ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ មិនបានច្រានចោលការជួបជាមួយលោកស្រីប្រធានាធិបតីកោះតៃវ៉ានទេ ប្រសិនបើលោកស្រីប្រធានាធិបតីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្រោយពីលោកស្បថចូលកាន់ដំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។
លោក ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍នៅឯពិធីប្រារព្ធចូលឆ្នាំថ្មីនៅឯគេហដ្ឋានរបស់លោកនៅក្រុង Mar-a-Lago ថា ជំនួបជាមួយលោកស្រី Tasi Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់មានការមិនសមរម្យដោយសារបញ្ហាពិធីការ ក៏ប៉ុន្តែយើងចាំមើលសិន»។
លោកប្រធានាធិបតីជាប់ឆ្នោតបានទទួលការរិះគន់ចំពោះការសន្ទនាតាមទូរស័ព្ទដែលលោកបានធ្វើឡើងជាមួយលោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ បន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅ។
គ្មានប្រធានាធិបតី ឬប្រធានាធិបតីជាប់ឆ្នោតណារបស់សហរដ្ឋអាមេរិកមានការទាក់ទងជាមួយមេដឹកនាំកោះតៃវ៉ាន់ចាប់តាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុនបានផ្តាច់ចំណងទាក់ទងជាមួយកោះតៃវ៉ាន់នៅឆ្នាំ១៩៧៩មក ប៉ុន្តែបានផ្តូរទៅមានទំនាក់ទំនងប្រទសចិនដែលធំជាង និងមានការរីកលូតលាស់ខ្លាំងជាង។ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែជាអ្នកគាំទ្រក្រៅផ្លូវការដ៏ខ្លាំងដល់កោះតៃវ៉ាន់ចាបតាំងពីពេលនោះមក។
សេចក្តីប្រកាសរួមរវាងសហរដ្ឋអាមេរិក និងចិននៅឆ្នាំ១៩៧៩ ថ្លែងថា សហរដ្ឋអាមេរិកបានទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន ការទទួលស្គាល់តួនាទីចិនមានន័យថាមានចិនតែមួយហើយកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។
បណ្តាញផ្សាយព័ត៌មានរដ្ឋចិនបានរាយការណ៍ថា ការគ្មានបទពិសោធន៍របស់លោកត្រាំបាននាំឲ្យលោកសុខចិត្តទទួលការហៅទូរស័ព្ទរបស់លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ ក៏ប៉ុន្តែបានព្រមានថា ការរំលោភគោលនយោបាយចិនតែមួយនឹងបំផ្លាញទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង៕