សំណួរស្រួលៗសម្រាប់ថ្ងៃនេះ៖ តើសរសៃធ្មេញ ការស្ទះចរាចរ ខោសំយេះ ចៃ និងតន្រ្តីករកាណាដា Nickelback មានអ្វីដូចគ្នា?
អ្នកអាចទាយបានបីដង ប៉ុន្តែអ្នកនឹងមិនទាយត្រូវឡើយ។ ចុះចាញ់ហើយឬ? បើយោងតាមការស្ទង់មតិថ្មីមួយ របស់ទាំងអស់ដែលរៀបរាប់ខាងដើមគឺ មានប្រជាប្រិយភាពខ្ពស់ជាងលោក Donald Trump ទៅទៀត។
តួលេខថ្មីនេះទទួលបានពីមជ្ឈមណ្ឌលស្ទង់មតិគោលនយោបាយសាធារណៈអព្យាក្រឹត (PPP)។
មុនពេលយើងពន្យល់បន្ថែមទៀត អ្នកគួរដឹងថា មជ្ឈមណ្ឌលស្ទង់មតិគោលនយោបាយសាធារណៈអព្យាក្រឹត ឬហៅកាត់ថា PPP មានប្រជាប្រិយភាពយ៉ាងខ្លាំងចំពោះការទទួលបានលទ្ធផលត្រឹមត្រូវ បើទោះជាព័ត៌មាននៃការស្ទង់មតិនោះទទួលការរិះគន់យ៉ាងខ្លាំងលើការទេរទៅរកលើគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែជារួម ព័ត៌មាននៃការស្ទង់មតិនៅតែស្ថិតក្នុងកម្រិតសុក្រឹតល្អដដែល។
បុព្វហេតុនៃការស្ទង់មតិគឺចង់ផ្តោតលើការប្រកួតប្រជែងរវាង លោកស្រី Hillary Clinton និងលោក Donald Trump ដូច្នេះហើយបានមជ្ឈមណ្ឌល PPP បានធ្វើការស្ទង់មតិថ្នាក់ជាតិមួយទៅលើអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចចំនួន១.០០០នាក់នៅក្នុងប៉ុន្មានថ្ងៃដំបូងនៃខែឧសភា។
លទ្ធផលនៃការស្ទង់មតិ គឺលក្ខណៈគួរឲ្យភ្ញាក់ផ្អើល គួរឲ្យខកចិត្ត និងពេលខ្លះក៏គួរឲ្យធុញទ្រាន់ដែរ។
រឿងនៅពីក្រោយបេក្ខជននីមួយៗ
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត គឺ លទ្ធផលនៃការស្ទង់មតិបង្ហាញថា ៧៨ភាគរយនៃអ្នកគាំទ្រគណបក្សសាធារណរដ្ឋបាននិយាយថា ពួកគេគិតថា ជារឿងធម្មតាដែល Trump ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋនេះ។ ភាគរយនេះស្ទើរតែស្មើនឹងភាគរយនៃអ្នកគាំទ្រលោកស្រី Clinton ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលមានចំនួន៧៥ភាគរយ។
លោកស្រី Clinton នៅតែជាអ្នកដែលមានប្រជាប្រិយភាពនៅក្នុងប្រកួតប្រជែងតទល់គ្នា។ លោកស្រីបាននាំមុនលោក Trump ដោយទទួលបានសំឡេង៤៧ភាគរយ ដោយឡែកលោក Trump ទទួលបានតែ៤១ភាគរយក្នុងចំណោមអ្នកបោះឆ្នោត។
លោក Dean Debnam ដែលជាប្រធានមជ្ឈមណ្ឌល PPP និយាយថា «លោកស្រី Hillary Clinton ច្បាស់ណាស់នឹងឈ្នះនៅក្នុងការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ប៉ុន្តែវាមិនមែនជាជ័យជម្នះខ្លាំងក្លានោះទេ។ លោកស្រីនឹងឈ្នះតិចតួច»។
