នៅក្នុងកម្មវិធីសាលាក្រុងរបស់ទូរទស្សន៍ CNN ដែលធ្វើឡើងកាលពីថ្ងៃទី១៧ខែសីហា លោកស្រី Stein បានហៅកំណត់ត្រារបស់អ្នកប្រជាធិបតេយ្យលោកស្រី Hillary Clinton ថាជាកំណត់ត្រាដែល«គួរឲ្យរំខានខ្លាំងណាស់» និងបានពិពណ៌នាបេក្ខជនពីគណបក្សសាធារណរដ្ឋលោក Donald Trump ថាជាមនុស្សម្នាក់ដែល «វាយប្រហារលើជនភៀសខ្លួន ជាអ្នកក្រអឺតក្រទមភ័យខ្លាចជនបរទេស និងជាអ្នករើសអើងពូជសាសន៍»។
លោកស្រីបាននិយាយថា៖ «ខ្ញុំនឹងមានបញ្ហាគេងមិនលក់នៅពេលយប់ ប្រសិនបើ Donald Trump ជាប់ឆ្នោត ហើយខ្ញុំក៏នឹងមានបញ្ហាគេងមិនលក់នៅពេលយប់ដូចគ្នាដែរ ប្រសិនបើ Hillary Clinton ជាប់ឆ្នោតនោះ»។
នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០០ បេក្ខជនគណបក្សបៃតង លោក Ralph Nader ទទួលបានការគាំទ្រជិត៣ភាគរយ នៅក្នុងការបោះឆ្នោតដែលមនុស្សជាច្រើនជឿថា លោក Al Gore ខាងគណបក្សប្រជាធិបតេយ្យ បានចាញ់គណបក្សសាធារណរដ្ឋរបស់លោក George Bush ដោយសារអ្នកបោះឆ្នោតទាំងនោះជ្រើសរើសបោះឆ្នោតឲ្យលោក Nader។ នៅពេលសួរថា តើលោកស្រីរំពឹងថាបេក្ខភាពរបស់លោកស្រីនឹងមានឥទ្ធិពលដូចកាលនោះឬអត់ លោកស្រី Stein មិនបានយល់ថា បេក្ខភាពរបស់លោកស្រីនឹងដើរទៅរកផ្លូវនោះទេ។
«មិនមែនជាការបំបែកសំឡេងឆ្នោតទេ ប៉ុន្តែជាការជំរុញការបោះឆ្នោតដោយសក្តានុពល ដើម្បីឲ្យគណបក្សតូចតាចដូចពួកយើង ទទួលបានភាពជាអ្នកនាំមុខ ហើយជាក់ស្តែង យើងអាចនឹងលេចធ្លោបាន ប្រសិនបើយើងក្រោកឈរឡើងដោយទឹកចិត្តក្លាហានជាមួយការតាំងចិត្តរបស់យើង»។
ការជឿជាក់មួយភាគធំរបស់លោកស្រីដែលជឿថានឹងមានឱកាសឈ្នះការបោះឆ្នោតនេះ គឺផែនការទាក់ទាញអ្វីដែលលោកស្រីបានហៅថា «ពហុភាពនៃជ័យជម្នះ» ពីប្រជាពលរដ្ឋវ័យក្មេងចំនួន៤៣លាននាក់ ដែលកំពុងជាប់ជំពាក់បំណុលសេដ្ឋកិច្ចដោយសារកម្ចីសម្រាប់បង់ថ្លៃការសិក្សា។ លោកស្រី Stein ចង់លុបបំបាត់បំណុលនេះ តាមរយៈប្រតិបត្តិការរបស់ធនាគារកណ្តាលសហព័ន្ធអាមេរិក ដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋចំណាយថវិកាដែលជាបំណុលទាំងនោះទៅលើផ្នែកផ្សេងទៀតនៃសេដ្ឋកិច្ច ជាជាងចំណាយសម្រាប់បង់ប្រាក់កម្ចីសិក្សានេះ។
«វាជារឿងអាក្រក់សម្រាប់ពួកគេ វាមិនល្អសម្រាប់សង្គមយើងទាំងមូល ដោយសារក្មេងៗជំនាន់ក្រោយតែងតែជាអ្នកដឹកនាំយើងទៅមុខ ដើម្បីបង្កើតសេដ្ឋកិច្ចនៅពេលអនាគត និងដឹកនាំឲ្យមានការផ្លាស់ប្តូរសង្គមដែលយើងត្រូវការចាំបាច់នៅពេលឥឡូវនេះ»។
លោកស្រីក៏ចង់បង្កើតការងារតាមរយៈការផ្លាស់ប្តូរឧស្សាហកម្មថាមពលរបស់ប្រទេស ទៅប្រើប្រាស់ប្រភពថាមពលកើតឡើងវិញទាំងស្រុងនៅឆ្នាំ២០៣០។ ចំណែកបញ្ហាកងទ័ព លោកស្រី Stein ចង់កាត់បន្ថយការចំណាយរហូតដល់៥០ភាគរយ បញ្ចប់ការវាយប្រហារដោយយន្តហោះ drone និងបិទទីតាំងមូលដ្ឋានទ័ពសហរដ្ឋអាមេរិកទាំងអស់ដែលមាននៅក្រៅប្រទេស។
