នៅក្នុងការថ្លែងសុន្ទរកថាជាលើកទី១ទៅកាន់សភារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អំពីស្ថានភាពសហព័ន្ធ លោក ត្រាំ បានហៅប្រទេសចិនថាជាដៃគូប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក និងបានប្រកាសពីអ្វីដែលលោកហៅថា ជាការបញ្ចប់យុគសម័យនៃការចាញ់ប្រៀបផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ចិនម្តងហើយម្តងទៀតពីការរំលោភបំពានលើការធ្វើពាណិជ្ជកម្ម និងបានប្រកាសថានឹងចាត់វិធានការណ៍បន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ក៏ប៉ុន្តែលោកប្រធានាធិបតីមិនបានថ្លែងដោយផ្ទាល់ពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២នៅក្នុងពិភពលោក នៅពេលដែលលោកសន្យាថានឹងការពារកម្មសិទ្ធិបញ្ញា និងប្រយុទ្ធដើម្បីឲ្យមានការធ្វើពាណិជ្ជកម្មទៅវិញទៅមកដោយយុត្តិធម៌។
អ្នកវិភាគមួយចំនួនថ្លែងថាអាចមានហេតុផលជាច្រើនរួមទាំងការរំពឹងទុកនានា ដែលថា រដ្ឋបាលរបស់លោក Trump ប្រហែលជានឹងប្រកាសពីចំណាត់ការលើផ្នែកពាណិជ្ជកម្មបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ មូលហេតុផ្សេងៗទៀតនោះគឺថាមានការយល់ឃើញផេ្សងៗគ្នាអំពីប្រទេសចិននៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយនឹងមិនទាន់មានចំណាត់ការណាមួយជាក់លាក់នៅឡើយនោះទេ។
លោក Julian Evans-Pritchard សេដ្ឋវិទូរបស់ក្រុមហ៊ុន Capital Economics ដែលមានទីតាំងនៅក្នុងប្រទេសសិង្ហបុរីបានថ្លែងថា រដ្ឋបាលរបស់លោក ត្រាំ ទំនងជានឹងចាត់វិធានការណ៍ប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង។ ដោយលោកបានថ្លែងថា «អ្វីដែលជាហានិភ័យនោះ ខ្ញុំគិតថាប្រសិនបើអ្នកប្រឆាំងនឹងចិនកាន់តែខ្លាំង នោះចិនប្រហែលជានឹងសងសឹកត្រឡប់មកវិញ តាមវិធីមួយដែលបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់សហរដ្ឋអាមេរិក ជាងអាមេរិកធ្វើទៅលើចិនទៅទៀត»។ លោកបានលើកឡើងបន្ថែមទៀតថា«ពិតជាមានទស្សនៈផ្សេងគ្នាអំពីចិននៅក្នុងរដ្ឋាភិបាលអាមេរិក»។
លោក ត្រាំ នាពេលថ្មីៗនេះបានប្រកាសបន្ថែមពន្ធទៅលើការនាំចូលបន្ទះសូឡា និងម៉ាស៊ីនបោកខោអាវ ហើយលោកបាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិចារណាទៅលើការផាកពិន័យក្នុងទ្រង់ទ្រាយធំមួយដល់ប្រទេសចិន ពីបទលួចកម្មសិទ្ធិបញ្ញា។
លោក Evans-Pritchardបានថ្លែងបន្តទៀតថាប្រហែលនឹងមានការសម្រេចចិត្តក្នុងពេលឆាប់ៗនេះពីការកំណត់ពន្ធនៅទៅដែក និងអាលុយមីញ៉ូម ព្រមទាំងវិធានការណ៍នានាស្តីពីការលួចកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសចិន ប៉ុន្តែរដ្ឋបាលរបស់លោក ត្រាំ ហាក់ដូចជាមិនទាន់ចាត់វិធានការណ៍ខ្លាំងក្លាទៅលើបញ្ហានេះនៅឡើយទេ។
តើប្រទេសចិននឹងផ្លាស់ប្តូរឬទេ?
