ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump វាយ​ប្រហារ​អតីត​ប្រធានាធិបតី​ Bill Clinton លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ


អតីត​ប្រធានាធិបតី​អាមេរិក Bill Clinton ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ពេល​លោក​ថ្លែង​គាំទ្រ​ភរិយា​របស់​លោក​ គឺ​លោក​ស្រី​ Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ Rhode Island។
អតីត​ប្រធានាធិបតី​អាមេរិក Bill Clinton ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ពេល​លោក​ថ្លែង​គាំទ្រ​ភរិយា​របស់​លោក​ គឺ​លោក​ស្រី​ Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ Rhode Island។

លោក​ Donald Trump ​កំពុង​យក​លោក ​Bill Clinton ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​ក្នុងការ​ប៉ុនប៉ង​មួយ​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោកស្រី​ Hillary Clinton ដែល​ការ​ប៉ុន​ប៉ង​នេះ​ធ្វើ​ឡើងក្នុង​ទម្រង់​ជា​ការ​ផ្សព្វផ្សាយ​មួយ​តាម​បណ្តាញ​សង្គម។

លោក ​Trump ​ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ ​បានផ្សាយ​វីដេអូ​លើ​បណ្តាញ​ Instagram ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​បង្ហាញ​ភ្លេង​និង​សំឡេង​ស្ត្រី​បី​នាក់​ដែល​បាន​ចោទ​ប្រកាន់​លោក​អតីត​ប្រធានាធិបតី Bill Clinton ​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ថា​បាន​រំលោភ​ខាង​កាម​តណ្ហា។​

នៅ​ពេល​ដែល​វីដេអូនេះ​ជិត​ចប់​ វា​បង្ហាញ​រូប​ថត​មួយ​នៃ​គូ​ស្វាមី​ភរិយា​ Clinton អង្គុយ​ជាមួយ​គ្នា​នៅ​ពេល​មាន​លេចពាក្យ​សម្តី​ថា «យើង​នៅ​ជាមួយ​គ្នា​តទៅ​ទៀត»។ គេ​បាន​ឮ​លោក​ស្រី​ Clinton ​សើច​នៅ​ពី​ក្រោយ។

នៅ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ Trump​ បាន​និយាយ​ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នឹង​បន្ត​ធ្វើការ​វាយ​ប្រហារ​តទៅ​ទៀត​ដើម្បី​រំឭក​ពួក​អ្នក​បោះឆ្នោត​អំពី​រឿង​អាស្រូវ​ទាក់​ទិន​នឹង​លោក ​Clinton។

លោក​ Frank Sesno​ សាស្ត្រាចារ្យ​ខាង​បណ្តាញផ្សាយ​ព័ត៌មាន​និង​កិច្ចការ​សាធារណៈ​នៅ​ឯ​សាកល​វិទ្យាល័យ​ American ​បាន​និយាយ​ប្រាប់​ VOA ​ថា៖ «ការ​វាយ​ប្រហារ​ដ៏​តានតឹង​និង​ញឹកញាប់​របស់​លោក Trump ​ភាគ​ច្រើន​មិន​ទាក់ទង​នឹង​វេទិកា​របស់​ពួក​បេក្ខជន​ទេ ហើយ​ការ​វាយ​ប្រហារ​ណា​មួយ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ងាក​រេ​ច្រើន​ទៅ​លើ​ប្រធាន​បទ​នោះ​ដែរ»។

លោក​ Brian Fallon​ អ្នក​នាំ​ពាក្យ​នៃ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​ Clinton ​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ Bloomberg ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​វាយ​ប្រហារ​របស់លោក ​Trump​ ជាផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​មួយ​ដើម្បី​«ធ្វើឱ្យ​ស្មារតីមិន​មូល​លើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ផ្អែក​លើបញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ»។

លោក​ស្រី​ Julia Azari ​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​ Marquette ​បាន​និយាយ​ថា​ មាន​ភ័ស្តុតាង​ថា ​ក្រុម​អ្នក​បោះឆ្នោត​យក​ចិត្ត​ទុក​ដាក់​លើ​គោល​ជំហរ​របស់​ពួក​បេក្ខជន​អំពី​បញ្ហា​សង្គម គោល​នយោបាយ​ការ​បរទេស និង​បញ្ហា​សេដ្ឋកិច្ច ​ដូច្នេះ​ជា​ការ​ប្រកប​ដោយ​គតិ​បណ្ឌិត​ដែល​លោកស្រី​ Clinton ​គួរ​សង្កត់​ធ្ងន់​លើ​ភាព​ជំនាញ​របស់​លោកស្រី​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​លើ​គោល​ជំហរ​នៃ​គោល​នយោបាយ​របស់​លោកស្រី។

លោកស្រី​ Azari ​បាននិយាយ​បន្ថែម​ថា​ វិធី​ល្អ​សម្រាប់​លោក​ស្រី​ Clinton គឺ​និយាយ​អំពីបញ្ហា​ចម្រុះ​លាយ​ឡំ​គ្នា​ទាំង​អស់»៕

XS
SM
MD
LG