកម្ម។
លោក Trump បាននិយាយថា៖ «នៅទីបំផុត យើងនឹងមានប្រធានាធិបតី [ចិន] លោក Xi [Jinping] និងអ្នកផ្សេងទៀតធ្វើទស្សនកិច្ច [នៅសហរដ្ឋអាមេរិក]»។ លោកក៏ថ្លែងផងដែរអំពីមេដឹកនាំផ្សេងទៀតដែលអាចធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក។
ទស្សនកិច្ចលើកចុងក្រោយបង្អស់របស់លោក Xi ទៅកាន់សហរដ្ឋអាមេរិកគឺនៅខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាដំណើរទស្សនកិច្ចលើកទី ៥ របស់លោកទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាប្រធានាធិបតីចិនសម្រាប់ការប្រជុំជាមួយនឹងលោក Joe Biden ដែលជាប្រធានាធិបតីអាមេរិកនៅពេលនោះ។ ជំនួបនៅពេលនោះបានឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តឡើងវិញនូវទំនាក់ទំនងរវាងយោធានិងយោធានិងការរារាំងផលិតកម្មគ្រឿងញៀនហ្វេនតានីល។
លោក Trump និងលោក Xi បាននិយាយជាមួយគ្នានៅមុនពេលលោក Trump ចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា និងបានពិភាក្សាអំពីបញ្ហានានាដូចជា TikTok ពាណិជ្ជកម្ម និងកោះតៃវ៉ាន់ជាដើម៕
លោក Trump រំពឹងថាលោក Xi Jinping នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក
- Reuters

វេទិកាបញ្ចេញមតិ