ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រកាស​របស់​ប្រធានា​ធិបតី​ត្រាំ​ទទួលស្គាល់ Jerusalem ​ជារដ្ឋ​ធានី​របស់​ប្រទេស​អ៊ីស្រាអែល​មានភាព​ចម្រូងចម្រាស់


បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅខាងមុខ Federal Plaza ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រកាស​របស់​ប្រធានាធិបតី​ត្រាំក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង​ Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែលកាលពី​ថ្ងៃទី​០៧ ធ្នូ ២០១៧។
បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅខាងមុខ Federal Plaza ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រកាស​របស់​ប្រធានាធិបតី​ត្រាំក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង​ Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែលកាលពី​ថ្ងៃទី​០៧ ធ្នូ ២០១៧។

​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ទទួល​ស្គាល់​ជាផ្លូវការ​​នូវ​ទី​ក្រុង Jerusalem ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​ចំណាត់​ការ​ដ៏​ចម្រូងចម្រាស់​មួយ​ដែល​​ត្រូវ​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​ជន​ជាតិ​ប៉ាឡេស្ទីន​និង​បណ្តា​រដ្ឋ​អារ៉ាប់។

ថ្វីបើ​មានការ​ព្រួយកង្វល់​ថា ​ការ​សម្រេច​នេះ​អាច​ធ្វើឲ្យ​មាន​កំហឹង​នៅ​តំបន់​មជ្ឈឹម​បូព៌ា ​លោក​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​ថ្ងៃ​ពុធ​បានធ្វើ​ការ​សម្រេច​មួយ​ទៅ​តាម​ការ​សន្យា​នានាក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​របស់​លោក។​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់​ ត្រាំ​បាន​និយាយ​ថា៖ «ខ្ញុំ​បានសម្រេច​ថា ​វាជា​ពេល​វេលា​ដែល​ទទួល​ស្គាល់​ជាផ្លូវការទីក្រុង Jerusalem ​ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល។ខណៈ​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​មុន​ៗ​បាន​ធ្វើ​ការ​សន្យា​ដ៏​សំខាន់នោះ ​ពួកអស់​លោកមិន​បាន​ធ្វើ​តាម​ការ​សន្យា​នោះទេ។ថ្ងៃ​នេះ ខ្ញុំ​នឹង​ធ្វើ​ទៅតាម​ការ​សន្យា​នោះ។

ក្នុង​ឆ្នាំ​១៩៩៥ ​សភា​សហរដ្ឋ​អាមេរិកបាន​ស្នើរ​ឲ្យ​រើ​ស្ថាន​ទូតសហរដ្ឋ​អាមេរិក​ពី​ទីក្រុងTel Aviv ​ទៅ​កាន់​ទីក្រុង Jerusalem ​ក៏ប៉ុន្តែ ​ចាប់​តាំង​ពី​នោះ​មក ប្រធានា​ធិបតី​បាន​ចុះ​ហត្ថលេខាលើកពេលរយៈ​ពេល​៦ខែម្តងហើយ​ម្តងទៀត។

ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​និយាយ​ថា៖ «​យើង​មិនអាច​ដោះស្រាយ​បញ្ហា​របស់​យើង​ដោយ​ធ្វើ​ការ​សន្មត់មិនបាន​ទទួល​ជោគ​ជ័យ​ហើយ​នឹង​យុទ្ធសាស្រ្ត​បរាជ័យ​ដដែល​ៗកាល​ពី​អតីតកាល​នោះទេ។បញ្ហា​ចាស់​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ថ្មី​‍»។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​បន្ថែម​ទៀត​ថា ​ការ​សម្រេច​របស់​លោកបាន​ស្ថិត​ក្នុង​ផល​ប្រយោជន៍​ដ៏​ល្អបំផុត​របស់​សហរដ្ឋ​អាមេរិកនិងដើម្បី​ស្វែងរក​សន្តិ ភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

