ក្រុមយុទ្ធនាការបោះឆ្នោតអាណត្តិទី២របស់លោកប្រធានាធិបតី Donald Trump និងក្រុមគណបក្សសាធារណរដ្ឋ បានប្តឹងស្រុកទី៣ថែមទៀតរបស់រដ្ឋ Iowa ដើម្បីធ្វើមោឃភាពពាក្យស្នើសុំរាប់ពាន់ពីអ្នកបោះឆ្នោតដែលដាក់ពាក្យសុំសន្លឹកឆ្នោតប្រភេទអវត្តមាន (absentee ballots) ដើម្បីមិនទៅបោះឆ្នោតដោយផ្ទាល់។
ពាក្យប្តឹងប្រឆាំងមន្ត្រីបោះឆ្នោតក្នុងស្រុក Woodbury នឹងពង្រីកនូវកិច្ចប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋ ដើម្បីធ្វើឲ្យមានការលំបាកថែមទៀតដល់អ្នកបោះឆ្នោត និងមន្ត្រីបោះឆ្នោតក្នុងមូលដ្ឋាន ក្នុងការចាត់ចែងសំណើសុំសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ។
ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំនិងគណបក្សសាធារណរដ្ឋ កាលពីសប្តាហ៍មុន បានដាក់ពាក្យប្តឹងដូចគ្នានេះ ប្រឆាំងមន្ត្រីបោះឆ្នោតក្នុងស្រុកពីរទៀត គឺស្រុក Linn និងស្រុក Johnson ក្នុងរដ្ឋ Iowa នេះផងដែរ។
បញ្ហាដែលនាំឲ្យមានការប្តឹងជំទាស់នេះ ត្រង់ថា ស្រុកទាំង៣ បានផ្ញើឲ្យអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយនោះ នូវពាក្យសុំដែលមានបំពេញរួចហើយនូវព័ត៌មាន ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខកូដសម្ងាត់សម្រាប់បោះឆ្នោត។
ពាក្យបណ្តឹងបានចោទថា ការដែលមន្ត្រីបោះឆ្នោតស្រុកបំពេញព័ត៌មានអ្នកបោះឆ្នោតជាមុននៅក្នុងពាក្យសុំនោះ គឺផ្ទុយនឹងបទបញ្ជារបស់រដ្ឋលេខាធិការរដ្ឋ Iowa ផ្ញើពាក្យសុំទទេទៅអ្នកបោះឆ្នោតនៅទូទាំងរដ្ឋ។ ប៉ុន្តែ មន្ត្រីបោះឆ្នោតស្រុកថា ពួកគេធ្វើតាមសមត្ថកិច្ចរបស់ពួកគេ ដើម្បីលើកទឹកចិត្តការបោះឆ្នោតតាមប្រៃសណីយ៍ ក្នុងអំឡុងមានជំងឺរាតត្បាត ព្រោះអ្នកបោះឆ្នោតខ្លះ មិនចាំលេខរបស់ពួកគេ ហើយនឹងមិនអាចបោះឆ្នោតបាន។
អ្នកបោះឆ្នោតគ្រាន់តែផ្ទៀងផ្ទាត់ព័ត៌មានក្នុងពាក្យស្នើសុំនោះ និងចុះហត្ថលេខារបស់ខ្លួន ហើយផ្ញើពាក្យសុំនោះទៅមន្ត្រីបោះឆ្នោតវិញ ដើម្បីទទួលបានសន្លឹកឆ្នោតចាប់ពីថ្ងៃទី៥តុលា តទៅ។ មានពលរដ្ឋជាង៧ម៉ឺននាក់ក្នុងស្រុកទាំង៣ ក្នុងរដ្ឋ Iowa ដែលបានដាក់ពាក្សស្នើសុំសន្លឹកឆ្នោតប្រភេទអវត្តមានរបស់ពួកគេ៕