បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋរបស់អាមេរិកលោក Donald Trump បានបញ្ចប់សុន្ទរកថាដែលមានលក្ខណៈទន់ភ្លន់ជាងមុនរបស់លោកពាក់ព័ន្ធនឹងគោលនយោបាយអន្តោប្រវេសន៍ ដោយប្រកាសថាលោកនឹងបញ្ជូនជនអន្តោប្រវេសន៍រាប់លាននាក់ដែលគ្មានសំណុំឯកសារត្រឹមត្រូវរស់នៅក្នុងសហរដ្ឋអាមេរិក ហើយបន្តការប្តេជ្ញារបស់លោកក្នុងការសាងសង់ជញ្ជាំងនៅតាមព្រំប្រទល់ភាគខាងត្បូងហើយឲ្យប្រទេសម៉ិកស៊ិកបង់ថ្លៃសាងសង់។
«មិនមានការលើកលែង ដែលអាចឈានដល់ការផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍ដែលកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ប្រទេសម៉ិកស៊ិកត្រូវបង់ថ្លៃសាងសង់ជញ្ជាំងនោះ១០០ភាគរយ» នេះគឺជាសារដែលលោក Trump បានបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកកាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បានលើកឡើងពីគម្រោងអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោកនៅក្នុងសុន្ទរកថានៅឯរដ្ឋ Arizona ដែលជារដ្ឋព្រំប្រទល់ភាគនិរតីរបស់អាមេរិកជាប់នឹងប្រទេសម៉ិកស៊ិក កាលពីល្ងាចថ្ងៃពុធកន្លងទៅនេះថា ប្រសិនបើលោកឈ្នះលោកស្រី Hillary Clinton នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ ដែលគម្រោងនេះគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយភាពតានតឹងនៃបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសម៉ិកស៊ិកនិងបណ្តាប្រទេសនៅអាមេរិកកណ្តាលចូលមកកាន់សហរដ្ឋអាមេរិក។ សុន្ទរកថានោះត្រូវបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពី លោក Trump បានធ្វើដំណើររយៈពេលខ្លីទៅកាន់រដ្ឋធានីម៉ិកស៊ីកូ ដើម្បីពិភាក្សាទៅលើបញ្ហាអន្តោប្រវេសន៍ និងបញ្ហាដទៃផ្សេងទៀតជាមួយនឹងប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Enrique Pena Nieto៕