លោក Evans-Pritchard បានថ្លែងបន្តទៀតថា៖ «ចិនជាប្រទេសនាំចេញផលិតផល ដូច្នេះអាចមានការខូចខាតច្រើននៅក្នុងសង្គ្រាមពាណិជ្ជកម្មនេះ។ ប៉ុន្តែក្នុងករណីប្រទេសចិន រដ្ឋាភិបាលចិនមានអំណាចខាំ្លងក្នុងការធ្វើឲ្យក្រុមហ៊ុនបរទេសមានការលំបាក ប៉ុន្តែនៅសហរដ្ឋអាមេរិកវិញ មានការកំណត់អំណាចឲ្យរដ្ឋាភិបាលដើម្បីអាចធ្វើដូច្នេះបាន»។
លោក Christopher Balding សាស្រ្តចារ្យជំនួយផ្នែកហរិញ្ញវត្ថុ និងសេដ្ឋកិច្ចនៅឯសកលវិទ្យាល័យប៉េងកាំង នៃសាលាជំនួញHSBC បានថ្លែងថា«ហេតុផលមួយដែលធ្វើឲ្យប្រទេសចិនមិនសូវត្រូវបានថ្លែងនៅក្នុងសុន្ទរកថានេះ អាចដោយសារតែ លោកប្រធានាធិបតីកំពុងបង្រៀនខ្លួនឯងឲ្យមានវិន័យជាងមុន ដែលជាទូទៅលោកគឺជាមនុស្សដែលនិយាយអ្វីមិនគួរនិយាយនោះ»។
លោក Balding បានថ្លែងបន្តថា៖ «ប្រហែលជាអាចមានការផ្លាស់ប្តូរនៅថ្ងៃស្អែក។ ប៉ុន្តែលោកប្រធានាធិបតីបានរិះគន់ប្រទេសចិនជាញឹកញាប់រួចទៅហើយ»។
ក្រុមអ្នកវិភាគនិយាយថា វាក៏ប្រហែលជាដោយសារតែមានការកើនឡើងមតិជាឯកច្ឆន្ទថា ប្រទេសចិនមិនខ្វល់ខ្វាយឡើយ។
អស់ពេលជាច្រើឆ្នាំកន្លងមក មានការសង្ឃឹមជាច្រើនថាប្រទេសចិននឹងអាចបញ្ជូលទៅក្នុងទីផ្សារពិភពលោក និងក្លាយជាប្រទេសមានតម្រូវការទីផ្សារច្រើន និងមានសេដ្ឋកិច្ចសេរី។ ក៏ប៉ុន្តែការមូលមតិឯកច្ឆន្ទកាន់តែច្រើនឡើងក្នុងចំណោមអ្នកជំនាញផ្នែកគោលនយោបាយការបរទេស និងអ្នកជំនាញផ្សេងបានបង្ហាញថាការវិវត្តរបស់ចិនទៅជាប្រទេសបែបនោះ នឹងមិនអាចកើតឡើងបានទេ។
លោក Balding បានថ្លែងបន្តទៀតថា៖ «ចិនបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ហើយថា នឹងធ្វើជាប្រទេសផ្តាច់ការ ហើយប្រសិនមានប្រទេសណាមិនយល់ស្របជាមួយចិន នោះចិននឹងផ្តាច់ការធ្វើជំនួញជាមួយប្រទេសនោះ»។
ផ្លូវដែលត្រូវដើរទៅមុខ
ក្រសួងការបទេសចិនបានច្រានចោលការប្រកាសរបស់លោកប្រធានាធិបតី ត្រាំ ថារដ្ឋាភិបាលក្រុងប៉េងកាំងជាគូប្រជែងរបស់សហរដ្ឋអាមេរិក និងបានស្នើទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឲ្យឈប់ប្រើវិធានការណ៍«សង្គ្រាមត្រជាក់» និង«ល្បែងយកចាញ់ឈ្នះនេះ» នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។
លោក Hua Chunying អ្នកនាំពាក្យក្រសួងការបទេសចិន បានប្រាប់ក្រុមអ្នកសារពត៌មានបន្ទាប់ពីសុន្ទរកថានោះថា៖ «កិច្ចសហប្រតិបត្តិការគឺជាជម្រើសត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋសហរដ្ឋអាមេរិក។ យុទ្ធសាស្រ្តឈ្នះឈ្នះ គឺវិធីសាស្ត្រមួយដើម្បីជួយបង្កើតឲ្យមានអនាគតល្អប្រសើរ»។
នៅក្នុងសុន្ទរកថារបស់លោក ត្រាំ បានបន្ទន់ឥរិយាបថពេលនិយាយពីប្រទេសចិនខុសពីរបាយការណ៍យុទ្ធសាស្រ្តថ្មីៗនេះរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានលើកឡើងថា អំណាចយោធារបស់រុស្ស៊ី និងចិនគឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក ខ្លាំងជាងអំពើភេរវកម្មទៅទៀត។
នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកអំពីស្ថានភាពសហព័ន្ធកាលពីយប់ថ្ងៃអង្គារបានលើកឡើងថា៖ «យើងប្រឈមនឹងរបបគ្រប់គ្រងដែលមានសភាពអាក្រក់ ក្រុមភេរវកម្មនៅជុំវិញពិភពលោក ហើយគូប្រជែងដូចជាប្រទេសចិននិងរុស្ស៊ី គឺជាឧបសគ្គរារាំងដល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់យើង។ ដើម្បីទប់ទល់នឹងគ្រោះថា្នក់ទាំងនេះ យើងដឹងយ៉ាងច្បាស់ថា ភាពទន់ខ្សោយគឺហេតុផលនាំឲ្យមានជម្លោះយ៉ាងពិតប្រាកដ ប៉ុន្តែអំណាចដែលគ្មានអ្នកណាអ្នកប្រជែងបានគឺជាវិធីសាស្រ្តការពារខ្លួនបានយ៉ាងពិតប្រាកដ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា