ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​មួយ​បង្ហាញ​ថា៖ គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក ​ត្រាំ នឹង​ធ្វើ​ឲ្យ​​រដ្ឋ​ Michigan​ ខាត​បង់


លោក Shaker Sadeak ជន​អន្តោ​ប្រវេសន៍​​មក​ពី​បង់ក្លាដែស​បាន​មក​រស់​នៅ​រដ្ឋ Michigan កាល​ពី​ឆ្នាំ​២០០១។ សព្វ​ថ្ងៃ​លោក​បើក​ហាង​លក់​ក្រណាត់​និង​សម្លៀក​បំពាក់​​នៅក្នុង​រដ្ឋ​នេះ។
លោក Shaker Sadeak ជន​អន្តោ​ប្រវេសន៍​​មក​ពី​បង់ក្លាដែស​បាន​មក​រស់​នៅ​រដ្ឋ Michigan កាល​ពី​ឆ្នាំ​២០០១។ សព្វ​ថ្ងៃ​លោក​បើក​ហាង​លក់​ក្រណាត់​និង​សម្លៀក​បំពាក់​​នៅក្នុង​រដ្ឋ​នេះ។

របាយការណ៍​នោះ​​បាន​ស្នើ​ថា​ ការ​ផ្តល់​ឋានៈ​ជា​ជន​ស្រប​ច្បាប់​ដល់​ជនអន្តោប្រវេសន៍​ទាំង​នេះ និង​តម្រូវ​ឲ្យ​ពួក​គេ​បង់​ពន្ធ​ត្រឡប់​មក​វិញ​នោះ​ នឹង​ជា​ការ​ទទួល​បាន​ផល​ចំណេញ​ទាំង​ស្រុង​សម្រាប់​រដ្ឋ​នេះ​និង​ស្រាប់​ពលរដ្ឋ​ក្នុង​រដ្ឋ​នេះ។

កាល​ពី​ដំណាច់​សតវត្សរ៍ ​លោក ​Shaker Sadeak ​ដែល​ជា​ជន​អន្តោប្រវេសន៍​បង់ក្លាដែស​បាន​វេច​បង្វិច​របស់​គាត់​ចាក​ចេញ​ទីក្រុង​ញូវយ៉ក​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ Michigan ​ដែល​ជា​រដ្ឋ​មួយ​លោក​និយាយ​ថា ​ធ្វើ​ឲ្យលោក​មាន​ឱកាស​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​ផង និង​អាច​ទៅ​បន្ត​ការ​សិក្សា​នៅ​សាលា​រៀន​ផង។

រយៈ​ពេល​៧​ឆ្នាំ​ក្រោយ​មក លោក​បាន​បោះ​មួយ​ជំហាន​ទៅ​មុខមួយ​ជំហាន​ទៀត​ ដោយ​បើក​ហាង​លក់​ក្រណាត់​ដុំ​និង​រាយ​ តាម​ម៉ូដ​ឥណ្ឌា នៅ​តំបន់ Banglatown ​នៃ​ក្រុង Hamtramck ក្នុង​រដ្ឋ Michigan។ មុខ​ជំនួញ​របស់​លោក​ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ភោជនីយដ្ឋាន​នៃ​ក្រុម​មនុស្ស​និយាយ​ភាសា​ Bengali ហាង​លក់​គ្រឿង​ទេស​និង​ម្ហូប​អាហារ​ គឺ​មាន​សភាព​កាន់​តែ​រីក​លូត​លាស់​ជា​បន្ត​បន្ទាប់។

នៅ​ពេល​ VOA បាន​ទៅ​កាន់​ទីនោះ​កាល​ពី​រដូវ​ក្តៅ ​មាន​ហាង​ទំនិញ​ថ្មី​និង​ចាស់​ជា​ច្រើន​ត្រូវ​បាន​ជំនួស​ទី​តាំង​ដី​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​តាម​វិថី ​Conant ដែល​ជា​វិថី​ពាណិជ្ជកម្ម​សំខាន់​បំផុត​នៃ​ក្រុង Banglatown។

