សមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់នៅក្នុងគណៈកម្មាធិការផ្នែកស៊ើបការសម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកាំងបាននិយាយកាលពីថ្ងៃពុធថាខាងសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការនេះបានកែប្រែអនុស្សារណៈសម្ងាត់មួយនៅមុនបញ្ជូនវាទៅសេតវិមានជាជាងបញ្ជូនអត្ថបទដើមដែលគណៈកម្មាធិការនេះបានបង្ហាញសមាជិកសភាហើយបានទទួលការយល់ព្រមឱ្យចេញផ្សាយនៅក្នុងការបោះឆ្នោតមួយតាមបន្ទាត់នយោបាយរបស់គណបក្ស។
ឯកសារនេះដែលសេតវិមានអាចសម្រេចថានឹងផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបង្ហាញការលម្អៀងរបស់ក្រសួងយុត្តិធ៌មប្រឆាំងនឹងប្រធានាធិបតី Donald Trump។
លោក Adam Schiff បាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅឱ្យលោក Devin Nunes ប្រធានគណៈកម្មាធិការនេះថាប្រជាធិបតេយ្យបានរកឃើញកាលពីយប់ថ្ងៃពុធថាមាន «ការកែសម្រួល» ដែលសមាជិកគណៈកម្មាធិការនេះមិនអាចពិនិត្យមើលឬយល់ព្រមបានទេហើយថាការណ៍នេះជា «ការអំពល់ខ្លាំង»។
លោក Schiff បានមានប្រសាសន៍ថា៖ «ទោះណាជាការកែប្រែភាគច្រើនមិនបានកែភាពធ្វើឱ្យខុសពីភាពដើមនិងភាពមិនត្រឹមត្រូវនៅក្នុងឯកសារលោកក៏ដោយក៏ការកែទាំងនេះមានសារៈសំខាន់ដែរ»។
អ្នកនាំពាក្យម្នាក់របស់លោក Nunes បានឆ្លើយតបជាមួយសេចក្តីថ្លែងការណ៍មួយថាឯកសារត្រូវបញ្ជូនទៅសេតវិមានមាន «ការកែសម្រួលតែបន្តិចបន្តួច» ហើយថាប្រជាធិបតេយ្យខិតខំប្រឹងប្រែងបង្វែរការយកចិត្តទុកដាក់លើ «ការរំលោភត្រូវចែងដោយល្អិតល្អន់នៅក្នុងអនុស្សារណៈនោះ»។
អ្នកនាំពាក្យរូបនេះបានថ្លែងថា «នៅក្នុងការប៉ុនប៉ងដ៏ចម្លែកខ្លាំងឡើងៗរបស់ពួកគេក្នុងការរារាំងការផ្សព្វផ្សាយអនុស្សារណៈនេះ ភាគតិចនៅក្នុងគណៈកម្មាធិការនេះកំពុងត្អូញត្អែរអំពីកំណែបន្តិចបន្តួចនៅក្នុងអនុស្សារណៈនេះដែលមានរួមបញ្ចូលការកែសម្រួលទាក់ទិននឹងវេយ្យាករណ៍និងកំណែពីរត្រូវសុំដោយ FBI និងក្រុមជនជាតិភាគតិច»៕