ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ត្អូញត្អែរ​ពី​ការ​ព្យាយាម​របស់​គណបក្ស​​ក្នុង​ការ​រារាំង​ការ​តែង​តាំង​លោក


បេក្ខជន​ប្រធានាធិបតី​នៃគណបក្ស​សាធារណរដ្ឋ​ លោក​ Donald Trump ជាមួយ​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​ Diana Brest (ស្តាំ) ដែល​បាន​ឈរ​រង់​ចាំ​តាំង​ពី​ម៉ោង​២​ទៀប​ភ្លឺ ដើម្បី​ចាំស្តាប់​ការ​ថ្លែង​របស់​លោក​ Trump នៅ​ឯក​ពិធី​ជួប​ជុំមួយ​កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៦។
បេក្ខជន​ប្រធានាធិបតី​នៃគណបក្ស​សាធារណរដ្ឋ​ លោក​ Donald Trump ជាមួយ​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​ Diana Brest (ស្តាំ) ដែល​បាន​ឈរ​រង់​ចាំ​តាំង​ពី​ម៉ោង​២​ទៀប​ភ្លឺ ដើម្បី​ចាំស្តាប់​ការ​ថ្លែង​របស់​លោក​ Trump នៅ​ឯក​ពិធី​ជួប​ជុំមួយ​កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៦។

លោក​ Donald Trump ​ដែល​បាន​ត្រូវ​សន្មត​ថា​ជា​អ្នក​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​ត្អូញ​ត្អែរ​ថា​សមាជិក​ខ្លះ​នៃ​គណបក្ស​សាធារណរដ្ឋ​កំពុង​ខិតខំ​ព្យាយាម​បង្អាក់​ការ​ប្រកាស​ជា​ផ្លូ​វការ​ដើម្បី​តែង​តាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​នេះនៅក្នុង​មហាសន្និបាត​ជាតិ​របស់​គណបក្ស​នៅ​ខែ​ក្រោយ។

ប្រតិភូ​ខ្លះ​ដែល​នឹង​ចូល​រួម​ក្នុង​មហាសន្និបាត​នេះ​នៅ​ក្នុង​ក្រុង ​Cleveland ​រដ្ឋ​ Ohio នា​ប៉ែក​កណ្តាល​ខាង​លិច​ស.រ.អា.​និយាយ​ថា​ ពួក​គេ​ចង់​កែប្រែ​បទ​បញ្ញត្តិ​របស់​គណបក្ស​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ប្រតិភូ​អាច​បោះឆ្នោត​ឱ្យ​នរណា​ម្នាក់​ក្រៅ​ពី​មហា​សេដ្ឋី​អចលន​ទ្រព្យ​រូប​នេះ ដែល​ទើប​តែ​បាន​ឈ្នះ​បេក្ខជន​១៦​នាក់​ទៀត​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តាម​រដ្ឋ​នីមួយៗ។ ការ​ឈ្នះ​នេះបាន​ផ្តល់​ឱ្យ​លោក​នូវ​ចំនួន​ប្រតិភូ​ច្រើន​ជាង​គេ​ដែល​សន្យា​ថា​ នឹង​គាំទ្រ​លោក​នៅ​ក្នុង​មហា​សន្និបាត​ជាតិ​របស់​គណបក្ស។​

ក៏​ប៉ុន្តែ​ពួក​អ្នក​ប្រឆាំង​នឹង​លោក​ Trump បាន​និយាយ​ថា​លោក ​Trump ​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​រៀបចំ​កម្មវិធី​ជីវិត​ពិត​តាម​ទូរទស្សន៍​មិន​តំណាង​គោល​ជំហរ​អភិរក្ស​និយម​តាម​ប្រពៃណី​នៃ​គណបក្ស​សាធារណរដ្ឋ​ទេ​ ហើយ​ថា​អត្ថាធិប្បាយ​ហួស​ប្រមាណ​របស់​លោក​អំពី​ស្ត្រី អំពី​ពួក​អ្នក​គោរព​សាសនា​ឥស្លាម​ អំពី​ជន​ជាតិ​ម៊ិកស៊ិក​ បាន​ធ្វើ​ឱ្យ​លោក​មិន​បាន​ប្រព្រឹត្ត​តាម​ស្តង់ដារ​របស់​គណបក្ស​សាធារណរដ្ឋ​ទេ។

ពួក​អ្នក​បង្អាប់​លោក Trump ​ក៏​បាន​ចង្អុល​បង្ហាញ​អំពី​ការ​ស្ទង់​មតិ​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បង្ហាញ​ថា​ អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​នឹង​លោក​ទេ​ ហើយ​ថា​លោក​ស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​ Hillary Clinton នាំ​មុខ​លោក ​Trump ​ក្នុង​ពេល​៥​ខែ​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា ខាង​មុខ​នេះ៕

XS
SM
MD
LG