ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍តម្រង់ទៅរកបណ្ដាញផ្សព្វផ្សាយព័ត៌មាន CNN នៅក្នុងពេលថ្លែងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានស្នើឱ្យចាប់ផ្ដើម«បណ្ដាញផ្សព្វផ្សាយផ្ទាល់របស់យើង» ដើម្បីតទល់នឹងការផ្សព្វផ្សាយជាសកលរបស់បណ្ដាញផ្សាយព័ត៌មានដ៏ធំមហិមាគឺ CNN និងព័ត៌មាន«ក្លែងក្លាយ»របស់បណ្ដាញនេះ។
លោក ត្រាំ ក៏បាននិយាយអំពីស្ថាប័នសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអឺរ៉ុបសេរី (Radio Free Europe) ក្នុងន័យជាអតីតកាលផងដែរ ទោះបីជាស្ថាប័នទាំងពីរដែលផ្ដល់មូលនិធិដោយរដ្ឋាភិបាលអាមេរិកាំង ផ្សព្វផ្សាយព័ត៌មានទៅកាន់អ្នកស្ដាប់និងទស្សនិកជននៅទូទាំងពិភពលោកប្រមាណ២៧៥លាននាក់ក្នុងមួយសប្ដាហ៍ក៏ដោយ។
ខណៈដែលរអ៊ូរទាំអំពីបណ្ដាញផ្សាយព័ត៌មាន CNN ដែលលោកប្រធានាធិបតីតែងតែតម្រង់គោលដៅទៅរកជាញឹកញយនោះ លោក ត្រាំ បានថ្លែងទៅកាន់អ្នកស្ដាប់របស់លោកនៅចំកណ្ដាលរដ្ឋហ្វ្លរីដាថា៖ «យើងធ្លាប់មានវិទ្យុអឺរ៉ុបសេរី និងសំឡេងសហរដ្ឋអាមេរិក ហើយយើងធ្វើដូច្នេះដើម្បីកសាងប្រទេសរបស់យើងឱ្យរីកចម្រើន ប៉ុន្តែឥឡូវ វាមិនអញ្ចឹងសោះ»។
លោក ត្រាំ ថ្លែងបន្តទៀតថា៖ «យើងគួរតែចាប់ផ្តើមបណ្តាញរបស់យើងផ្ទាល់ ហើយផ្សព្វផ្សាយព័ត៌មានពិតខ្លះ ពីព្រោះថាបណ្ដាញផ្សាយព័ត៌មាននោះ[CNN] គឺយ៉ាប់មែនទែន។ បណ្ដាញទាំងនោះមិនល្អសោះសម្រាប់ប្រទេសរបស់យើង»។
គេនៅមិនទាន់ប្រាកដទេថា តើហេតុអ្វីបានជាលោកប្រធានាធិបតី និយាយអំពីស្ថាប័នព័ត៌មានទាំងពីរក្នុងន័យអតីតកាល។ ប៉ុន្តែ អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំនៅសេតវិមាន សួរលោកប្រធានាធិបតីជាញឹកញាប់អំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ តួយ៉ាងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលសុន្ទរកថារបស់លោកប្រធានាធិបតី អ្នកឆ្លើយឆ្លងព័ត៌មាន VOA ម្នាក់ប្រចាំនៅសេតវិមាន បានសួរអំពីលទ្ធភាពនៃការវិលត្រឡប់របស់អាមេរិកទៅរកការចរចាជាមួយក្រុមតាលីបង់។
លោកប្រធានាធិបតី ត្រាំ បានផ្ដល់បទសម្ភាសន៍ជាវីដេអូជាមួយ VOA ពីរដងរួចមកហើយ ហើយមន្ត្រីសេតវិមានក៏តែងតែធ្វើអត្ថាធិប្បាយជាញឹកញយជាមួយអ្នកយកព័ត៌មាន VOA ដែរ។
នាយិកា VOA អ្នកស្រី Amanda Bennett បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «VOA ជានិច្ចកាលតែងតែមានមោទនភាពចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្សាយដំណឹងនិងព័ត៌មានមានលក្ខណៈសត្យានុម័តដែលគួរឱ្យជឿជាក់បាន ទៅកាន់ប្រទេសនានានៅជុំវិញពិភពលោកដែលមិនទទួលបានព័ត៌មានបែបនេះ»។
អ្នកស្រី Amanda បន្តទៀតថា៖ «VOA ក៏ផ្សាយរឿងរបស់អាមេរិកទៅកាន់ទស្សនិកជននៅក្រៅប្រទេសផងដែរ»៕