បើអញ្ចឹងវាជារឿងដ៏អស្ចារ្យហើយ
មជ្ឈមណ្ឌល PPP ក៏ចង់ដឹងពីអារម្មណ៍ធម្មតារបស់អ្នកគាំទ្រលោក Trump ដែរ។ ដូច្នេះ ពួកគេបានសួរអំពីចំនួននៃការថ្លែងការណ៍មិនពិតដែលលោក Trump បានធ្វើឡើង ហើយលទ្ធផលបានបង្ហាញថា អ្នកគាំទ្រលោក គឺជាក្រុមមនុស្សដែលគេអាចហៅថា ក្រុមមេគំនិតផែនការសម្ងាត់។
ជាក់ស្តែង ៦៥ភាគរយនៃអ្នកគាំទ្រលោក Trump ជឿថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាជនមូស្លីម។
ភាគច្រើននៃអ្នកគាំទ្រលោក Trump ពោលគឺ ៥៩ភាគរយ គឺ «អ្នកជឿលើដើមកំណើត» ដែលពួកគេជឿថា លោកប្រធានាធិបតី អូបាម៉ា កើតនៅក្រៅសហរដ្ឋអាមេរិក។
ហើយស្ទើរតែ១៥ភាគរយជឿថា លោកចៅក្រមតុលាការកំពូល Antonin Scalia ត្រូវបានគេធ្វើឃាត។
ប៉ុន្តែក្រុមមនុស្សដែលទំនងនឹងផ្តល់ទិន្នន័យត្រឹមត្រូវពីប្រជាប្រិយភាពរបស់សមាជិកគណបក្សសាធារណរដ្ឋ គឺជាក្រុមមនុស្សដែលឆ្លើយសំណួរនេះ៖ «ប្រសិនបើបេក្ខជនព្រឹទ្ធសភាម្នាក់នៅក្នុងរដ្ឋរបស់អ្នកគាំទ្រលោក Donald Trump សម្រាប់បេក្ខភាពប្រធានាធិបតី តើអ្នកអាចនឹងបោះឆ្នោតឲ្យព្រឹទ្ធសភារូបនោះទេ?» ស្ទើរតែពាក់កណ្តាលនៃអ្នកចូលរួមការអង្កេតនេះបាននិយាយថា វាអាចនឹងធ្វើឲ្យពួកគេមិនបោះឆ្នោតឲ្យបេក្ខជនព្រឹទ្ធសភារូបនោះ។
ការណ៍នេះធ្វើឲ្យមានភាពដែលអាចទៅរួចដែលថា លោក Trump អាចនឹងដើរឃោសនាសម្រាប់តំណែងប្រធានាធិបតីនេះតែម្នាក់ឯង ដោយសារបេក្ខជនដទៃខ្លាច «ភាពមិនពេញចិត្តលើលោក Trump» នឹងប៉ះពាល់ដល់លក្ខណៈសម្បត្តិបេក្ខជនឈរឈ្មោះផ្សេងៗទៀត។
នេះជាចំណងជើងមួយទៀតនៃការស្ទង់មតិ៖ មនុស្សជាច្រើនមិនចូលចិត្តលោក Donald Trump តែម្តង។
ជិតពីរភាគបី ឬស្មើនឹង៦១ភាគរយនៃអ្នកបោះឆ្នោតទាំងអស់ មានគំនិតមិនពេញចិត្តបេក្ខជនឈរឈ្មោះជាប្រធានាធិបតីដែលត្រូវបានតែងតាំងមកពីគណបក្សសាធារណរដ្ឋ។
ប៉ុន្តែការស្ទង់មតិក៏បានរកឃើញថា លោកស្រី Hillary Clinton មិនមានប្រៀបខ្លាំងនោះទេ។ ការមិនពេញចិត្តចំពោះលោកស្រីមានប្រមាណជា ៥៥ភាគរយ។
បើគិតមួយជ្រុងទៀត អ្នកបោះឆ្នោតចូលចិត្ត លោក Donald ជាងជំងឺឫសដូងបាត និងសត្វកន្លាតប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