លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ កំពុងតែមានមន្ទិលសង្ស័យថ្មីទៅលើការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកដែលថា រុស្ស៊ីបានជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតរបស់អាមេរិក តាមរយៈការលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលការរកឃើញនេះបានធ្វើឲ្យលោកប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា ដាក់ទណ្ឌកម្មទៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីកាលពីសប្តាហ៍មុន ហើយបានបណ្តេញមន្ត្រីកាទូតរុស្ស៊ីចំនួន៣៥នាក់ ដែលលោកថាជាអ្នកលួចយកការណ៍។
លោក ត្រាំ ដែលកំពុងចូលរួមក្នុងពិធីជប់លៀងអបអរឆ្នាំថ្មីនៅឯវិមានរបស់លោកនៅក្នុងរដ្ឋ Florida បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកចង់ឲ្យប្រភពព័ត៌មានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមានភាពច្បាស់លាស់ ពីព្រោះថា នេះគឺជាបទចោទប្រកាន់ធ្ងន់ធ្ងរ ហើយលោកចង់ឲ្យមានភាពប្រាកដប្រជាអំពីរឿងនេះ។
លោកបានថ្លែងថា៖ «វាមិនយុត្តិធម៌នោះទេ ដែលធ្វើការចោទប្រកាន់ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ប្រសិនបើមានភាពមិនច្បាស់លាស់នោះ»។
លោកប្រធានាធិបតីជាប់ឆ្នោត ដែលសល់ពេលត្រឹម ១៨ថ្ងៃមុននឹងដល់ថ្ងៃដែលលោកត្រូវស្បថចូលកាន់តំណែងធ្វើជាប្រធានាធិបតីទី៤៥ របស់អាមេរិកនោះ បានថ្លែងថា លោកដឹងថាការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគឺដើម្បីប្រឆាំងនឹងរុស្ស៊ីជាងអ្វីដែលត្រូវបានលាតត្រដាងជាសាធារណៈ ហើយថា៖ «អ្នកនឹងដឹងអំពីរឿងនេះនៅថ្ងៃអង្គារឬថ្ងៃពុធនេះហើយ»។
លោកបានថ្លែងទៀតថា៖ «ខ្ញុំដឹងច្រើនអំពីការលួចចូលប្រព័ន្ធកុំព្យូទ័រនេះ។ ហើយការលួចចូលនេះគឺជារឿងមួយដែលពិបាកនឹងរកភស្តុតាងបង្ហាញ។ ដូច្នេះវាអាចជាអ្នកណាគេផ្សេងទៀត។ ហើយខ្ញុំក៏បានដឹងអំពីអ្វីដែលមនុស្សដទៃទៀតមិនបានដឹងផងដែរ ដូច្នេះហើយពួកគេមិនអាចយល់ច្បាស់ពីស្ថានការណ៍នេះនោះទេ»៕
លោក Adam Schiff សមាជិកកំពូលខាងគណបក្សប្រជាធិបតេយ្យនៃគណកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា បានប្រាប់សារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យថា លោក ត្រាំ គឺជាមនុស្សតែម្នាក់គត់ដែលមានមន្ទិលសង្ស័យទៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកទាក់ទិននឹងការដែលរុស្ស៊ីលួចចូលប្រព័ន្ធកុំព្យូទ័ររបស់អាមេរិក។
លោក Schiff បានថ្លែងថា៖ «ក្នុងនាមជាប្រធានាធិបតី លោកគួរតែឈប់និយាយបែបនេះ។ នេះគឺជាការវិនិច្ឆ័យដែលលើសលប់ ទៅលើសហគមន៍ស៊ើបការណ៍សម្ងាត់ ហើយនិយាយឲ្យស្មោះត្រង់ទៅ សមាជិកគណកម្មាធិការស៊ើបអង្កេតទាំងអស់នៅក្នុងសភា ទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ គ្មាននរណាម្នាក់មានមន្ទិលសង្ស័យអំពីរឿងនេះនោះទេ គឺមានតែម្នាក់ប៉ុណ្ណោះ ហើយម្នាក់នោះគឺលោក ដូណាល់ ត្រាំ»។
លោក ត្រាំ ដែលកម្រប្រើប្រាស់អ៊ីម៉ែលឬកុំព្យូទ័របើទោះបីជាលោកជាញឹកញាប់តែងបង្ហោះសារឬអាត្ថាធិប្បាយចំអកឡកឡឺយនៅលើបណ្តាញសង្គម Twitter នោះ បានថ្លែងថាមិនមានកុំព្យូទ័រណាមួយអាចផ្ទុកព័ត៌មានសម្ងាត់ដោយសុវត្ថិភាពនោះទេ។
លោកបានថ្លែងថា៖ «ប្រសិនបើអ្នកមានអ្វីសំខាន់ខ្លាំង អ្នកគួរសេរសេរវាហើយផ្ញើរវាតាមអ្នកនាំសំបុត្រ គឺប្រើប្រាស់វិធីបុរាណ ពីព្រោះថា ដូចខ្ញុំនិយាយអ៊ីចឹង មិនមានកុំព្យូទ័រណាមានសុវត្ថិភាពនោះទេ»៕