លោក Donald Trump នៃគណបក្សសាធារណរដ្ឋដែលសង្ឃឹមថានឹងទទួលតំណែងប្រធានាធិបតីស.រ.អា.បានដកលោក Corey Lewandowski អ្នកចាត់ចែងការឃោសនាបោះឆ្នោតរបស់លោកដែលមានភាពចម្រូងចម្រាសចេញពីតំណែង។
អ្នកស្រី Hope Hicks អ្នកនាំពាក្យនៃក្រុមឃោសនាបោះឆ្នោតឱ្យលោក Trump បាននិយាយកាលពីថ្ងៃចន្ទថា៖ «លោក Lewandowski លែងធ្វើការឱ្យការឃោសនាបោះឆ្នោតនេះទៀតហើយ»។ អ្នកស្រី Hicks បានសម្តែងការសរសើរដល់ភាពឧស្សាហ៍ធ្វើការងារនិងការប្តជ្ញារបស់លោក Lewandowski។
ពួកអ្នកសង្កេតការនយោបាយច្រើននាក់យល់ឃើញថា លោក Lewandowski ដែលបានធ្វើការជាមួយក្រុមអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យលោក Trump ចាប់តាំងពីខែមិថុនាមុនមកនោះ មានការទាក់ទងបែបអរិភាពជាមួយពួកអ្នកកាសែតក្នុងប្រទេសច្រើននាក់ហើយមានទំនាក់ទំនងរអាក់រអួលជាមួយពួកមន្ត្រីខ្លះនៃគណបក្សសាធារណរដ្ឋផងដែរ។
លោកបានទទួលការយកចិត្តទុកដាក់ខ្លាំងក្រោយមានការចោទប្រកាន់ថាលោកបានអូសទាញអ្នកកាសែតស្រីម្នាក់នៅក្នុងរដ្ឋ Florida នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបឋម។ លោក Lewandowski ក៏បានប៉ះទង្គិចជាមួយលោក Paul Manafort ប្រធានក្រុមអ្នកឃោសនាបោះឆ្នោតឱ្យលោក Trumpផងដែរ។
តួលេខអ្នកគាំទ្រលោក Trump នៅក្នុងការស្ទង់មតិក៏បានចុះថមថយដែរ ហើយលោកប្រឈមមុខនឹងការជំទាស់ពីក្រុមសមាជិកនៃគណបក្សសាធារណរដ្ឋដែលខ្វល់ខ្វាយអំពីការនិយាយរបស់លោកដែលនាំឱ្យមានការឈ្លោះគ្នា៕