សាកលវិទ្យាល័យស្រាវជ្រាវនាំមុខចំនួន១២របស់សហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់ខ្លួនដល់កិច្ចព្រមព្រៀងការផ្លាស់ប្តូរអាកាសធាតុក្រុងប៉ារីស ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំសម្រេចចិត្តខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនោះក៏ដោយ។ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យHarvard សាកលវិទ្យាល័យ Yale សាកលវិទ្យាល័យ Columbia និងសាកលវិទ្យាល័យល្បីៗ៩ផ្សេងទៀតបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទថា សាកលវិទ្យាល័យដើរតួនាទីដ៏សំខាន់មួយនៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ធ្វើឲ្យជឿនលឿននូវការយល់ដឹងពីមូលហេតុនិងផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុទៅលើបរិដ្ឋានហើយនឹងបង្កើតដំណោះស្រាយ។
ការផ្លាស់ប្តូរអាកាសធាតុបណ្តាលមកពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចេញពីសកម្ម ភាពមនុស្សបាននាំឲ្យមានការផ្លាស់ប្តូរអាកាសធាតុ ឡើងកម្រិតទឹកសមុទ្រ ហើយនឹងធ្វើឲ្យមានការអាកាសធាតុដ៏ខ្លាំងបំផុតនៅជុំវិញពិភពលោក។ សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា «ការមូលមតិខាងវិទ្យាសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ថា អាកាសធាតុកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងបណ្តាលមកពីសកម្មភាពមនុស្សដែលផលវិបាកនៃការផ្លាស់ប្តូរអាធាតុនេះកំពុងបង្កើនល្បឿន ហើយភាពត្រូវការកាបូនតិចនៅថ្ងៃអនាគតកំពុងកើនឡើងយ៉ាងខ្លាំង»។
សាកលវិទ្យាល័យផ្សេងទៀតដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះរួមមានសាកលវិទ្យាល័យ Brown សាកលវិទ្យាល័យ Cornell សាកលវិទ្យាល័យ Dartmouth សាកលវិទ្យាល័យ Duke សាកលវិទ្យាល័យ Georgetown សាកលវិទ្យាល័យ Johns Hopkins សាកលវិទ្យាល័យ Massachusetts Institute of Technology សាកលវិទ្យាល័យ Stanford និងសាកលវិទ្យាល័យ Pennsylvania។
នៅឆ្នាំ២០១៥ សាកលវិទ្យាល័យទាំងនោះស្ថិតនៅក្នុងចំណោមស្ថាប័នអប់រំចំនួន៣១៨ដែលបានចុះហត្ថលេខាលើច្បាប់ American Campus Actស្តីពីការប្តេជ្ញាចិត្តនៃការផ្លាស់អាកាសធាតុ ដែលបានតាំងចិត្តបង្កើនថាមពលស្អាត អភិរក្សប្រភពធនធាន ហើយនឹងបន្តគាំទ្រការស្រាវជ្រាវនៅក្នុងវិស័យផ្លាស់ប្តូរអាកាសធាតុ សុខភាពសាធារ ណៈ ថាមពល៕