ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ស្វែង​រក​ការគាំទ្រ​ពី​ជន​ជាតិអាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​និង​ជន​ជាតិ​ភាគតិច


លោក Donald Trump (ស្តាំ) នៅពេល​គោរព​កម្មវិធីគ្រឹស្តសាសនា​ក្នុង​ព្រះ​វិហារ​ Great Faith Ministries ក្នុង​ក្រុង​ Detrot កាល​ពី​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៦។
លោក Donald Trump (ស្តាំ) នៅពេល​គោរព​កម្មវិធីគ្រឹស្តសាសនា​ក្នុង​ព្រះ​វិហារ​ Great Faith Ministries ក្នុង​ក្រុង​ Detrot កាល​ពី​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​សៅរ៍​ លោក ​Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​និយាយ​នៅក្នុង​ព្រះវិហារ​គ្រឹស្តសាសនា​មួយ​ដែល​មាន​គ្រឹស្តសាសនិក​ជន​ភាគ​ច្រើន​ជា​ជន​ស្បែក​ខ្មៅ​នៅ​ក្នុង​ក្រុង​ Detroit ​ថា​ លោក​ចង់​ជួយ​កសាង​ក្រុង​នេះ​ជា​ថ្មី​ឡើងវិញ​ហើយ​ថា «មាន​ការ​ធ្វើ​ខុស​ច្រើន​ដែល​គួរ​ត្រូវ​ធ្វើ​ឱ្យ​ត្រូវ​ឡើង​វិញ»​នៅ​ក្នុង​ស.រ.អា.។

ក្នុង​ពេល​ពីរ​ខែ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ​លោក ​Trump ​ព្យាយាម​ទាក់​ទាញ​សន្លឹក​ឆ្នោត​គាំទ្រ​ពី​សហគមន៍​ជន​ជាតិអាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ ជាពិសេស​នៅ​ក្នុង​ក្រុង ​Detroit ​ដែល​មាន​ជន​ជាតិអាមេរិកាំង​ដើម​កំណើត​អាហ្វ្រិកចំនួន​៨៣ភាគ​រយ​នៃចំនួន​ប្រជារាស្ត្រ​ទាំង​អស់នៅ​ទីនោះ។ តាម​ប្រពៃណី​ សហគមន៍​នោះ​បាន​បោះឆ្នោត​ច្រើន​លើស​លប់​ឱ្យ​ពួក​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក ​Trump ​បាន​និយាយ​ប្រាប់​ពួក​គ្រឹស្តបរិស័ទ​នៅ​ឯព្រះវិហារ​គ្រឹស្តសាសនា​ Great Faith Ministries International ថា៖ «ខ្ញុំ​មក​ទី​នេះ​ដើម្បី​ស្តាប់​លោកអ្នក។ នៅ​ពេល​ដែល​ខ្ញុំ​ប្រុង​ប្រៀបធ្វើការ​ឃោសនា​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ជាតិ ​ខ្ញុំ​នឹង​មាន​ឱកាស​លាត​ត្រដាង​ផែនការ​សេដ្ឋកិច្ច​របស់​ខ្ញុំ​ដែល​នឹងល្អ​ប្រសើរ​សម្រាប់​ក្រុង​ Detroit»។

លោក ​Trump​ បាន​និយាយ​ថា​ ប្រទេស​ជាតិ​ត្រូវ​ការ​ឱ្យ​មាន​«របៀប​វារៈ​មួយ​ខាង​សិទ្ធិ​ពលរដ្ឋ​នៃ​សម័យ​របស់​យើង»​ ដោយ​មាន​ការ​សិក្សា​អប់រំ​ល្អ​ប្រសើរ​ជាង​មុន​និង​មាន​ការងារ​ល្អផង​ដែរ។

ការ​ស្ទង់​មតិសាធារណៈ​បង្ហាញ​ថា​ លោកស្រី​ Hillary Clinton ​ដែល​ជា​គូ​ប្រជែង​របស់​លោក ​Trump ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ មាន​ការ​គាំទ្រ​ច្រើន​លើស​លោក ​Trump​ ពី​សំណាក់​ក្រុម​អ្នក​បោះឆ្នោត​ជា​ក្រុម​ជន​អំបូរ​ភាគ​តិច​ក្នុង​ប្រទេស​អាមេរិក៕

XS
SM
MD
LG