លោកស្រីបាននិយាយអំពីគោលនយោបាយរបស់លោកស្រីថា៖ «ធ្វើឲ្យការអប់រំថ្នាក់ឧត្តមសិក្សាមិនចាំបាច់បង់ថ្លៃ ធ្វើឲ្យការថែទាំសុខភាពជាតម្រូវការសិទ្ធិមនុស្ស បើកផ្លូវទទួលអ្នកចូលសញ្ជាតិ បញ្ចប់អំពើហិង្សារបស់ពួកប៉ូលិស និងមានគោលនយោបាយការបរទេសដែលផ្អែកលើច្បាប់អន្តរជាតិ សិទ្ធិមនុស្ស និងយុត្តិធម៌ផ្នែកសេដ្ឋកិច្ច មិនមែនជាការគ្រប់គ្រងដោយទាហាន និងសេដ្ឋកិច្ចដែលវាយបកមកលើយើងវិញយ៉ាងធ្ងន់ធ្ងរនោះទេ»។
ឧបសគ្គមួយដែលលោកស្រី Stein ត្រូវជម្នះនោះគឺភាពល្បីល្បាញរបស់លោក Trump និងលោកស្រី Clinton ដែលគេស្គាល់ជាសាធារណៈ និងជាបេក្ខជនឈរឈ្មោះតំណាងឲ្យគណបក្សធំៗដែលពួកគេបានចេញមុខជាសាធារណៈច្រើនលើមកហើយ។ លោកស្រី Stein បានចេញលិខិតចំហរមួយ ដោយអំពាវនាវឲ្យបេក្ខជនទាំងពីររូបនេះ ចូលរួមក្នុងការជជែកដេញដោលជាមួយលោកស្រី និងជាមួយបេក្ខជនគណបក្សសេរីនិយមលោក Gary Johnson។
មានគម្រោងពិភាក្សាថ្នាក់ជាតិចំនួនបួនដងក្នុងឆ្នាំនេះ រវាងបេក្ខជនឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងផ្សាយតាមទូរទស្សន៍។ ប៉ុន្តែ គណៈកម្មការដែលរៀបចំការពិក្សានេះ តម្រូវឲ្យបេក្ខជនតំណាងម្នាក់ៗ មានការគាំទ្រ១៥ភាគរយ នៅក្នុងការិយាល័យបោះឆ្នោតជាតិចំនួនប្រាំកន្លែង ដើម្បីគ្រប់លក្ខខណ្ឌចូលរួមក្នុងការពិភាក្សានេះ។ ការស្ទង់មតិនាពេលចុងក្រោយថ្មីៗនេះបង្ហាញថា លោក Johnson ទទួលបាន៨ភាគរយ ហើយលោកស្រី Stein ទទួលបានប្រហែល៣ភាគរយ។ ដូច្នេះ នាពេលនេះ អ្នកទាំងពីរមិនទាន់មានអ្នកណាគ្រប់លក្ខខណ្ឌចូលរួមក្នុងកិច្ចពិភាក្សានោះឡើយ។
លិខិតរបស់លោកស្រីសរសេរថា៖ «ការពិភាក្សាដេញដោលសម្រាប់តំណែងប្រធានាធិបតី គឺជាកម្មវិធីដ៏សំខាន់បំផុតនៅក្នុងយុទ្ធការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ កម្មវិធីទាំងនេះ គួរតែផ្តល់ឱកាសឲ្យបានច្រើនសម្រាប់ឲ្យអ្នកបោះឆ្នោតបានឃើញបេក្ខជនឈរឈ្មោះទាំងអស់នៅទូទាំងប្រទេស ដែលពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងលក្ខណៈមួយដែលមិនសរសេរព្រៀងទុកមុន ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្តដោយការទទួលបានព័ត៌មានគ្រប់គ្រាន់»។
លោកស្រី Stein បាននិយាយនៅលើវេទិកា CNN ថា ការផ្លាស់ប្តូរប្រព័ន្ធដើម្បីអនុញ្ញាតឲ្យលោកស្រី និងលោក Johnson ចូលរួមក្នុងកិច្ចពិភាក្សាសួរដេញដោលនោះ នឹងត្រូវសម្រេចដោយមតិសាធារណៈ។
លោកស្រីនិយាយថា៖ «យើងមានសិទ្ធិដឹងថា អ្នកណាជាជម្រើសរបស់យើង»។
កាលពីថ្ងៃទី១៧ ខែសីហា នៅក្នុងវេទិកា Fusion មួយ លោក Johnson ក៏បានបង្ហាញនូវភាពជឿជាក់ថា លោកមិនត្រូវការការផ្លាស់ប្តូរអ្វីទេដើម្បីឲ្យលោកបានចូលក្នុងកិច្ចពិភាក្សាទាំងនោះ។ លោកយល់ថា លោកមានឱកាស៥០ភាគរយដើម្បីទទួលបានការគាំទ្រ១៥ភាគរយ និងចូលរួមក្នុងកិច្ចពិភាក្សាសួរដេញដោល ដែលនឹងធ្វើឡើងលើកទីមួយនៅថ្ងៃទី២៦ ខែកញ្ញានេះ៕
ប្រែសម្រួលដោយ សើ សាយ្យាណា