លោក ​Sadeak និយាយ​ថា៖ «កាល​ពី​ឆ្នាំ​២០០០ គេ​ឃើញ​មាន​តែ​ឡាន​មួយ​ទេ​ក្នុង​រយៈ​ពេល​២​នាទី​នៅ​ទី​នេះ។ ឥឡូវ​យើង​ឃើញ​មាន​ឡាន​រាប់​ពាន់​គ្រឿង​បើក​នៅ​លើ​ផ្លូវ។ ជន​អន្តោប្រវេសន៍ទាំង​អស់​បាន​មក​រស់​នៅ​ទីនេះ​ ហើយ​បាន​សាង​សង់​អ្វីៗ​នៅ​ទី​នេះ​ឡើង​វិញ»។

បញ្ហា​ប្រចាំ​ថ្ងៃ

នៅ​ក្នុង​សហគមន៍​ Rust Belt បញ្ហា​អន្តោប្រវេសន៍​គឺ​ជា​បញ្ហា​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ។ នេះ​បើ​តាម​សម្តី​របស់​លោក Steve Tobocman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Global Detroit ដែល​ជា​សាជីវកម្ម​មិន​ស្វែងរក​ប្រាក់​ចំណេញមួយ ដែល​ព្យាយាម​ស្វែង​រក​យុទ្ធសាស្ត្រ​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​និង​ជំនួញ​ពី​អន្តរជាតិ នៅ​រដ្ឋ​ Michigan​។

បុគ្គលិក​ហាង​កាហ្វេ Aladdin Sweets & Cafe ក្នុងតំបន់​ Banglatown ក្រុង Hamtramck រដ្ឋ Michigan។
បុគ្គលិក​ហាង​កាហ្វេ Aladdin Sweets & Cafe ក្នុងតំបន់​ Banglatown ក្រុង Hamtramck រដ្ឋ Michigan។

រដ្ឋបាល​ថ្នាក់​រដ្ឋ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អភិបាល​រដ្ឋ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​សន្និដ្ឋាន​ដូច​គ្នា​ ដោយ​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ឆ្នាំ​មុន​ថា បុគ្គល​ដែល​កើត​នៅ​បរទេស​ជាង​៦៤​ម៉ឺន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​រដ្ឋ Michigan​ គឺ​«ជា​អ្នក​ចូល​រួម​ដ៏​សំខាន់​ដល់​ជោគ​ជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋ​ Michigan» ។

ប៉ុន្តែ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ត្រាំ បាន​អះអាង​ថា ជន​អន្តោប្រវេសន៍​ដែល​មិន​សូវ​មាន​ជំនាញ ឬ​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នោះ ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​អាមេរិកាំង។

លោក Stephen Miller ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី​នឹង​រារាំង​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​កម្មករ​ចូល​មក​ក្នុង​ប្រទេស​នេះ។​

លោក​បាន​ថ្លែង​ថា៖ «ក្នុង​បរិយាកាស​មួយ​ដែល​យើង​មាន​អ្នក​អត់​ការងារ​ធ្វើ​យ៉ាង​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ដូច្នេះ តើ​យើង​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​លើ​សុខុមាលភាព​របស់​កម្លាំង​កម្មករ​ដូច្នេះ​ឬ? មាន​គេ​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ជន​អន្តោប្រវេស​ដែល​គ្មាន​ជំនាញ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​លូត​លាស់​ខ្លាំង ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ទៅ​កាល​ពី​១៧​ឆ្នាំ​មុន យើង​នឹង​ដឹង​ការ​ពិត​ថា​ វា​មិន​ពិត​ដូច​ការ​លើក​ឡើង​ទេ»។

ទោះ​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​សេដ្ឋកិច្ច​របស់​រដ្ឋ​ Michigan ​បាន​លើក​ឡើង​ថា​ ជន​អន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ប្រមាណ​១២​ម៉ឺន​៦​ពាន់​នាក់​នៅ​ក្នុងរដ្ឋ​នេះ​ ធ្វើ​ការងារ​ខុស​ពី​ការងារ​ដែល​អ្នក​កើត​នៅ​ក្នុង​រដ្ឋ​នេះ​ធ្វើ​ ពួកគេ​ស្ថិត​«​ក្នុង​ចំនួន​តូច ប៉ុន្តែ​ដើរ​តួ​សំខាន់»។

