លោកប្រធានាធិបតី Donald Trump បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកចង់ឃើញសេវាប៉ុស្តិ៍ប្រៃសណីយ៍របស់សហរដ្ឋអាមេរិកមានលក្ខណៈលឿនជាងមុន ទោះបីជាគណបក្សប្រជាធិបតេយ្យកំពុងត្រៀមបោះឆ្នោតនៅក្នុងសប្ដាហ៍នេះ ដើម្បីទប់ស្កាត់ការផ្លាស់ប្ដូរនៅប៉ុស្តិ៍ប្រៃសណីយ៍ ដែលពួកគេលើកឡើងថា [ការផ្លាស់ប្ដូរនេះ] អាចរារាំងដល់ដំណើរការនៃការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ដែលគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខក៏ដោយ។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានមុនពេលលោកចាកចេញទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Minnesota និង រដ្ឋ Wisconsin ថា៖ «ខ្ញុំលើកទឹកចិត្តឲ្យអ្នកគ្រប់គ្នាពន្លឿនសេវាប្រៃសណីយ៍ មិនមែនពន្យឺតវានោះទេ»។
លោក Trump បាននិយាយកាលពីសប្ដាហ៍មុនថា លោកប្រឆាំងនឹងសំណើថវិកាថ្មីចំនួន ២៨ ពាន់លានដុល្លារសម្រាប់ប៉ុស្តិ៍ប្រៃសណីយ៍ ដែលមួយចំណែកនៃថវិកានេះនឹងប្រើសម្រាប់ការប្រមូលសន្លឹកឆ្នោត ដែលគេរំពឹងថានឹងមានរហូតដល់រាប់លានសន្លឹក ដោយសារតែអ្នកបោះឆ្នោតមិនទៅបោះឆ្នោតដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោត ព្រោះបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
អស់រយៈពេលជាច្រើនខែមកហើយ លោក Trump បានបញ្ជាក់ដោយគ្មានភស្តុតាងថា ការផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍របស់រដ្ឋនានាទៅឲ្យអ្នកបោះឆ្នោតនឹងបណ្ដាលឲ្យមានការលួចបន្លំ និងក្លែងបន្លំសន្លឹកឆ្នោតប្រឆាំងនឹងរូបលោក។
កាលពីថ្ងៃអាទិត្យ ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានកោះហៅសមាជិករដ្ឋសភាឲ្យមកបោះឆ្នោតលើថវិកាសម្រាប់ប៉ុស្តិ៍ប្រៃសណីយ៍ និងស្ដារឡើងវិញនូវអ្វីដែលបានកែប្រែដោយអគ្គនាយកប្រៃសណីយ៍លោក Louis DeJoy ដែលគណបក្សប្រជាធិបតេយ្យអះអាងថាអាចនឹងរាំងស្ទះដល់ការបញ្ជូនសន្លឹកឆ្នោតមកការិយាល័យបោះឆ្នោតឲ្យទាន់ពេលរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ៕