ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​៖ ប្រសិន​បើ​រដ្ឋសភា​អនុម័ត​ច្បាប់​ថវិកា​បណ្ដោះអាសន្ន លោក Trump នឹង​ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ


ប្រធានាធិបតី​ត្រាំ​ថ្លែង​នៅ​ក្នុង​ការ​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកក្នុង​បន្ទប់​ Roosevelt នៅ​សេតវិមាន​កាលពី​ថ្ងៃទី០៥ ធ្នូ ២០១៧។
ប្រធានាធិបតី​ត្រាំ​ថ្លែង​នៅ​ក្នុង​ការ​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិកក្នុង​បន្ទប់​ Roosevelt នៅ​សេតវិមាន​កាលពី​ថ្ងៃទី០៥ ធ្នូ ២០១៧។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​កំពុង​លើក​ទឹក​ចិត្ត​សមាជិក​រដ្ឋសភា​នានា​ឲ្យ​អនុម័ត​លើ​ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​មួយ ដែល​អាច​បង្វែង​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​បាន។

សភា​មាន​ពេល​រហូត​ដល់​ថ្ងៃ​សុក្រ​ស្អែក​ក្នុង​ការ​អនុម័ត​លើ​ច្បាប់​ថវិកា សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី ២២ ខែ​ធ្នូ​នេះ។ ប្រសិន​បើ​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត នោះ​ផ្នែក​មួយ​ចំនួន​របស់​រដ្ឋាភិបាល​អាច​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​រហូត​ទាល់​តែ​គម្រោង​ថវិកា​នេះ​ត្រូវ​បាន​អនុម័ត។

សេតវិមាន​បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​លើក​ឡើង​ថា លោក​ប្រធានាធិបតី Donald Trump នឹង​ចុះ​ហត្ថលេខា​លើ​ច្បាប់​ថវិកា​នេះ ប្រសិន​បើ​រដ្ឋសភា​អនុម័ត​ច្បាប់​នេះ។

គម្រោង​បច្ចុប្បន្ន​សម្រាប់​ការ​ចំណាយ​ភាគ​ច្រើន​របស់​រដ្ឋាភិបាល​សហព័ន្ធ​គឺ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ។

ប្រសិនបើ​ច្បាប់​ថវិកា​នេះ​ត្រូវ​បាន​អនុម័ត នោះ​គម្រោង​ចំណាយ​បណ្ដោះ​អាសន្ន​នេះ​នឹង​ពង្រីក​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​កម្រិត​បច្ចុប្បន្ន​នេះ ដោយ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ចំពោះ​គោល​នយោបាយ​អន្តោប្រវេសន៍ ឬ​ក៏​ការ​ចំណាយ​ចំពោះ​វិស័យ​យោធា​នោះ​ទេ។ ហើយ​ការ​អនុម័ត​ច្បាប់​ថវិកា​នេះ​ក៏​នឹង​ផ្គត់ផ្គង់​ការ​ចំណាយ​ដល់​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​កុមារ​រហូត​ដល់​ចុង​ខែ​ធ្នូ​នេះ​ផង​ដែរ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ លោក Trump បាន​ព្រមាន​ថា ការ​បិទ​រដ្ឋាភិបាល​អាច​កើត​ឡើង និង​បាន​បន្ទោស​គណបក្ស​ប្រជាធិបតេយ្យ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ពួកគេ​ទាក់ទិន​នឹង​បញ្ហា​អន្តោប្រវេសន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG