ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានទស្សន៍ទាយថា នឹងមានប្រតិកម្មដ៏ខ្លាំងក្លាចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល ដែលការសម្រេចចិត្តនេះត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថាជាវិធានការគ្រោះថ្នាក់ និងល្ងីល្ងើ។
អត្ថបទបញ្ចេញមតិមួយចំនួនក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានព្រមានថា ការសម្រេចចិត្តនេះអាចបណ្ដាលឲ្យមានការវាយប្រហារភេរវកម្មបន្ថែមទៀតកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាមានភាពប្រេះស្រាំ។
ប្រធានបទនេះត្រូវបានផ្ដោតជាចម្បងបំផុតនៅលើការផ្សាយរបស់ស្ថានីយទូរទស្សន៍ CCTV របស់ចិន ដោយក្នុងនោះសេចក្ដីរាយការណ៍វែងៗនានាបានលើកឡើងពីការប្រឆាំងរបស់ប៉ាឡេស្ទីនចំពោះវិធានការនេះ និងការគាំទ្របន្តិចបន្តួចជាពិសេសពីសំណាក់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅទ្វីបអឺរ៉ុបចំពោះការសម្រេចចិត្តនេះ។
សេចក្ដីរាយការណ៍ទាំងនោះក៏បានលើកឡើងពីអស្ថិរភាព និងភាពស្រពិចស្រពិលដែលអាចកើតឡើងនៅតំបន់មជ្ឈិមបូព៌ាដោយសារវិធានការនេះ៕