លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋមានការគាំទ្រច្រើនជាងមុននៅក្នុងការស្ទង់មតិសាធារណជនស្តីពី ការបោះឆ្នោតប្រធានាធិបតីអាមេរិកប្រឆាំងនឹងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
ការស្ទង់មតិមួយចំនួនក្នុងស.រ.អាបង្ហាញថាលោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា នាំមុខលោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យស្វះស្វែងរកណែងទីមួយរបស់លោកតាមរយៈការបោះឆ្នោត។ ក៏ប៉ុន្តែលោកបានកាត់បន្ថយការនាំមុខរបស់លោកស្រីឲ្យមកនៅត្រឹមប្រមាណ៤ភាគរយឬតិចជាងនេះ ដែលកាលពីពីរបីសប្តាហ៍មុននេះមានគម្លាតជាងពាក់កណ្តាល ទោះជាយ៉ាងណាជាលោកស្រីនៅតែបន្តនាំមុខនៅក្នុងរដ្ឋមួយចំនួនដែលមានការប្រកួតប្រជែងខ្លាំងក្លាដែលទំនងនឹង
កំណត់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៨ខែ វិច្ឆិកាខាងមុខនេះក៏ដោយ។
អ្នកធ្វើវិភាគនយោបាយស.រ.អាមួយចំនួននៅតែទស្សន៍ទាយថាលោកស្រី Clinton នឹងក្លាយទៅជាប្រធានាធិបតីទី៤៥របស់ប្រទេសអាមេរិកនិងជាអគ្គមេបញ្ជាការស្ត្រីទីមួយរបស់អាមេរិកផងដែរដោយជំនួសលោកប្រធានាធិបតីបារ៉ាក់អូបាម៉ានៅពេលលោកចាកចេញពីតំណែងនៅខែមករាខាងមុខនេះ៕