រដូវកាលបោះឆ្នោតបឋម ដើម្បីជ្រើសរើសបេក្ខជនតំណាងគណបក្សសម្រាប់ប្រកួតយកតំណែងប្រធានាធិបតីអាមេរិក បានបិទបញ្ចប់ហើយកាលពីថ្ងៃអង្គារ នៅគ្រាដែលលោកស្រី Hillary Clinton បានយកជ័យជម្នះលើ លោក Bernie Sanders នៅក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋធានីសហរដ្ឋអាមេរិក។
បេក្ខជនទាំងពីររូប បានជួបពិភាក្សាគ្នាអំពីអ្វីមួយដែលពួកគេ ហៅថា ជាការពិភាក្សាដ៏វិជ្ជមាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកស្រី គ្លីនតុន បានក្លាយជា បេក្ខជនដែលគេសន្មតរួចជាស្រេចថាជាតំណាងគណបក្សប្រជាធិបតេយ្យ ដោយការបោះឆ្នោតជ្រើសរើសលោកស្រី ជាផ្លូវការ ត្រូវគេគ្រោងធ្វើនៅឯសន្និបាតគណបក្ស ក្នុងរដ្ឋ Philadelphia នៅខែក្រោយនេះ។
ចំណែកឯ លោក Sanders បានខ្នះខ្នែងជម្នះនៅក្នុងយុទ្ធនាការរបស់លោក ដើម្បីរកសំឡេងគាំទ្រ ទោះបីជាលោកត្រូវដេញតាមពីក្រោយលោកស្រី គ្លីនតុន នៅក្នុងការប្រកួតប្រជែងអស់រយៈពេលជាច្រើនខែមកនេះក៏ដោយ។
ការជម្នះរបស់លោក Sanders បានធ្វើឲ្យរូបលោក មានឥទ្ធិពលខ្លះដែរ ទៅលើគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យ។
ក្រុមរៀបចំយុទ្ធនាការរបស់លោកនិងលោកស្រី Clinton បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមែនទែន ក្រោយពីការជួបគ្នារវាងបេក្ខជនទាំងពីររូបខាងគណបក្សប្រជាធិបតេយ្យតែមួយនេះ។
សេចក្តីថ្លែងការណ៍នោះ បានរៀបរាប់ថា លោកស្រី Clinton និងលោកSanders បានពិភាក្សាបញ្ហាជាអាទិភាពរួម ដូចជា ការដំឡើងប្រាក់កម្រៃដល់កម្មករ នយោជិក និងការធ្វើកំណែទម្រង់ច្បាប់ស្តីពីហិរញ្ញវត្ថុក្នុងពេលធ្វើយុទ្ធនាការរកសំឡេងឆ្នោត ហើយនិងការធ្វើឲ្យការអប់រំនៅថ្នាក់ឧត្ដមសិក្សា មានតម្លៃសមរម្យ ដែលនិស្សិតអាចបង់បានជាដើម។
លោកស្រី Clinton និងលោកSanders ក៏បានលើកឡើងផងដែរអំពី «ការគំរាមកំហែងដ៏គ្រោះថ្នាក់ ដែលលោកDonald Trump បានធ្វើចំពោះប្រជាជាតិអាមេរិក »។
នៅក្នុងការបោះឆ្នោតបឋមក្នុងរដ្ឋធានី វ៉ាស៊ីនតោននេះ លោកស្រី Clinton ទទួលបានសំឡេងឆ្នោតគាំទ្រ ចំនួន៧៨ភាគរយ ធៀបទៅនឹងលោក Sanders ដែលទទួលបាន ២១ភាគរយ។
ការណ៍នេះ បានផ្ដល់ឲ្យលោកស្រី គ្លីនតុន នូវចំនួនប្រតិភូសរុប ២២១៩។ ចំណែកលោក Sanders វិញ ទទួលបានចំនួនប្រតិភូ ១៨៣២។
លោកស្រី Clinton នៅមិនទាន់ទទួលបានចំនួនប្រតិភូភាគច្រើនដាច់ខាត គឺចំនួន២៣៨៣ប្រតិភូ ដើម្បីក្លាយជាបេក្ខជនតំណាងគណបក្សប្រជាធិបតេយ្យជាផ្លូវការនៅឡើយទេ ប៉ុន្តែ លោកស្រី ទទួលបានការគាំទ្រ ពីប្រតិភូអង្គបោះឆ្នោតពិសេសឬ superdelegates រាប់រយនាក់ ដែលនឹងរុញលោកស្រី ឡើងដល់លំដាប់កំពូលនៅក្នុងពេលសន្និបាតរបស់គណបក្សប្រជាធិបតេយ្យ៕