លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីចំពោះការចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថា បានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់អាមេរិក និងការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅនេះ។
លោកប្រធានាធិបតីអូបាម៉ាបានហៅវិធានការនោះថាជា «ការឆ្លើយតបដ៏ចាំបាច់ និងសក្តិសមទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលផ្តល់ផលអាក្រក់ដល់សហរដ្ឋអាមេរិក នៅក្នុងការបំពានបទបញ្ញត្តិអន្តរជាតិដែលបានបង្កើតឡើងរួចហើយ»។
រដ្ឋបាលរបស់លោកអូបាម៉ាចង់ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី មុនពេលដែលលោកប្រធានាធិបតីនឹងបញ្ចប់អាណត្តិនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។
ទណ្ឌកម្មនេះរួមមានទាំងបទបញ្ជារបស់ប្រធានាធិបតីក្នុងការឲ្យប្រតិបត្តិការស៊ើបការសម្ងាត់របស់រុស្ស៊ីទាំង៣៥ ចាកចេញពីសហរដ្ឋអាមេរិកក្នុងរយៈពេល៧២ម៉ោង និងដាក់ពិន័យទៅលើសកម្មភាពស៊ើបការសម្ងាត់នាំមុខគេ២របស់រុស្ស៊ីផងដែរ។
ក្រសួងការបរទេសរុស្ស៊ីថ្កោលទោសទៅលើទណ្ឌកម្មនេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានឲ្យដឹងថា «និយាយឲ្យស្មោះត្រង់ទៅ យើងនឿយហត់នឹងការកុហកអំពីការចោទប្រកាន់ថា រុស្ស៊ីជាអ្នកលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រអាមេរិកដែលនៅតែបន្តឮពីមេដឹកនាំកំពូលរបស់រដ្ឋាភិបាលអាមេរិក។ រដ្ឋបាលលោក អូបាម៉ា បានបញ្ចេញព័ត៌មានមិនពិតនេះអស់រយៈពេលកន្លះឆ្នាំមកហើយ ក្នុងបំណងជួយដល់បេក្ខជនដែលលោកចូលចិត្តនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកា ហើយដោយសារតែមិនបានទទួលលទ្ធផលដូចបំណង ក៏រកលេសបិទបាំងបរាជ័យនោះ ដូច្នេះជះកំហឹងទៅលើទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក»។
ទោះបីជាទណ្ឌកម្មថ្មីនោះនឹងដាក់ដោយជោគជ័យក៏ដោយ ក៏គេនៅមិនទាន់ច្បាស់ទេ ថាតើរដ្ឋបាលរបស់លោក Donald Trump នឹងនៅរក្សាទណ្ឌកម្មនោះក្រោយលោកចូលកាន់តំណែងនៅខែក្រោយនេះឬយ៉ាងណានោះ៕