អ្នកនាំពាក្យរបស់ក្រុមការងាររៀបចំដំណើរការផ្ទេរតំណែងរបស់លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីជាប់ឆ្នោតបានលក់ភាគហ៊ុនទាំងអស់របស់លោកកាលពីខែមិថុនាហើយ។ នេះគឺជាដំណើរវិវត្តន៍មួយដែលអាចដោះស្រាយការព្រួយបារម្ភអំពីជម្លោះផលប្រយោជន៍។
នៅក្នុងការឆ្លើយឆ្លងតាមទូរស័ព្ទជាមួយនឹងអ្នកកាសែត លោក Jason Miller អ្នកនាំពាក្យរបស់ក្រុមការងាររៀបចំដំណើរការផ្ទេរតំណែងត្រូវបានគេសួរនាំអំពីភាគហ៊ុនរបស់លោក ត្រាំ នៅក្នុងក្រុមហ៊ុនផលិតយន្តហោះ បូអ៊ីង បន្ទាប់ពីលោកប្រធានាធិបតីជាប់ឆ្នោតបានរិះគន់ក្រុមហ៊ុននោះចំពោះអ្វីដែលលោកនិយាយថា តម្លៃសាងសង់យន្តហោះ Air Force One កើនឡើង។ យន្តហោះ Air Force One នេះគឺជាយន្តហោះសម្រាប់ប្រធានាធិបតីអាមេរិកថ្មីធ្វើដំណើរ។
លោក Miller បានឆ្លើយថា៖ «ប្រធានាធិបតីជាប់ឆ្នោតបានលក់ភាគហ៊ុនទាំងអស់របស់លោកហើយកាលពីខែមិថុនា»។ បន្ទាប់មក លោក Miller បានបញ្ជាក់ថា មហាសេដ្ឋីអចលនទ្រព្យ លោក ត្រំ បានលក់ភាគហ៊ុនទាំងអស់របស់លោកហើយ មិនមែនត្រឹមតែភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតយន្តហោះនោះទេ។
ឯកសារដែលត្រូវបានរៀបចំឡើងកាលពីខែឧសភាសម្រាប់ការិយាល័យក្រមសីលធម៌របស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា លោក ត្រាំ មានភាគហ៊ុននិងមូលប័ត្រចំនួន១៥០។ ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតយន្តហោះ បូអ៊ីង គឺជាការវិនិយោគមួយរបស់លោកក្នុងចំណោមការវិនិយោគដទៃទៀត ដូចជានៅធនាគារនិងក្រុមហ៊ុនប្រេង។ ឯកសារនោះបានបង្ហាញថា ភាគហ៊ុននិងមូលប័ត្ររបស់លោកមានទឹកប្រាក់ប្រមាណ៤០លានដុល្លារ៕