លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា «សហរដ្ឋអាមេរិកឆ្អែតឆ្អន់ជាមួយនឹងប្រទេសម៉ិកស៊ិកហើយ» ដោយហៅប្រទេសនេះថា ជាអ្នករំលោភបំពានលើសហរដ្ឋអាមេរិក ដោយសារប្រទេសនេះមិនបានបញ្ឈប់ជនចំណាកស្រុកពីអាមេរិកកណ្តាលកុំឲ្យធ្វើដំណើរទៅភាគខាងជើងដើម្បីសុំសិទ្ធិជ្រកកោននៅអាមេរិក។
លោក ត្រាំ ដែលកំពុងគំរាមកំហែងដាក់ទណ្ឌកម្ម ៥ភាគរយទៅលើការនាំចេញរបស់ប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក បើប្រទេសនេះមិនរារាំងជនចំណាកស្រុកមកកាន់ព្រំដែនអាមេរិកនោះ បានចោទប្រកាន់ប្រទេសម៉ិកស៊ិកថា គិតតែពីយកប្រយោជន៍ ប៉ុន្តែមិនដែលជួយអ្វីនោះទេ។ វាបែបនេះរាប់ទសវត្សរ៍មកហើយ»។
នៅលើបណ្តាញសង្គម Twitter លោក ត្រាំ បានថ្លែងថា ប្រទេសម៉ិកស៊ិកត្រូវបញ្ឈប់ការឈ្លានពានលើអាមេរិកដោយពួកជួញដូរគ្រឿងញៀន ពួករត់ពន្ធមនុស្ស និងជនអន្តោរប្រវេសន៍ខុសច្បាប់ ដែលអាចធ្វើទៅបានយ៉ាងស្រួល បើមិនដូច្នេះទេ ក្រុមហ៊ុននិងការងារជាច្រើនរបស់អាមេរិកដែលត្រូវបានអនុញ្ញាតឲ្យទៅដាក់ទីតាំងនៅភាគខាងត្បូងព្រំដែនប្រកបដោយភាពឆោតល្ងង់នោះ នឹងត្រូវបញ្ជូនមកកាន់សហរដ្ឋអាមេរិកវិញ តាមរយៈការយកពន្ធគយ»។
ការវាយប្រហារតាមសារ Twitter របស់លោក ត្រាំ ទៅលើប្រទេសម៉ិកស៊ិក កើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីប្រទេសម៉ិកស៊ិកលោក Andres Manual Lopez Obrador បានស្នើថា ប្រទេសរបស់លោកកំពុងតែចាត់វិធានការយ៉ាងតឹងរ៉ឹងពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍នេះ។
លោកថ្លែងថា លោកគិតថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ក្នុងការពិភាក្សាពីហានិភ័យនៃការយកពន្ធ ដែលនឹងចូលជាធរមាននៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ ដែលចាត់ទុកថាជាវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការចំណាកស្រុកខុសច្បាប់ពីបណ្តាប្រទេសនៅតំបន់អាមេរិកកណ្តាល។
មេដឹកនាំប្រទេសម៉ិកស៊ិករូបនេះបានថ្លែងថា៖ «ភាគីមន្ត្រីរដ្ឋាភិបាលអាមេរិកមានគោលបំណងចង់បង្កើតការចរចា ការព្រមព្រៀង និងការស្រុះស្រួលគ្នា»។
រដ្ឋមន្ត្រីការបរទេសប្រទេសម៉ិកស៊ិកលោក Marcelo Ebrard បានថ្លែងថា លោកបាននិយាយជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo តាមទូរស័ព្ទហើយថា កិច្ចពិភាក្សាជួបគ្នាផ្ទាល់រវាងអ្នកទាំងពីរអាចនឹងធ្វើឡើងនៅថ្ងៃពុធខាងមុខនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោករដ្ឋមន្ត្រី Ebrard បានថ្លែងថា៖ «យើងនឹងមានភាពរឹងប៉ឹងហើយការពារកិត្តិយសរបស់ប្រទេសម៉ិកស៊ិក»។
លោក Lopez Obrador អំពាវនាវឲ្យមានការ «ចរចា» ជាជាង «វិធានការគំរាមកំហែង» ហើយថា លោករំពឹងថានឹងមាន «លទ្ធផលល្អ» ពីកិច្ចចរចានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