លោក​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល​បាន​សម្តែង​នូវការ​ដឹងគុណ។លោក​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu ​បាន​ថ្លែង​ថា៖ «​ខ្ញុំ​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ដែល​ស្វះស្វែង​រក​សន្តិភាពឲ្យ​ចូល​រួម​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ទទួលស្គាល់​ទីក្រុងJerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ហើយ​នឹង​រើ​ស្ថាន​ទូត​របស់​ខ្លួន​ទៅកាន់​ទី​នោះ‍»។

ក៏ប៉ុន្តែ ​ពួកមេដឹកនាំ​ប៉ាឡេស្ទីន​បាន​ចោទ​ប្រកាន់​ប្រធានា​ធិបតី​ត្រាំពីការ​បំផ្លាញដំណោះ​ស្រាយ​បង្កើត​រដ្ឋ២។លោកSaeb Erekat អគ្គលេខាធិការ​គណៈកម្មា​ធិ ការ​នីតិ​ប្រតិបត្តិ​របស់​អង្គការ​រំដោះ​ជាតិ​ប៉ាឡេ​ស្ទីន(PLO)បាន​និយាយថា៖«​វិធាន ការ​នេះ​ជាការវិនិច្ឆ័យ​មុន ការ​បញ្ជាបិទទ្វាការ​ចរចា​សម្ងាត់។​ហើយ​ខ្ញុំ​គិតថា លោក​ប្រធានា​ធិបតី​ត្រាំ​នៅ​យប់​នេះ បាន​ដកសិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ដើរតួនាទី​ណា​មួយ​ក្នុង​ដំណើរការ​សន្តិភាព‍»។

ក្នុង​សុន្ទរកថា​របស់​លោក ​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​និយាយថា ​ការ​ប្រកាស​របស់​លោក​នឹង​បណ្តាល​ឲ្យ​មានការ​ខ្វែងគំនិត​និង​ការជំទាស់​ប្រ​ឆាំង​។ ​កំណត់​សម្គាល់នេះបាន​បង្ហាញ​នូវ​ភាពត្រឹម​ត្រូវ​យ៉ាង​ឆាប់​រហ័ស។ ប្រធានា​ធិប តី Recep Teyyip Erdogan នៃ​ប្រទេស​តួកគី​បាន​ថ្លែងថា៖ «មិនមាន​ជន​ណា​ម្នាក់​មាន​សិទ្ធិលេងសើច​ជោគវាសនារបស់​មនុស្ស​រាប់​ពាន់លាន​នាក់​ដើម្បី​ប្រយោជន៍​មហិច្ឆិតា​បុគ្គល​ម្នាក់​នោះ​ទេ។ការ​លេងសើច​នេះ​ដូចបើកដៃឲ្យ​អង្គការ​ភេរវ​ជន‍»។ សម្តេច​រ៉ូម៉ាំង​កាតូលិក​ប៉ាប Francisបាន​ថ្លែ​ងថា៖ «ខ្ញុំ​ធ្វើ​ការអំពាវ​នាវ​អស់​ពី​ចិត្ត​ថ្លើម​ដល់​មនុស្ស​ទាំងអស់​ឲ្យ​តាំងចិត្ត​គោរព​ឋានៈតាម​ផ្លូវច្បាប់​របស់​ទីក្រុង Jerusalem ដោយ​អនុវត្តន៍​ទៅតាម​សេចក្តី​សម្រេច​ចិត្តដ៏​សក្តិសម​របស់​អង្គការ​សហ​ប្រជាជាតិ‍»។

​ថ្វី​បើមានការ​រិះគន់​បណ្តាល​មក​ពី​ការ​ប្រកាស​របស់​ប្រធានា​ធិបតី​ត្រាំនេះ ​មិន​មាន​ការរើទីតាំង​ថ្មី​របស់​ស្ថាន​ទូត​ពី​ទីក្រុង Tel Avivទេ។​ ពួកមន្រ្តីរបស់​រដ្ឋបាលប្រធានា​ធិបតី​ត្រាំ​និយាយថា ​ការ​ជ្រើសរើស​ទី​កន្លែង​នោះ​តម្រូវ​ទៅតាមលក្ខខណ្ឌ​សន្តិសុខ ​ហើយ​ការកសាង​ស្ថាន​ទូត​នោះ​នឹង​ចំណាយ​ពេល​រាប់ឆ្នាំ៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG