កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនការវាយប្រហារពោរពេញដោយការរើសអើងពូជសាសន៍ពណ៌សម្បុរបន្ថែមទៀត ដោយហៅសកម្មជនសិទ្ធិពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតអាហ្វិ្រកដ៏ល្បីឈ្មោះមួយរូបថាជា «ជនបោកប្រាស់»។
លោក Trump ហៅដូច្នេះ បន្ទាប់ពីលោកបានរិះគន់សមាជិករដ្ឋសភាអាមេរិកាំងដែលមានដើមកំណើតអាហ្វិ្រកមួយរូប កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពេលដែលលោកបានសរសេរសារ tweet ថា សង្កាត់របស់អ្នកតំណាងរាស្រ្តរូបនេះដែលនៅក្នុងទីក្រុង Baltimore រដ្ឋ Maryland គឺ «គួរឲ្យខ្ពើមរអើម ជារន្ធកណ្តុរ រញ៉េរញ៉ៃមានមេរោគ»។
ការនិយាយរបស់លោកប្រធានាធិបតីនេះ ត្រូវបានសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនរូបថ្កោលទោសថា ជាការរើសអើង និងប្រកាន់ពូជសាសន៍ ក៏ប៉ុន្តែ ក្រុមអ្នកគាំទ្រលោក និយាយថា ការបង្ហាញអំពីភាពលម្អៀងរបស់គូប្រជែង និងបញ្ហានៅក្នុងប្រទេស គឺជា រឿងដ៏ត្រឹមត្រូវ។
កាលពីថ្ងៃចន្ទកន្លងទៅនេះ លោក Al Sharpton បានឆ្លើយតបទៅនឹងសារ tweet មួយចំនួនរបស់លោកប្រធានាធិបតី Trump ដោយក្នុងនោះរួមទាំងសារដែលលោក Trump បានហៅលោកដែលជាសកម្មជនការពារសិទ្ធិពលរដ្ឋអាមេរិកាំងមួយរូប ថាជា «ជនបោកប្រាស់» និងថាជា «ជនបង្កបញ្ហា» ដែល «ស្អប់ជនជាតិស្បែកស» និងប៉ូលិសផងដែរ។
លោក Al Sharpton ដែលជាសកម្មជនការពារសិទ្ធិពលរដ្ឋអាមេរិកាំង ថ្លែងថា៖ «លោក អាចហៅខ្ញុំអ្វីក៏បានតាមចិត្តរបស់លោក។ ហៅទៅ ហៅខ្ញុំថាជាជនបង្កបញ្ហាទៅ! បាទ ខ្ញុំបង្កបញ្ហាដល់ជនដែលរើសអើង និងប្រកាន់ពូជសាសន៍»។
លោកប្រធានាធិបតីវាយប្រហារទៅលើលោក Al Sharpton ដោយសារតែលោកបាន បង្ហាញការគាំទ្រដល់សមាជិករដ្ឋសភាលោក Elija Cummings។ នៅចុងសប្តាហ៍កន្លងទៅនេះ លោកប្រធានាធិបតី Trump បានហៅសង្កាត់របស់លោក Cummings នៅក្នុងទីក្រុង Baltimore ដែលមានពលរដ្ឋភាគច្រើន ជាជនស្បែកខ្មៅនេះថា «គួរឲ្យខ្ពើមរអើម ជារន្ធកណ្តុរ រញ៉េរញ៉ៃមានមេរោគ»។
សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើន បានថ្កោលទោសលោក Trump ក្នុងការដែលលោកនិយាយរើសអើងនិងប្រកាន់ពូជសាសន៍ ដោយរួមទាំងការប្រាប់សមាជិការដ្ឋសភាគណបក្សប្រជាធិបតេយ្យ ៤រូប ដែលមិនមែនស្បែកសឲ្យវិលត្រឡប់ «ទៅប្រភពដើមរបស់ពួកគេវិញ គឺទីកន្លែងរញ៉េរញ៉ៃមានឧក្រិដ្ឋកម្ម»។
