ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​អាមេរិក​រក្សាទុក​សេចក្តី​សម្រេច​តម្រូវ​ឲ្យ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍​ទៅ​ដល់​មន្ត្រី​រដ្ឋ Wisconsin ត្រឹម​ថ្ងៃ​បោះឆ្នោត


រូបឯកសារ៖ សន្លឹកឆ្នោត ដែល​ត្រូវបាន​គេ​តម្រៀប​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ការិយាល័យ​បោះឆ្នោត​នៅ​ទីក្រុង Denver រដ្ឋ Colorado កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ សន្លឹកឆ្នោត ដែល​ត្រូវបាន​គេ​តម្រៀប​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ការិយាល័យ​បោះឆ្នោត​នៅ​ទីក្រុង Denver រដ្ឋ Colorado កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អ្នក​បោះ​ឆ្នោត​ក្នុងរដ្ឋ Wisconsin​ សហរដ្ឋ​អាមេរិក​ ​ត្រូវ​ផ្ញើ​សន្លឹក​ឆ្នោត ដែលពួក​គេ​បានបោះ​រួច តាម​ប្រៃសណីយ៍បាន​ឲ្យ​ដល់ដៃ​មន្ត្រី​បោះឆ្នោត យ៉ាង​យូរ​ត្រឹម​ម៉ោងបិទ​នៃ​ថ្ងៃ​បោះឆ្នោត​ជា​ផ្លូវ​ការ​ គឺ​ថ្ងៃ​ទី​៣​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ​ ដើម្បី​ឲ្យ​សន្លឹក​ឆ្នោត​ទាំង​នោះ ត្រូវ​បាន​គេ​រាប់​ថា​ មាន​សុពលភាព។​

សេចក្តី​សម្រេចរបស់​តុលាការ​កំពូល​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សំឡេង​៥​ ទល់​នឹង​៣​ ដោយ​ស្របទៅ​តាម​ការ​ទាមទារ​របស់​គណបក្ស​សាធារណរដ្ឋ​ ដែលប្រឆាំងនឹង​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​តុលាការ​ជាន់​ទាប ក្នុង​ការ​ពន្យារ​ពេល​កាល​បរិច្ឆេទ​នៃ​ការ​ទទួល​សន្លឹក​ឆ្នោតបោះផ្ញើ​តាមប្រៃសណីយ៍​ ដរាប​ណាសន្លឹក​ឆ្នោតនោះ មានបិទ​តែម​ចុះ​ថ្ងៃ​ទី​៣​វិច្ឆិកា​ តែ​មក​ដល់​ដៃ​មន្ត្រី​បោះ​ឆ្នោត ​ត្រឹមថ្ងៃ​ទី​៩ ​វិច្ឆិកា​នោះ។

កាល​បរិច្ឆេទ​ទទួល​សន្លឹក​ឆ្នោត​ មាន​ភាព​ខុស​គ្នា​ទៅ​តាម​រដ្ឋ​និមួយៗ​របស់​សហរដ្ឋ​អាមេរិក​ ហើយខណៈ​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់​ជា​ច្រើន​ ​បាន​កើត​មាន​ឡើងក្នុង​សប្ដាហ៍​ថ្មីៗ​នេះ​ ​តុលាការជា​ទូទៅបាន​គាំទ្រ​នូវ​គោលការណ៍​ច្បាប់ដែលអនុម័តដោយ​សភារបស់​រដ្ឋនិមួយៗ​ ឬ​មន្ត្រី​បោះឆ្នោត​ក្នុង​រដ្ឋ​ទាំង​នោះ។​

គណបក្ស​សាធារណរដ្ឋនៅ​ក្នុងរឿង​ក្តី​តុលាការជា​ច្រើន​ បាន​តវ៉ា​ថា​ អ្នក​បោះឆ្នោត​ មាន​ពេល​វេលា​គ្រប់​គ្រាន់ក្នុង​ការ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ ដែល​សន្លឹក​ឆ្នោត​ទាំង​នោះ​ អាច​ត្រូវ​ទទួល​បានត្រឹមថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។

ប៉ុន្តែ​ ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​វិញលើក​ឡើង​ថា ការ​ពន្យារ​ពេល​នៃ​កាល​បរិច្ឆេទ​ក្នុង​ការ​ទទួលសន្លឹក​ឆ្នោត​ ដែល​បោះដោយផ្ញើ​តាម​ប្រៃសណីយ៍​នោះ​ មាន​លក្ខណៈ​ចាំ​បាច់​ ដោយ​សារ​ចំនួន​អ្នក​បោះ​ឆ្នោតតាម​មធ្យោបាយ​នេះ​ មាន​ចំនួន​ច្រើនមិន​ធ្លាប់​មាន ​ដោយ​សារ​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩ ហើយពួក​គេ​បារម្ភ​ពីការ​ប្រជ្រៀត​គ្នា​នៅ​ថ្ងៃ​បោះ​ឆ្នោតផ្លូវការ៕

XS
SM
MD
LG