ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ច្រានចោល​ការ​អះអាង​របស់​លោក Biden ដែល​ថា លោក​បាន «ចុះចាញ់» ក្នុង​សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ពាក់​ម៉ាស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​បណ្ណាល័យ Palm Beach County នៅ​ក្រុង West Palm Beach ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ពាក់​ម៉ាស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​បណ្ណាល័យ Palm Beach County នៅ​ក្រុង West Palm Beach ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នៅ​តាម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Donald Trump ថា​បាន​បោះបង់​ចោល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ខណៈ​លោក Trump បាន​តបត​ប្រឆាំង​ទៅ​វិញ។

លោក Biden បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង Chester រដ្ឋ Pennsylvania ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «លោក Donald Trumpអាច​ជា​ប្រធានាធិបតី​ដ៏​អាក្រក់​បំផុត អាច​ជា​មនុស្ស​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ការ​ព្យាយាម​ដឹកនាំ​ពួក​យើង​ឆ្លង​កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩»។

កាលពី​ប៉ុន្មាន​ម៉ោង​មុន​នោះ លោក​ប្រធានាធិបតី Trump បាន​ចាត់ទុក​លោក Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ខាង​មុខ ថា​ជា «បេក្ខជន​គួ​ឲ្យ​អាណិត» ហើយ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​លោក Biden ដែល​ថា រដ្ឋបាល​របស់​លោក​បាន «ចុះចាញ់» នៅ​ក្នុង​សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។

ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ផ្លូវ​យន្តហោះ​នៅ​ឯ​អាកាសយានដ្ឋាន​មួយ​ក្នុង​ក្រុង Allentown មុន ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅ​រដ្ឋ Pennsylvania លោក Trump បាន​និយាយ​ថា លោក Biden «កំពុង​ចុះចាញ់​ក្នុង​ជីវិត»។

លោក Biden កាលពី​ថ្ងៃ​សៅរ៍ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ២ លើក​នៅ​ក្នុង​រដ្ឋ Pennsylvania ដោយ​បាន​គោរព​តាម​វិធី​រក្សា​គម្លាត​ពី​គ្នា ហើយ​លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​នឹង​បង្ហាញ​ខ្លួន​នៅឯ​ពិធី​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ទៀត​ដូចជា រដ្ឋ Iowa រដ្ឋ Wisconsin រដ្ឋ Georgia និង​រដ្ឋ Florida ជាដើម៕

XS
SM
MD
LG