ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បង្ហាញ​ពី​អាទិភាព​ចម្បង​ក្នុង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក


លោក Donald Trump ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Phoenix រដ្ឋ Arizona សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
លោក Donald Trump ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Phoenix រដ្ឋ Arizona សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អន្តោប្រវេសន៍​ផ្ដោត​ជា​ចម្បង​លើ​សន្តិសុខ​តាម​ព្រំដែន និង​ការ​ធានា​ថា​អ្នក​ដែល​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ផ្ដល់​តម្លៃ​ដល់​ប្រទេស​នេះ។

លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​រដ្ឋ Arizona ភាគ​និរតី​សហរដ្ឋ​អាមេរិក​ ក្នុង​ភាសា​ខ្លាំងៗ​ជាង​អ្វី​ដែល​លោក​បាន​និយាយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នឹង​លោក​ថ្លែង​នេះ​នៅ​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ ដែល​នៅ​ទី​នោះ លោក​បាន​ចូលរួម​នូវ​ការ​ប្រជុំ​មួយ​ជាមួយ​លោក​ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក Enrique Pena Nietoដែល​លោក​ហៅ​ការ​ប្រជុំ​នោះ​ថា ជា​ជំនួប​ដ៏​មាន​សារៈសំខាន់ និង​ដោយ​ត្រង់​ទៅ​ត្រង់​មក។

ឧទាហរណ៍​សំខាន់​មួយ​អំពី​ភាព​មិន​ចុះ​សម្រុង​គ្នា គឺ​ការ​សន្យា​ជា​យូរ​មក​ហើយ​របស់​លោក Trump ក្នុង​ការ​កសាង​ជញ្ជាំង​នៅ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។ លោក Trump បាន​និយាយ​បន្ទាប់​ពី​ប្រជុំ​ជាមួយ​លោក Pena Nieto ថា លោក និងលោក Pena Nieto បាន​ពិភាក្សា​គ្នា​អំពី​គម្រោង​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​នោះ ប៉ុន្តែ​មិន​បាន​និយាយ​ពី​ការ​អះអាង​របស់​លោក Trump ដែល​ទាមទារ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​ជា​អ្នក​ចេញ​ថ្លៃ​សាង​សង់​នោះ​ទេ។ លោក Pena Nieto បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​ម៉ិកស៊ិក​នឹង​មិន​ចេញ​ថ្លៃ​អ្វី​ទាំង​អស់។

ប៉ុន្តែ​នៅ​ពេល​ដែល​លោក Trump បញ្ជាក់​អំពី​គម្រោង​អន្តោប្រវេសន៍​ទាំង ១០ ចំណុច​របស់​លោក​នៅ​ក្នុង​រដ្ឋ Arizona លោក​បាន​បញ្ជាក់​ពី​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ថា ជា​ជញ្ជាំង​ដែល​មាន​កម្ពស់​ខ្ពស់ រឹងមាំ និង​ស្រស់​ស្អាត។

លោក Trump ថា ប្រទេស​ម៉ិកស៊ិក​មិន​ទាន់​ដឹង​ថា​ខ្លួន​នឹង​ត្រូវ​ចេញ​ថ្លៃ​សាងសង់​ជញ្ជាំង​នោះ នោះ​ទេ។ បន្ទាប់​ពី​លោក​បាន​និយាយ​ដូច្នេះ អ្នក​គាំទ្រ​លោក​បាន​បន្ទរ​ថា «សាងសង់​ជញ្ជាំង​នោះ​ទៅ‍»៕

XS
SM
MD
LG