របាយការណ៍​នោះ​បាន​សន្និដ្ឋាន​ថា ក្រុម​ជន​អន្តោប្រវេសន៍​នេះ​បាន​ដើរ​តួនាទី​វិជ្ជមាន​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​រដ្ឋ Michigan ដោយ​បាន​ចំណាយ​ប្រាក់​បង់​ពន្ធ​ច្រើន​ជាង​តម្លៃ​សម្រាប់​សេវាកម្មដែល​ពួក​គេ​ទទួល​បាន​មក​វិញ ដូច​ជា​ការ​អប់រំ និង​ការ​អនុវត្ត​ច្បាប់។ របាយការណ៍​នោះ​ក៏​បាន​ស្នើ​ថា​ ការ​ផ្តល់​ឋានៈ​ជា​ជន​ស្រប​ច្បាប់​ដល់​ជនអន្តោប្រវេសន៍​ទាំង​នេះ និង​តម្រូវ​ឲ្យ​ពួក​គេ​បង់​ពន្ធ​ត្រឡប់​មក​វិញ​នោះ​ នឹង​ជា​ការ​ទទួល​បាន​ផល​ចំណេញ​ទាំង​ស្រុង​សម្រាប់​រដ្ឋ​នេះ​និង​ស្រាប់​ពលរដ្ឋ​ក្នុង​រដ្ឋ​នេះ។​

រយៈ​ពេល​៩ខែ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ លោកTobocman នៃ​ក្រុម​ហ៊ុន ​Global Detroit និយាយ​ថា​ គោលនយោបាយ​និង​វោហាសាស្ត្រ​ចំពោះ​បញ្ហា​អន្តោប្រវេសន៍​របស់​រដ្ឋបាល​នេះ​បាន​ធ្វើ​ឲ្យ​ខាតបង់​យ៉ាង​ច្រើន​ គឺ​ខាត​បង់​ជាង​១​ពាន់​លាន​ដុល្លារ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ក្នុង​រដ្ឋ Michigan។

លោក Tobocman បាន​ថ្លែង​ថា៖ «យើង​បាន​ធ្វើ​ឲ្យខូច​ដល់​កិត្តិយស​របស់​អាមេរិក ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ចម្រុះ​ជាតិ​សាសន៍​ ជា​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​បំផុត និង​ជា​កន្លែង​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ចូល​មក ​ហើយ​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​និង​វិបុលភាព​ ហើយ​រស់​នៅ​ក្នុង​ក្តី​សុបិន្ត​របស់​អាមេរិក»។

គោលនយោបាយ​និង​វោហាសាស្ត្រ​កាន់​តែ​ច្រើន​ជាង​មុន

ក្នុង​កិច្ចសហប្របត្តិការ​ជាមួយ​រដ្ឋ​ដែល​មាន​ឧស្សាហកម្ម​ទន់ខ្សោយ​ចំនួន​៩​ផ្សេង​ទៀត ​ដែល​បាន​បង្កើតជា​បណ្ដាញ​សេដ្ឋកិច្ច​សាកល​ដែល​ស្វាគមន៍​ជន​អន្តោប្រវេសន៍​ ក្រុមហ៊ុន​ Global Detroit បាន​គណនា​លើ​ការ​ខាត​បង់​សេដ្ឋកិច្ច​ដែល​គេ​បាន​គ្រោង​ទុក​រួម​គ្នា​ដែល​ខាត់​បង់​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ទេសចរណ៍​អន្តរជាតិ​ និង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ចូលរៀន​របស់​សិស្ស​និស្សិត​អន្តរជាតិ ផល​ប៉ះ​ពាល់​មិន​បាន​គ្រោង​ទុក​កើត​ចេញ​ពី​ការ​ដក​កម្មវិធី​ពន្យារពេល​ឲ្យ​កុមារ​ដែល​បាន​មក​ដល់​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ឪពុកម្តាយ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ស្នាក់​នៅ​អាមេរិក​បាន ហៅ​កាត់​ថា​(DACA) និង​ការខាត​បង់​ដោយសារ​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម។