លោក Al Sharpton ថ្លែងថា៖
«លោកឆាប់ប្រតិកម្ម និងមិនមានភាពចាស់ទុំស្រាប់ទៅហើយ តែរឿងថាទើសចិត្ត គឺលោកទើសចិត្តជាពិសេស ទៅលើពលរដ្ឋស្បែកខ្មៅ និងអ្នកទាំងឡាយដែលមិនមែនជាជនជាតិស្បែកស។ លោកមិនដែលនិយាយសំដៅទៅលើគូប្រជែង ឬ អ្នករិះគន់ជនជាតិស្បែកស ដូចនេះឡើយ។ លោក មិននិយាយវាយប្រហារសង្កាត់ពួកគេឡើយ»។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មន្រ្តីជាន់ខ្ពស់នៅសេតវិមានបាននិយាយថា លោក Trump កំពុងតែការពារខ្លួនលោក ពីការវាយប្រហារផ្នែកនយោបាយរបស់គូប្រជែងរបស់លោក។
ប្រធានខុទ្ទកាល័យស្តីទីនៃការិយាល័យ ប្រធានាធិបតីលោក Mick Mulvaney ថ្លែងថា៖
«បើសិនជា មានភាពក្រីក្រនៅក្នុងសង្កាត់របស់ខ្ញុំដូចនៅក្នុងទីក្រុង Baltimore នោះខ្ញុំនឹងត្រូវបណ្តេញចេញពីតំណែង។ ហើយខ្ញុំគិតថា លោកប្រធានាធិបតី ធ្វើត្រឹមត្រូវហើយដោយលើកយករឿងនោះមកនិយាយ។ រឿងនេះ គ្មានពាក់ព័ន្ធទាល់តែសោះទៅនឹងរឿងពូជសាសន៍ពណ៌សម្បុរ»។
លោក Cummings ដែលជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្រ្ត កំពុងតែស៊ើបអង្កេតសេតវិមានអំពីការប្រព្រឹត្តមិនត្រឹមត្រូវ ហើយនឹងបានប្រកាសអំពីស្ថានភាពដ៏គ្រោះថ្នាក់ដែលត្រូវបានគេរាយការណ៍ថា កើតមានឡើងនៅឯកន្លែងឃុំឃាំងជនធ្វើចំណាកស្រុក។
លោក Michael Steel ដែលជាអតីតប្រធានគណៈកម្មាធិការជាតិនៃគណបក្សសាធារណរដ្ឋ ក៏បានបញ្ចេញមតិផងដែរ ដោយហៅការថ្លែងរបស់លោក Trump ថា គួរឲ្យស្អប់ខ្ពើម ហើយអំពាវនាវឲ្យលោកប្រធានាធិបតី ចាត់វិធានការដើម្បីស្តារស្ថានការឡើងវិញ នៅក្នុងតំបន់ក្រីក្រី ដូចនៅក្នុងទីក្រុង Baltimore នោះជាដើម។
លោក Michael Steel ថ្លែងថា៖
«បើលោកនិយាយអ៊ីចឹង សូមលោកមកទីនេះទៅ! ផ្លូវនានា ត្រៀមចាំលោកហើយ តំបន់នានាត្រៀមចាំលោកហើយ ប្រជាពលរដ្ឋចង់និយាយជាមួយលោក។ សូមលោកបង្ហាញខ្លួននៅទីនេះទៅ! ផ្អាកសរសេរ tweet ហើយមកទីនេះទៅលោក!»។
ការថ្លែងរបស់លោក Trump ដែលពោរពេញទៅដោយការប្រកាន់ពូជសាសន៍ពណ៌សម្បុរនេះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាយុទ្ធសាស្រ្តដ៏ប្រថុយប្រថានសម្រាប់ការបោះឆ្នោតអាណត្តិទី២ ដើម្បីឲ្យបានការគាំទ្រពីពលរដ្ឋស្បែកស និងម្ចាស់សន្លឹកឆ្នោតដែលមានជីវភាពទាប ដែលបានបោះឆ្នោតជូនលោក កាលពីឆ្នាំ ២០១៦ នោះ៕
ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់