ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ទៅប្រទេសវៀតណាមនាចុងខែនេះ ធ្វើឲ្យលោកក្លាយជាប្រធានាធិបតីទី៣ ដែលបានធ្វើដំណើរទៅប្រទេសមួយនេះ ចាប់តាំងពីការធ្វើទស្សនកិច្ចរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Bill Clinton កាលពីឆ្នាំ២០០០មក។
ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេល ដែលប្រទេសវៀតណាមកំពុងរឹតចំណង មិត្តភាពជាមួយសហរដ្ឋអាមេរិក ដោយសារតែមានការកើនឡើងភាពតានតឹងជាមួយប្រទេសចិន។ ជនជាតិវៀតណាមសញ្ជាតិអាមេរិកាំងជាច្រើន ជាពិសេសក្រុមយុវវ័យជំនាន់ក្រោយ មានសុទិដ្ឋិនិយមពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីអូបាម៉ាថា នឹងអាចផ្សះផ្សារទំនាក់ទំនង រវាងអតីតប្រទេសសត្រូវទាំងពីរនេះបាន។
ពេលក្រឡេកមើលដំបូង វាគ្រាន់តែជាទីកន្លែង ដែលមានហាងលក់ទំនិញនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលទៅមើលឲ្យជិត វាបង្ហាញពីទង់ជាតិរបស់ប្រទេសវៀតណាមខាងត្បូង ដែលដាក់តាមដងផ្លូវ និងសហគមន៍វៀតណាមដ៏រស់រវើក ដែលពោរពេញដោយអាជីវកម្មតូចៗជាច្រើន។
«នេះគឺជាសហគមន៍វៀតណាម យើងស្រឡាញ់សហគមន៍នេះណាស់»។
លោក Sonny កើតនៅប្រទេសវៀតណាម និងបានធំដឹងក្តីនៅសហរដ្ឋអាមេរិក។ លោក Sonny Nguyen ជាម្ចាស់ភាគហ៊ុនរបស់ហាងលក់កាហ្វេ 7 Leaves Cafe ដែលមានទីតាំងនៅចំកណ្តាលសហគមន៍ Little Saigon ឬ Saigon តូច។ សហគមន៍នេះគឺជាកន្លែង ដែលមានចំនួនប្រជាជនវៀតណាមនៅក្រៅប្រទេសរស់នៅច្រើនជាងគេ។
នេះគឺជាហាងលក់កាហ្វេ ដែលមានការតុបតែងបែបបស្ចិមប្រទេសដោយមានអាហារ និងភេសជ្ជៈដ៏គួរឲ្យទាក់ទាញបែបអាស៊ី។
ហាងលក់កាហ្វេកូនកាត់មួយនេះ បង្ហាញពីប្រភេទអតិថិជន ដែលចូលចិត្តរសជាតិប្រភេទនេះ ដែលពួកគេទាំងនោះភាគច្រើនគឺជាយុវជនវៀតណាមសញ្ជាតិអាមេរិកាំង។
ភាគច្រើននៃពួកគេមានសុទិដ្ឋិនិយមពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អូបាម៉ា ទៅប្រទេសវៀតណាម។
«ខ្ញុំគិតថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រធានាធិបតីគ្រប់រូបធ្វើទស្សនកិច្ច និងពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសផ្សេងទៀតឲ្យកាន់តែល្អប្រសើរ»។
«ឥឡូវនេះវាខុសពីពេលមុន។ បើគិតពីសម័យមុនមកដល់ពេលនេះ មានការខុសគ្នាច្រើនណាស់។ ខ្ញុំគិតថា ការពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសកម្មុយនិស្ត មិនសុទ្ធតែជារឿងអាក្រក់នោះទេ»។
