ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងចក្រភពអង់គ្លេស ដែលនៅក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាជាមួយនឹងសមាជិករាជវង្សអង់គ្លេស ចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចផ្លូវរដ្ឋ និងពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May។
នៅពេលដែលលោកចាកចេញពីសេតវិមាន លោក Trump បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកលើកនេះគឺ «គួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត» ហើយលោកបានបញ្ជាក់ទៀតថា លោកគិតថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមានឱកាសក្នុងការសម្រេចបាននូវ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុត» មួយនៅពេលឆាប់ៗខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់លោក Trump នេះបានធ្វើឡើង នៅចំពេលដែលអង់គ្លេសស្ថិតក្នុងស្ថានភាពច្របូកច្របល់ផ្នែកនយោបាយ។ លោកស្រី May បានប្រកាសកាលពីខែមុនថា លោកស្រីនឹងលាលែងពីតំណែង បន្ទាប់ពីលោកស្រីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។
កិច្ចការនៃដំណើរការចាកចេញរបស់អង់គ្លេសនេះនឹងត្រូវផ្ទេរឲ្យនាយករដ្ឋមន្ត្រីបន្ទាប់ ដោយគេមិនទាន់ឃើញមានដំណោះស្រាយណាមួយច្បាស់លាស់ក្នុងចំណោមគណបក្សនយោបាយដែលមានការខ្វែងគំនិតគ្នាខ្លាំងនៅអង់គ្លេសទាក់ទិននឹងរឿងចាកចេញនេះ។
លោក Trump បានគាំទ្រអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson ជាសាធារណៈ និងបានប្រាប់អ្នកកាសែតនានា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ថា នៅពេលលោកធ្វើទស្សនកិច្ចនៅអង់គ្លេសលើកនេះ លោកប្រហែលជាជួបពិភាក្សាជាមួយនឹងលោក Johnson និងលោក Nigel Farage ដែលជាអ្នកនយោបាយគាំទ្រការចាកចេញរបស់អង់គ្លេស៕