ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហាសេដ្ឋី​និង​ឥស្សរជន​បរទេស​នានា​នឹងចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក Trump


រូបផ្គុំ​មហាសេដ្ឋី​ដែលនឹង​ចូល​រួម​ពិធីស្បថចូលកាន់តំណែង​របស់​ប្រធានាធិបតី​ Trump នៅ​ថ្ងៃទី​២០ មករា ឆ្នាំ២០២៥។
រូបផ្គុំ​មហាសេដ្ឋី​ដែលនឹង​ចូល​រួម​ពិធីស្បថចូលកាន់តំណែង​របស់​ប្រធានាធិបតី​ Trump នៅ​ថ្ងៃទី​២០ មករា ឆ្នាំ២០២៥។

លោក Elon Musk ដែល​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក​នឹង​ស្ថិត​ក្នុង​ចំណោម​មហា​សេដ្ឋី​ជាច្រើន​នាក់​ដែល​នឹង​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​លើកទី២​របស់​លោក​ Donald Trump។ នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក​ Musk ជាអ្នកជួយ​ជ្រោមជ្រែង​ដល់​ការជាប់ឆ្នោត​ម្តងទៀត​របស់​លោក Trump ដោយ​លោក​បាន​ជួយ​ថវិកា​ប្រមាណ​២៥០លានដុល្លារ​ដល់​យុទ្ធនាការ​លោក Trump។ នេះ​បើយោង​តាម​ទស្សនាវដ្តី Forbes។ លោក Musk នឹង​ដឹកនាំ​ក្រសួង​ប្រសិទ្ធភាព​រដ្ឋាភិបាល​ជាមួយ​លោក Vivek Ramaswamy ដែល​ជាសហគ្រិន​ជីវៈបច្ចេវិទ្យា។

សេចក្តីរាយការណ៍​ថា​លោក Musk នឹង​អង្គុយ​នៅ​ក្បែរ​ប្រធាន​ក្រុមហ៊ុនAmazon លោក Jeff Bezos និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន Meta លោក Mark Zuckerberg។

ខណៈ​ដែល​មិនមែនជា​ទម្លាប់​ក្នុងការ​អញ្ជើញ​មេដឹកនាំ​បរទេស​នោះ លោកTrump បាន​អញ្ជើញ​មេដឹកនាំ​បរទេស​ជាច្រើន។ ប្រធានាធិបតី​ប្រទេស​អាហ្សង់ទីន​លោក Javier Milei ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អញ្ជើញ​ចូលរួម។ នេះបើ​យោងតាម​កាសែត Bloomberg។ លោក Milei ជា​មេដឹកនាំ​បរទេស​មុន​គេដែល​ជួបលោក Trump ក្រោយ​លោក​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា។ លោក Trump ក៏អញ្ជើញ​ប្រធានាធិបតីចិន​លោក Xi Jinping ដែល​នឹង​បញ្ជូន​ប្រេសិត​មក​ចូលរួម​ជំនួស។ នាយក​រដ្ឋមន្ត្រី​ស្តាំ​និយម​អ៊ីតាលី​អ្នកស្រី Giorgia Meloni ក៏បាន​ទទួល​លិខិត​អញ្ជើញ ប៉ុន្តែ​អ្នកស្រីថា​អ្នក ស្រី​មិនទាន់ច្បាស់​ថា​អ្នកស្រី​មាន​ពេល​ឆ្លៀតចូលរួម​បាន​ឬទេ។

វា​ជា​ប្រពៃណី​មួយ​ដែល​ប្រធានាធិបតី​នៅ​មាន​ជីវិតចូលរួម​ពិធី​ស្បថចូល​កាន់​តំណែង​នេះ។ លោក​ប្រធានាធិបតី Joe Biden ដែល​ជិត​ចប់​អាណត្តិ​និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Jill Biden នឹង​ចូលរួម​ពិធី​ថ្ងៃ​ចន្ទ​ក្រោយ​នេះ។ នៅពេល​លោក Biden ស្បថ​ចូល​កាន់តំណែង​កាលពី៤ឆ្នាំ​មុន ក្រោយលោក Trump ចាញ់​ឆ្នោត​នៅពេល​នោះ លោក Trump មិន​បាន​ចូលរួម​នោះ​ទេ​ ព្រោះ​លោក​ជឿ​ថា​លោក​បានឈ្នះ​ការបោះ​ឆ្នោត​នាពេល​នោះ។

អតីត​ប្រធានាធិបតី​លោក Barack Obama លោក George W. Bush និង​លោកBill Clinton ក៏​នឹងចូលរួម​ពិធី​ស្បថ​ចូលកាន់តំណែង​របស់​លោក Trump ផង​ដែរ។ លោក Bush និង​លោក Clinton នឹង​ចូលរួម​ជាមួយ​ភរិយា​របស់​ពួក​អស់លោក​គឺលោកស្រី Laura Bush និងលោកស្រី Hillary Clinton។

ការិយាល័យ​របស់​លោក Barack Obama និង​លោកស្រី Michelle Obama បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖«អតីតភរិយា​ប្រធានាធិបតី​លោកស្រី Michelle Obama នឹង​មិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ​ទេ»។ វា​នឹង​កា្លយ​ជា​លើកទី២​ហើយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​ដែល​លោក​ស្រី​មិនបាន​ចូលរួម​ពិធី​សាធារណៈ​ជាមួយ​អតីត​ប្រធានាធិបតី​និង​ភរិយា​របស់​ពួកគេ ក្រោយ​លោក​ស្រី​អវត្តមាន​ក្នុង​ពិធី​បុណ្យ​សព​លោក​អតីត​ប្រធានាធិបតី Jimmy Carter។

លោកស្រី​អនុ​ប្រធានាធិបតី Kamala Harris និង​ស្វាមី​គឺលោក Douglas Emhoff ក៏​ត្រូវ​គេរំពឹង​ថា​នឹង​ចូលរួម​ក្នុង​ពិធី​នៅ​ថ្ងៃចន្ទ​ផងដែរ។ លោកស្រី Harris ជា​បេក្ខជន​ប្រធានា ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​មុន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG