នៅសល់ពេលមួយសប្តាហ៍ទៀតមុនថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកចូលមកដល់ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នឹងបន្តយុទ្ធនាការឃោសនាបោះឆ្នោតដោយធ្វើដំណើរនៅថ្ងៃអង្គារនេះទៅកាន់រដ្ឋ Georgia ដែលជារដ្ឋមិនបានគាំទ្របេក្ខជនគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៩២ មក ហើយនឹងធ្វើយុទ្ធនាការនៅតាមរដ្ឋមួយចំនួនទៀតដែលលោកប្រធានាធិបតី Donald Trump រំពឹងថា នឹងឈ្នះម្ដងទៀតដូចកាលពី ៤ ឆ្នាំមុន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Biden គ្រោងធ្វើដំណើរទៅកាន់រដ្ឋ Iowa នៅប៉ុន្មានថ្ងៃខាងមុខនេះ ដែលជារដ្ឋដែលលោក Trump បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។
អ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីរបស់លោក Biden នឹងធ្វើដំណើរទៅកាន់រដ្ឋ Arizona និង Texas ដែលជារដ្ឋដែលគណបក្សសាធារណរដ្ឋបានឈ្នះតាំងពីឆ្នាំ ១៩៩៤ មក។
លោក Biden ក៏នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Wisconsin រដ្ឋ Michigan និងរដ្ឋ Florida ផងដែរ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត។
ចំណែកឯលោកប្រធានាធិបតី Trump វិញ កំពុងផ្តោតលើរដ្ឋដែលអ្នកបោះឆ្នោតភាគច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលលោកបានយកឈ្នះកាលពីឆ្នាំ ២០១៦ ដែលនោះគឺរដ្ឋ Pennsylvania រដ្ឋ Michigan និងរដ្ឋ Wisconsin។
នៅថ្ងៃអង្គារនេះ លោក Trump នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុង West Salem រដ្ឋ Wisconsin គឺក្នុងពេល ៣ ថ្ងៃក្រោយមក បន្ទាប់ពីលោកបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុង Janesville នៃរដ្ឋនេះ៕