ដោយនៅសល់មិនដល់មួយសប្តាហ៍ទៀតប៉ុណ្ណោះមុនថ្ងៃបោះឆ្នោតចូលមកដល់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ បានធ្វើដំណើរកាលពីថ្ងៃអង្គារម្សិលមិញទៅកាន់រដ្ឋដែលមានការប្រជែងខ្លាំង ដើម្បីបង្កើនការគាំទ្រឲ្យបានខ្លាំងក្លាដើម្បីឈ្នះការបោះឆ្នោត។
គម្រោងធ្វើដំណើររបស់បេក្ខជនទាំងពីរឆ្លុះបញ្ចាំងអំពីស្ថានភាពនៃការប្រកួតប្រជែង ដោយការស្ទង់មតិបង្ហាញថា លោក Biden នាំមុខលោក Trump ពី ៧% ទៅ ៩% នៅទូទាំងប្រទេស និងប្រហែលពាក់កណ្តាលនៃចំនួននេះនៅតាមបណ្តារដ្ឋដែលមានការប្រជែងខ្លាំង ដែលជារដ្ឋទំនងជាអាចកំណត់អំពីលទ្ធផលនៃការបោះឆ្នោតទាំងមូលបាន។
កាលពីថ្ងៃអង្គារម្សិលមិញ លោក Trump បានធ្វើដំណើរទៅកាន់រដ្ឋ Michigan រដ្ឋ Wisconsin និងរដ្ឋ Nebraska ដែលលោកបានឈ្នះនៅក្នុងជ័យជម្នះដ៏ភ្ញាក់ផ្អើលលើអ្នកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងឆ្នាំ ២០១៦។ រដ្ឋទាំង ៣ នេះ ទំនងជាចាំបាច់សម្រាប់លោក Trump នៅក្នុងការឈ្នះម្តងទៀតដើម្បីឈ្នះឆ្នោតនៅអាណត្តិទី ២ នេះ។
ក៏ប៉ុន្តែ ការស្ទង់មតិបានបង្ហាញថា លោក Trump ស្ថិតនៅពីក្រោយលោក Biden នៅក្នុងរដ្ឋ Michigan និងរដ្ឋ Wisconsin ហើយខណៈដែលលោក Trump នាំមុខនៅក្នុងរដ្ឋ Nebraska លោកខិតខំធ្វើយ៉ាងណាដើម្បីឈ្នះឲ្យបានសំឡេងឆ្នោតប្រតិភូតែមួយរូបគត់តំណាងឲ្យមណ្ឌលបោះឆ្នោត Omaha នៃរដ្ឋ Nabraska នេះ នៅក្នុងអង្គបោះឆ្នោត ដែលអាចដើរតួនាទីនៅក្នុងការកំណត់អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅសប្ដាហ៍ក្រោយបាន។
ស្របពេលនោះដែរ លោក Biden បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ២ កន្លែង នៅក្នុងរដ្ឋ Georgia ដែលជារដ្ឋមិនបានគាំទ្របេក្ខជនខាងគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៩២ មក។ ការស្ទង់មតិបានបង្ហាញថា លោក Biden និងលោក Trump មានការប្រជែងប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋ Georgia នេះ ដើម្បីឈ្នះឲ្យបាននូវសំឡេងឆ្នោតរបស់ប្រតិភូចំនួន ១៦ រូប ដែលតំណាងឲ្យរដ្ឋនេះនៅក្នុងអង្គបោះឆ្នោត។
ជាទូទៅ សំឡេងឆ្នោតរបស់ប្រតិភូទាំងអស់តំណាងឲ្យរដ្ឋណាមួយនៃអង្គបោះឆ្នោត បានទៅលើបេក្ខជនណាដែលទទួលបានសំឡេងឆ្នោតភាគច្រើននៃសំឡេងឆ្នោតសរុបដែលប្រជាពលរដ្ឋបានបោះនៅក្នុងរដ្ឋនោះ។
ទាំងលោក Trump និងលោក Biden ត្រូវធ្វើយ៉ាងណាឈ្នះឲ្យបានសំឡេងឆ្នោតរបស់សមាជិក ២៧០ នាក់ក្នុងចំណោមសមាជិកសរុបទាំង ៥៣៨ នាក់នៃអង្គបោះឆ្នោត ដើម្បីឲ្យបានក្លាយជាប្រធានាធិបតី៕