លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធ Twitter របស់លោក កាលពីថ្ងៃសុក្រមួយថ្ងៃបន្ទាប់ពីគេបានដកស្រង់សម្តីរបស់លោក ថា លោកបានប្រើប្រាស់ពាក្យអសុរសទៅលើប្រទេសមួយចំនួននៅអំឡុងពេលកិច្ចប្រជុំអំពីបញ្ហាអន្តោប្រវេសន៍។ លោកបានបដិសេធថា លោកមិនបានប្រើប្រាស់ពាក្យអសុរសទាំងនោះទៅលើពលរដ្ឋអែលសាវ៉ាឌ័រ ហៃទី និងពលរដ្ឋអាហ្វ្រិកនោះទេ។
លោក ត្រាំ បានសរសេរដូច្នេះថា៖ «ខ្ញុំបានប្រើពាក្យខ្លាំងៗនៅក្នុងកិច្ចប្រជុំនោះ ប៉ុន្តែពាក្យដែលគេដកស្រង់យកទៅនោះមិនមែនជាពាក្យដែលខ្ញុំបាននិយាយនោះទេ។ សំណើច្បាប់ DACA បង្កឲ្យមានបញ្ហាធ្ងន់ធ្ងរណាស់»។
លោក ត្រាំ បានបង្ហោះសារមួយទៀត ដែលលោកបានសរសេរថា៖ «ខ្ញុំមិនដែលបានប្រើពាក្យប្រមាថមើលងាយលើជនជាតិហៃទី ក្រៅតែពីពាក្យដែលលោកបាននិយាយថា ហៃទីគឺជាប្រទេសដែលមានបញ្ហា និងជាប្រទេសក្រីក្រ»។ លោកប្រធានាធិបតីបានបន្ថែមថា លោកមានទំនាក់ទំនងដ៏ល្អជាមួយនឹងហៃទី ហើយបានស្នើថា សម្រាប់កិច្ចប្រជុំលើកក្រោយគួរតែថតសំឡេងទុក។
អត្ថាធិប្បាយជាច្រើនទាក់ទិនប្រទេសទាំងនោះ កើតឡើងបន្ទាប់ពីក្រុមសមាជិកព្រឹទ្ធសភាបានពិភាក្សាគ្នាអំពីកំណែទម្រង់ច្បាប់អន្តោប្រវេសន៍។ នេះបើយោងតាមមនុស្ស៣នាក់ដែលបានដឹងពីការពិភាក្សានេះ។
លោក Dick Durbinសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Illinois បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកសារពត៌មានថា លោកប្រធានាធិបតីមិនមែននិយាយពាក្យអសុរសនោះតែម្តងនោះទេ ប៉ុន្តែលោកបាននិយាយពាក្យនោះម្តងហើយម្តងទៀត។ លោក Durbinបានហៅពាក្យសម្តីទាំងនោះថាជាពាក្យ «អាក្រក់» «អសុរស» និង«រើសអើង»៕