ក្នុង​ចំណោម​ការ​ខាត​បង់​ប្រចាំ​ឆ្នាំ​ដែល​មានទឹក​ប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​នៃ​រដ្ឋ​នេះ ទឹក​ប្រាក់​ខាត​បង់​ចំនួន​៤១៨.៦៣​លាន​ដុល្លារ​កើត​ចេញ​មក​ពី​ការ​លុប​ចោល​កម្មវិធី​ DACA ដែល​លោក ត្រាំ បាន​ប្រកាស។

ប្រាក់​ខាត​បង់​ចំនួន​២៤១​លាន​ដុល្លារ​ទៀត​ត្រូវ​បាន​រួម​ចំណែក​ដោយ​ការ​ធ្លាក់​ចុះ​នៃ​ទេសចរណ៍​អន្តរជាតិ​ចំនួន​១៦​ភាគ​រយ។ លោក Tobocman បាន​អះអាង​ថា​ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​កាន់​សហរដ្ឋអាមេរិក​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន​នេះ​គឺ​ជា​ប្រភព​ចម្បង​នៃ​ការ​ធ្លាក់​ចុះ​ទេសចរណ៍​ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​កាន់​សាសនា​ឥស្លាម និង​ទេសចរដែល​មានទឹក​ចិត្ត​ «​ចង់​ឃើញ​វប្បធម៌​ដទៃទៀត​ដែល​បើក​ចិត្ត​ស្វាគមន៍​ទេសចរ»។

បើ​ទោះ​ជា​ចំនួន​ជាក់​ស្តែង​ពិបាក​នឹង​គណនា​ឲ្យ​ឃើញ​ពិត​ប្រាកដ ដែល​បូក​រួម​ទាំង​ការ​ខាត​បង់​ក្នុង​ផលិតកម្ម​កសិកម្ម​ និង​ការ​មក​ដល់​នៃ​ជន​ភៀស​ខ្លួន​ថ្មីៗ​ផ្សេង​ទៀត​ក៏​ដោយ ក៏​លោក Tobocman និយាយ​ថា ផល​ប៉ះពាល់​កើត​ចេញ​ពី​គោល​នយោយបាយ​និង​វោហាសាស្ត្រ​របស់​លោក ត្រាំ បង្ហាញ​រូប​រាង​កាន់​តែ​ច្បាស់​ឡើងៗ។

លោក​និយាយ​បន្ថែម​ទៀត​ថា៖ «វា​ជា​ការ​អនុវត្ត​ដ៏​តឹងរ៉ឹង... ​ចំនួន​នៃ​ការ​បណ្តេញ​ចេញ​មិន​ច្រើន​ខ្លាំង​ទេ​ ប៉ុន្តែ​ការ​បង្ក្រាប​ដែល​យើង​បាន​ឃើញ​និង​គោល​នយោបាយ​ដែល​អនុវត្ត​ចំពោះ​ពួក​គេ​ដែល​យើង​បាន​ឃើញ​ បាន​ផ្ញើ​ជា​សារ​ថា កម្លាំង​ពលកម្ម​របស់​អ្នក​មិន​ត្រូវ​បាន​គេ​ស្វាគមន៍​ខ្លាំង​ទេនៅ​ទី​នេះ។​

បុគ្គលិក​ភោជនីយដ្ឋាន Taquería Mi Pueblo ដែល​គ្រប់​គ្រង​ដោយ​ជន​អន្តោប្រវេសន៍កំពុង​រៀប​ចំ​អាហារ​នៅ​ក្នុង​សហគមន៍ Mexicantown នៃក្រុង Detroit។
បុគ្គលិក​ភោជនីយដ្ឋាន Taquería Mi Pueblo ដែល​គ្រប់​គ្រង​ដោយ​ជន​អន្តោប្រវេសន៍កំពុង​រៀប​ចំ​អាហារ​នៅ​ក្នុង​សហគមន៍ Mexicantown នៃក្រុង Detroit។

ការ​ថ្លឹង​ថ្លែងលើ​ការខាតបង់​និង​ផល​ចំណេញ

នៅ​តំបន់​ដែល​គេ​ឃើញ​ចំនួន​ប្រជាពលរដ្ឋ​មាន​ការ​ធ្លាក់​ចុះ ដូច​ជា​នៅ​ប៉ែក​កណ្តាល​ភាគ​ខាង​លិច​ ពួក​ជន​អន្តោប្រវេសន៍​គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​សហគមន៍​ទាំង​នោះ​មាន​ភាព​រស់​រវើក​ និង​រីក​ចម្រើន។ នេះ​បើ​តាម​សម្តី​របស់​លោកស្រី​ Kim Rueben អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ Urban។

