ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសរសើរលោកប្រធានាធិបតីរុស្ស៊ី វ្លាដឺមៀរ ពូទីន ដែលបានប្រកាសមិនសងសឹងចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ដោយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។
ការដាក់ទណ្ឌកម្មនោះគឺដោយសារតែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីបានជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតជាតិរបស់អាមេរិកកាលពីខែវិច្ឆិកាកន្លងទៅនេះ។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់លោកកាលពីថ្ងៃសុក្រថា៖ «នេះគឺជាចំណាត់ការដ៏ល្អក្នុងការពន្យារពេល។ ខ្ញុំតែងដឹងថាលោក ពូទីន គឺជាមនុស្សឈ្លាសវៃណាស់»។
លោក ពូទីន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយរដ្ឋាភិបាលក្រឹមឡាំងថា៖ «យើងនឹងមិនបង្កើតបញ្ហាជាមួយនឹងមន្ត្រីកាទូតអាមេរិកនោះទេ។ យើងនឹងមិនបណ្តេញនរណាម្នាក់ឡើយ។ បើតាមការអនុវត្តរបស់អន្តរជាតិ រុស្ស៊ីមានហេតុផលនឹងឆ្លើយតបដោយអំពើល្អ។ បើទោះបីជាយើងមានសិទ្ធិក្នុងការសងសឹង ក៏ពួកយើងមិនប្រើប្រាស់នយោបាយការទូតបែប«ចង្ក្រានបាយ» នោះទេ ប៉ុន្តែយើងនឹងរៀបចំវិធានការណ៍បន្ថែមដើម្បីរៀបចំស្តារទំនាក់ទំនងរវាងរុស្ស៊ីនិងសរអាឡើងវិញ ផ្អែកទៅលើគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ»។
មន្ត្រីក្រសួងការបរទេសស.រ.អា.ម្នាក់ឆ្លើយតបថា៖ «យើងបានឃើញការថ្លែងកត់សម្គាល់របស់លោកប្រធានាធិបតី ពូទីន ហើយ។ យើងពុំមានអ្វីនិយាយបន្ថែមទេ»៕