ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump រិះគន់​ធនាគារ​កណ្ដាល​អាមេរិក​ថា​ជា​អ្នក​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​មាន​ចលាចល


បុរស​ម្នាក់​ដើរ​កាត់​ផ្ទាំង​បង្ហាញ​សន្ទស្សន៍​ភាគហ៊ុន Nikkei នៅ​ក្រុមហ៊ុន​ផ្សារ​ភាគហ៊ុន​មួយ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
បុរស​ម្នាក់​ដើរ​កាត់​ផ្ទាំង​បង្ហាញ​សន្ទស្សន៍​ភាគហ៊ុន Nikkei នៅ​ក្រុមហ៊ុន​ផ្សារ​ភាគហ៊ុន​មួយ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ផ្សារ​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ចិន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​មាន​ការ​លក់​ភាគហ៊ុន​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ទីផ្សារ​ភាគហ៊ុន​សហរដ្ឋ​អាមេរិក។

សន្ទស្សន៍​ភាគហ៊ុន Nikkei ធ្លាក់​ចុះ​ប្រហែល ៥ ភាគរយ។ រី​ឯ​សន្ទស្សន៍​ភាគហ៊ុន Shanghai Composite Index វិញ ធ្លាក់​ចុះ​ប្រហែល ២ ភាគរយ។

នៅ​ក្នុង​ការ​ទិញ​លក់​ភាគហ៊ុន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សន្ទស្សន៍​ភាគហ៊ុន S&P 500 ធ្លាក់​ចុះ​ជាង ២ ភាគរយ ហើយ​សន្ទស្សន៍​ភាគហ៊ុន Dow ធ្លាក់​ចុះ​ជិត ៣ ភាគរយ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​រិះគន់​ធនាគារ​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​ធ្លាក់​ចុះ និង​ធ្វើ​ឲ្យ​មាន​បញ្ហា​សេដ្ឋកិច្ច​ផ្សេង​ទៀត។

នៅ​ក្នុង​សារ​តាម Twitter លោក Trump បាន​និយាយ​ថា បញ្ហា​សេដ្ឋកិច្ច​តែ​មួយ​គត់​របស់​សហរដ្ឋ​អាមេរិក គឺ​ការ​ដំឡើង​ការ​ប្រាក់។ លោក​បាន​ចោទ​ប្រកាន់​លោក Jerome Powell ប្រធាន​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក ថា​មិន​យល់​ពី​ទីផ្សារ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ដោយសារ​ការ​ដំឡើង​ការ​ប្រាក់។

នៅ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ ២០០៧ ធនាគារ​កណ្ដាល​អាមេរិក​បាន​បន្ថយ​ការ​ប្រាក់​ចម្បង​រហូត​ដល់​ជិត​សូន្យ​ភាគរយ ដើម្បី​ជំរុញ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច។ ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​បាន​រក្សា​អត្រា​ការ​ប្រាក់​ឲ្យ​នៅ​ទាប​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។

ជា​លទ្ធផល សេដ្ឋកិច្ច​ក៏​បាន​រីក​ចម្រើន​ឡើង​វិញ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ទាប​បំផុត​នៅ​ក្នុង​រយៈពេល ៤៩ ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ធនាគារ​កណ្ដាល​គិត​ថា វិធានការ​បញ្ចុះ​ការ​ប្រាក់​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​នេះ​លែង​ត្រូវការ​ទៀត​ហើយ។ ដូច្នេះ ថ្នាក់​ដឹកនាំ​ធនាគារ​កណ្ដាល​បាន​សម្រេច​ដំឡើង​ការ​ប្រាក់​ជា​បន្តបន្ទាប់​ឡើង​វិញ ដោយសារតែ​ពួកគេ​ព្រួយ​បារម្ភ​ថា ការ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ច្រើន​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​អតិផរណា៕

XS
SM
MD
LG