លោក​ស្រី​ Rueben គឺ​ជា​សមាជិក​នៃ​ក្រុម​ការងារ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ជាតិ​ (NAS) ដែល​បាន​ចេញ​របាយការណ៍​បូក​សរុប​ប្រចាំ​ឆ្នាំ​២០១៦ ​ស្តី​អំពី​ផល​ប៉ះពាល់​រយៈ​ពេល​វែង​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ទៅ​លើ​កម្មករ​មាន​កំណើត​ក្នុង​ស្រុក​ និង​ផល​ប៉ះពាល់​លើ​ប្រាក់​កម្រៃ​សរុប។ លោក​ស្រី​បាន​កត់​សម្គាល់​ឃើញ​ថា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ឬ​យូរ​ជាង​នេះ ផលប៉ះពាល់​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ទៅ​លើ​ប្រាក់​កម្រៃ​សម្រាប់​កម្មករ​ដែល​ជា​ម្ចាស់​ស្រុក​មាន​តិច​តួច​ណាស់​ ហើយ​មាន​ភស្តុតាង​តិច​តួច​ដែល​បង្ហាញ​ថា​ ការ​ធ្វើ​អន្តោប្រវេសន៍​ប៉ះ​ពាល់​ដល់​កម្រិត​ការងារ​របស់​កម្មករ​ដែល​កើត​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ស្រី​បាន​ថ្លែង​ថា ការ​លុប​ចោល​កម្មវិធី​ DACA គឺ​ពិត​ណាស់​បាន​ធ្វើ​មាន​ការ​ចំណាយ​(ខាត​បង់)​យ៉ាង​ច្រើន​ ពី​ព្រោះ​ថា​ អ្នក​ទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ DACA គឺ​ជា​កម្មករ​ដែល​មាន​ការ​អប់រំ​ខ្ពស់ និង​មាន​ជំនាញ​ច្បាស់​លាស់។

លោក​ស្រី​និយាយ​ថា៖ «អ្នក​ទទួល​បាន​កម្មវិធី​ DACA បាន​ចូល​រួម​យ៉ាង​ច្រើន​ទៅ​ដល់​សង្គម ពី​ព្រោះ​ពួក​គេ​មាន​លទ្ធភាព​ធ្វើ​ការងារស្រប​ទៅ​តាម​ការ​អប់រំ​ដែល​ពួក​គេ​ទទួល​បាន និង​ការ​វិនិយោគ​ដែល​ពួក​គេ​មាន»។

លោក​ស្រី​ Rueben បាន​បន្ថែម​ថា កូន​ចៅ​នៃ​ជន​អន្តោប្រវេសន៍​ជំនាន់​ទី​មួយ​ដែល​មាន​ប្រាក់​កម្រៃ​ទាប ដូច​ជា​កម្មករ​នៅ​តាម​ចម្ការ​ជា​ដើម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពួក​គេ​មាន​ការ​អប់រំ​លើស​ពី​កម្រិត​ដែល​បាន​រំពឹង​ទុក។

បើ​យោង​តាម​ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​កញ្ញា​ដោយ​ក្រុម​ហ៊ុន Quinnipiac បាន​បង្ហាញ​ថា នៅ​ទូទាំង​ប្រទេស ៣៨​ភាគ​រយ​នៃ​ពលរដ្ឋ​អាមេរិកាំង​ដែលបានបោះ​ឆ្នោត បាន​យល់​ស្របទៅ​លើ​របៀបដែល​លោក ត្រាំ កំពុង​ចាត់​វិធានការ​លើ​បញ្ហា​អន្តោប្រវេសន៍​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​មនុស្ស​៥៩​ភាគ​រយ​ដែល​មិន​យល់​ស្រប។ ចំនួន​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ៥​ពិន្ទុ​ទៅ​លើ​ចំនួន​អ្នក​យល់​ស្រប​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​សីហា​មក៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG