ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភា្នក់ងារសារព័ត៌មាន Reuters។
លោក Trump ថាលោកមានការពិភាក្សាដ៏ល្អជាមួយលោក Xi អំពីបញ្ហាជាច្រើនដូចជាពាណិជ្ជកម្ម ថ្នាំញៀនហ្វេនតានីល និង TikTok ជាដើម។
លោក Trump បានបង្ហោះសារមួយតាមបណ្តាញសង្គមអនឡាញរបស់លោកថា៖ «ការជជែកគ្នាតាមទូរស័ព្ទនោះគឺជាការពិភាក្សាដ៏ល្អបំផុតសម្រាប់ទាំងចិននិងទាំងសហរដ្ឋអាមេរិក។ វាជាការរំពឹងទុករបស់ខ្ញុំដែលថាយើងនឹងដោះស្រាយបញ្ហាជាច្រើនជាមួយគ្នានិងចាប់ផ្តើមភ្លាមៗ។ យើងបានពិភាក្សាអំពីជញ្ជីងពាណិជ្ជកម្ម ថ្នាំញៀនហ្វេនតានីល TikTok និងប្រធានបទផ្សេងៗជាច្រើនទៀត»។
លោក Trump ថា៖ «ខ្ញុំនិងលោកប្រធានាធិបតី Xi នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលយើងអាចធ្វើបានដើម្បីធ្វើឲ្យពិភពលោកកាន់តែមានសន្តិភាពនិងសុវត្ថិភាព!»។
រីឯលោក Xi វិញបាននិយាយថា លោកនិងលោក Trump សុទ្ធតែសង្ឃឹមថានឹងចាប់ផ្តើមទំនាក់ទំនងវិជ្ជមានរវាងចិននិងសហរដ្ឋអាមេរិកក្នុងអាណត្តិថ្មីរបស់លោក Trump។ នេះបើយោងតាមសេចក្តីរាយការណ៍កាលពីថ្ងៃសុក្ររបស់ប្រព័ន្ធផ្សព្វផ្សាយ CCTV របស់ចិន។
មេដឹកនាំទាំងពីរបានផ្តល់សារៈសំខាន់ធំធេងដល់ការប្រាស្រ័យទាក់ទងគ្នានិងមានបំណងលើកកម្ពស់ការរីកចម្រើនច្រើនថែមទៀតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។ នេះបើតាមការដកស្រង់សម្តីរបស់លោក Xi ដែលបាននិយាយក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Trump៕
វេទិកាបញ្ចេញមតិ