ក្រុមយុវវ័យសម័យនេះនិយាយថា វាគួរតែដល់ពេលត្រូវផ្សះដំបៅកាលពីអតីតកាល ដោយចាប់ផ្តើមពីសង្រ្គាមវៀតណាម និងពេលដែលពួកកុម្មុយនិស្តកាន់កាប់ប្រទេស។
«យើងបានបាត់បង់អ្វីៗគ្រប់យ៉ាង ដូច្នេះហើយសម្រាប់ជំនាន់ឪពុកម្តាយរបស់ខ្ញុំ គឺជាអ្វីដែលត្រូវចងចាំ ហើយវាគឺជាស្នាមរបួស សម្រាប់អ្នកដែលរស់នៅក្នុងសហគមន៍ Little Saigon»។
លោក Dzung Do នាយកកាសែត Nguoi Viet ដែលជាក្រុមហ៊ុនកាសែតវៀតណាមធំជាងគេ នៅក្រៅប្រទេសបានឲ្យដឹងថា មានអ្នកជំនាន់មុនជាច្រើននៅមានការសង្ស័យថា មានការផ្លាស់ប្តូរច្រើននៅក្នុងប្រទេសវៀតណាម និងមិនពេញចិត្តពីចំណងសម្ព័ន្ធភាពកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរប៉ុន្តែក្រុមយុវជនវៀតណាមអាមេរិកាំងជំនាន់ក្រោយ មានក្តីសង្ឃឹមទៅលើសម្ព័ន្ធភាពនេះ។
«ឥឡូវនេះមានបណ្តាញអ៊ីនធឺណិត ធ្វើឲ្យយុវជនវៀតណាមជាច្រើន ត្រឡប់ទៅប្រទេសវៀតណាម ធ្វើការងារមនុស្សធម៌ ដូចនេះហើយពួកគេសម្រចចិត្តរៀនភាសាវៀតណាម»។
លោក Alvin Bui រស់នៅក្នុងរដ្ឋCalifornia បានធ្វើដំណើរទៅវៀតណាម ដើម្បីហាត់សមភាសាវៀតណាមរបស់គាត់។ តាមរយៈ Skype គាត់បាននិយាយថា៖
«តើអ្នកអាចភា្ជប់ទំនាក់ទំនងទៅក្រុមយុវជនវៀតណាមតាមរបៀបណា ដើម្បីជួយបង្កើតអនាគតមួយដ៏ប្រសើរ សម្រាប់ប្រទេសវៀតណាម? ដូច្នេះហើយយើងត្រូវតែស្វែងយល់ពីអ្វី ដែលពួកគេកំពុងគិតជាភាសារបស់ពួកគេ ព្យាយាមយល់ពីអ្វីដែលគេកំពុងគិត»។
លោក Sonny Nguyen ក៏មានសុបិនពីអនាគតដ៏ប្រសើរមួយរបស់ប្រទេសវៀតណាមដែរ។
«ខ្ញុំជាជនជាតិវៀតណាម ហើយខ្ញុំមានការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅដល់ប្រទេស ខ្ញុំដឹងថាវៀតណាមនៅតែជាប្រទេសតតីយលោកនៅឡើយ។ ភាគច្រើននៃប្រជាជនគឺជាអ្នកក្រ។ ហើយខ្ញុំចង់មានលទ្ធភាពអាចផ្លាស់ប្តូរពិភពលោក និងជួយដល់ប្រជាជនវៀតណាម ខ្ញុំគិតថា វិធីតែមួយគត់ ដែលអាចធ្វើបាននោះគឺតាមការផ្សះផ្សារ»។
ការប្រមូលមតិរបស់ក្រុមយុវជនវៀតណាមអាមេរិកាំងនៅទីនេះ ហាក់ដូចជាបង្ហាញថា ទស្សនកិច្ចរបស់លោកប្រធានាធិបតី អូបាម៉ា គឺជាឱកាសមួយអាចព្យាបាលរបួសរបស់ប្រទេសទាំងពីរពីអតីតកាល និងចាប់ផ្តើមទំព័រប្រវត្តិសាស្រ្តថ្មី៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា