កាលពីថ្ងៃសុក្រ ប្រធានាធិបតី Donald Trump បានបង្កើនការរិះគន់របស់គាត់ដល់ប្រទេស Qatar ដែលជាប្រទេសតូចមួយក្នុងតំបន់ឈូងសមុទ្រ Perse មានទាក់ទិននឹងវិបត្តិការទូតវិលវល់ជាមួយពួកប្រទេសអារ៉ាប់នៅជិតខាង។
Trump បាននិយាយនៅក្នុងសន្និសីទកាសែតមួយក្នុងសួនផ្កាកុលាបក្នុងសេតវិមានថា «ជាអកុសល ប្រទេស Qatar ជាយូរយាមកហើយបានផ្តល់ប្រាក់កាសផ្គត់ផ្គង់ភេរវកម្មនៅកម្រិតខ្ពស់ខ្លាំងណាស់»។
អត្ថាធិប្បាយរបស់ Trump មានឡើងតែប៉ុន្មាននាទីក្រោយពីរដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានអំពាវនាវឱ្យមានការស្ងប់ស្ងៀមនិងការបន្ធូរបន្ថយការរាំងខ្ទប់ត្រូវដាក់កំហិតប្រឆាំងនឹងប្រទេស Qatar ដោយប្រទេសជិតខាងខ្លួន។
លោក Tillerson បានមានប្រសាសន៍ថាការរាំងខ្ទប់នេះបណ្តាលឱ្យមានផលវិបាកខាងមនុស្សធ៌មនិងខាងជំនួញ «ដែលមិនមែនជាការចង់ឱ្យមាន» ហើយ «បង្អាក់សកម្មភាពយោធារបស់ស.រ.អា.នៅក្នុងតំបន់និងយុទ្ធនាការប្រឆាំងនឹងពួក ISIS ផងដែរ»។
នៅក្នុងសប្តាហ៍នេះ ប្រទេសអារ៉ាប៊ី សាអូឌីត អេមីរ៉ាត អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីបបានដាក់កំហិតការរាំងខ្ទប់ខាងសេដ្ឋកិច្ចនិងខាងការទូតលើប្រទេស Qatar នៅក្នុងកំណើននៃជម្លោះក្នុងតំបន់នេះដែលមានយូរយាមកហើយ។
ប្រទេសទាំងនោះ ជាពិសេសប្រទេសអារ៉ាប៊ី សាអូឌីត មិនយល់ស្របជាមួយប្រទេស Qatar ទេអំពីមុខនាទីរបស់ក្រុមឥស្លាមនិយមដូចជាពួក Muslim Brotherhood និងប្រទេសអ៊ីរ៉ង់ជាដើម៕