លោក Scott Pruitt រដ្ឋមន្រ្តីយុត្តិធម៌រដ្ឋអូក្លាហូម៉ាជាអ្នកដែលបានទទួលការតែងតាំងដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតីដូណាល់ ត្រាំឲ្យដឹកនាំទីភ្នាក់ងារការពារបរិដ្ឋាន។ពួកគណបក្សប្រជាធិបតេយ្យបានរិះគន់ពីប្រវត្តិរបស់លោកចំពោះការប្រយុទ្ធប្រឆាំងនិយ័តករហើយនឹងការទាក់ទិនរបស់លោកទៅនឹងឧស្សាហកម្មឥន្ធន:ហ្វូស៊ីល។
ផ្សែងលាយអ័ព្ទ សារធាតុកខ្វក់ជាតិបារ៉ត ឧស្ម័នផ្ទះកញ្ចក់ គឺសុទ្ធតែជាសារធាតុពុលទាំងអស់ដែលទីភ្នាក់ងារការពារបរិស្ថានមានភារៈកិច្ចត្រួតពិនិត្យ។
ក្នុងនាមជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌រដ្ឋអូក្លាហាម៉ា លោក Scott Pruitt បានប្តឹងទីភ្នាក់ងារការពារបរិដ្ឋានក្នុងផ្នែកទាំងនោះនិងផ្នែកផ្សេងៗទៀត។
លោក Pruitt និយាយថា លោកបានប្តឹងដើម្បីឲ្យរដ្ឋាភិបាលថ្នាក់ជាតិប្រគល់ការត្រួតត្រាត្រឡប់មកថ្នាក់រដ្ឋវិញដែលលោកនិយាយថា រដ្ឋាភិបាលសហព័ន្ធបានចាត់វិធានការខ្លាំងហួស។
លោក Scott Pruitt ថ្លែងថា៖ «ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបរិស្ថាន។វាជាការស្តារឡើងវិញនូវទំនាក់ទំនងហើយនឹងធ្វើឲ្យបា្រកដថា ទំនាក់ទំនងដែលសភាត្រួតត្រា តួនាទីរបស់រដ្ឋនៅក្នុងការធ្វើឲ្យប្រសើរឡើងបរិដ្ឋានរបស់យើង»។
ក៏ប៉ុន្តែ ពួកប្រឆាំងនិយាយថា លោក Pruitt កំពុងលះបង់បរិស្ថានដើម្បីក្រុមហ៊ុនឥន្ធនៈហ្វូស៊ីល ដែលជាឧស្សាហកម្មដ៏ធំមួយនៅក្នុងរដ្ឋអូក្លាហាម៉ា។
លោកJeff Merkley សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមករដ្ឋ Oregon បានបង្ហាញលិខិតឆ្នាំ២០១១របស់ការិយាល័យលោក Pruitt ដែលបានផ្ញើរដើម្បីជំទាស់ប្រឆាំងចទបញ្ញត្តិរបស់ទីភ្នាក់ងារការពារបរិដ្ឋាន ដែលបានដកស្រង់សំដីស្ទើរតែដូចគ្នាពីលិខិតដែលបានសរសេរឡើងដោយក្រុមហ៊ុនថាមពលមួយ។
សមាជិកព្រឹទ្ធសភា Jeff Merkley ថ្លែងថា៖ «លោកបានប្រើប្រាស់ការិយាល័យរបស់លោកជាការទាក់ទងដោយផ្ទាល់របស់ក្រុមហ៊ុនប្រេងជាជាងការទាក់ទងដោយផ្ទាល់ដើម្បីផលប្រយោជន៍សុខភាពសាធារណៈរបស់ប្រជាពលនៅក្នុងរដ្ឋអូក្លាហាម៉ា»។
លោក Scott Pruitt បានឆ្លើយតបវិញថា៖«ការទាក់ទងដោយផ្ទាល់នេះតំណាងឲ្យឧស្សាហកម្មនៅក្នុងរដ្ឋអូក្លាហាម៉ា មិនមែនឲ្យក្រុមហ៊ុនទេ»។
ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារតាមTwitterថា ការផ្លាស់ប្តូរអាកាសធាតុជាការបោកបញ្ឆោត ទោះជាយ៉ាងនោះ ឥឡូវនេះលោកប្រធានាធិបតីនិយាយថា លោកមានគំនិតទូលំទូលាយអំពីបញ្ហានេះ។លោក Pruitt មិនយល់ស្របជាមួយនឹងសញ្ញានេះទេ ប៉ុន្តែ ទស្សនៈរបស់លោកមិនបានធ្វើឲ្យលោកBernie Sanders អតីតបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យពេញចិត្តទេ។
លោក Scott Pruitt អ្នកទទួលបានការតែងទាំងជារដ្ឋមន្រ្តីទីភ្នាក់ងារការពារបរិស្ថាននិយាយថា៖«ខ្ញុំជឿជាក់ថា សមត្ថភាពដើម្បីវាស់វែងកម្រិតជាក់លាក់នៃផលប៉ះពាល់ដោយសារសកម្មភាពរបស់មនុស្សលើអាកាសធាតុជាប្រធានបទមួយត្រូវធ្វើការជជែកដេញដោលកាន់តែច្រើនឡើងថាតើអាកាសធាតុកំពុងផ្លាស់ប្តូរឬទេឬថាតើសកម្មភាពមនុស្សធ្វើឲ្យមានការផ្លាស់ប្តូរអាកាសធាតុនេះឬទេ?»។
លោកBernie Sandersសមាជិកព្រឹទ្ធសភាមកពីរដ្ឋVermont និយាយថា៖«ពេលដែលលោក មិនមានភាពប្រាកដប្រជា ពួកអ្នកវិទ្យាសាស្រ្តសំខាន់ៗជាច្រើនកំពុងនិយាយប្រាប់យើងថា ប្រសិនបើ យើងមិនរួបរួមគ្នាចាត់វិធានការជាមួយគ្នាទេហើយធ្វើឲ្យប្រព័ន្ធថាមពលរបស់យើងចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទេនោះ នឹងមានបញ្ហាពិតប្រាកដដល់គុណភាពរបស់ផែនដីដែលយើងនឹងត្រូវបន្សល់ទុកឲ្យកូននិងកូនចៅរបស់យើង»។
ពួកអភិរក្សនិយម បានជំទាស់ប្រឆាំងយ៉ាងខ្លាំងដល់ច្បាប់ទឹកនិងខ្យល់កខ្វក់របស់រដ្ឋបាលលោកអូបាម៉ា។
លោក Dan Sullivan សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋអាឡា ស្កានិយាយថា លោក Pruitt អាចកែខៃទំនាក់ទំនងតានតឹងរវាងទីភ្នាក់ងារការពារបរិដ្ឋាន EPA និងតំបន់ជនបទនៃប្រទេសអាមេរិក។
លោក Dan Sullivan បានថ្លែងថា៖«មានការខឹងសម្បារយ៉ាងច្រើន ថែមទាំងមានការភ័យខ្លាចទីភ្នាក់ងារនេះនៅផ្នែកនានាជាច្រើននៅទូទាំងប្រទេស។ហើយ ខ្ញុំជឿជាក់ថា លោកជាមនុស្សត្រឹមត្រូវដើម្បីកាន់កាប់ទីភ្នាក់ងារនេះ»។
ពួកបរិដ្ឋានកំពុងបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ៣-៤នាក់ឲ្យរារាំងការតែងតាំងលោក Pruitt៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន